ក្រុង​ប្រាក៖ ក្លិប​ Barcelona នឹង​ស្វែងរក​ជ័យ​ជម្នះ​ជាប់ៗ​គ្នា​លើក​ទី ​៦ ​របស់​ខ្លួន​នៅ​ពេល​ពួក​គេ​ប្រកួត​ជាមួយ​ក្រុម Slavia Prague ក្នុង​ក្របខ័ណ្ឌ Champions League ដែល​ជា​ជំនួប​លើក​ដំបូង​មិន​ធ្លាប់​មាន​នៅ​យប់​ថ្ងៃ​ពុធ​នេះ​។​

ក្រុម​របស់​លោក Ernesto Valverde គ្រូ​បង្វឹក​ក្លិប​ Barcelona ទើប​បាន​ឈ្នះ​ក្រុម Eibar ​ក្នុង​លទ្ធ​ផល ​៣-០ ​កាល​ពី​ថ្ងៃ​សៅរ៍​ ជាមួយ​គ្រាប់​បាល់​ដែល​រក​បាន​ដោយ​កីឡាករ​ Lionel Messi, ​Luis Suarez ​និង​ Antoine Griezmann​។

ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ប្រជែង​លើក​ទី ​៥ ​របស់​ពួក​គេ​រួម​ទាំង​ជ័យ​ជម្នះ ​២-​១ ​ទៅ​លើ​ក្រុម​ Inter​ Milan​ ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​​សម្រាប់​​​ក្របខ័ណ្ឌ ​Champions ​League​ ដែរ​​នោះ​ បាន​ធ្វើ​ឲ្យ​ពួក​គេ​ឈរ​នៅ​លើ​កំពូល​តារាង​ក្របខ័ណ្ឌ​អេស្ប៉ាញ​ La Liga ដោយ​នាំ​មុខ ​១ ​ពិន្ទុ ​ទៅ​លើ​ក្រុម Real​ Madrid​ របស់​លោក Zidane។

កាល​ពី​សប្តាហ៍​មុន​ ក្លិប​​ធំ​ទាំង ​២ ​នៅ​ប្រទេស ​អេស្ប៉ាញ ​​នេះ​បាន​​ព្រមព្រៀង​គ្នា​ធ្វើ​ការ​ពន្យារពេល​ការ​ប្រកួត​ពាន​រង្វាន់​ Clasico ដោយសារ​មាន​បញ្ហា​​ចលាចល​មួយ​ពាក់ព័ន្ធ​នឹង​ការ​​ប្រកួត​លីក​កំពូល​នេះ​​នៅ​តំបន់​ Catalonia ប្រទេស ​អេស្ប៉ាញ ដោយ​​លើក​ពេល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ទៅ​ធ្វើ​ការ​ប្រកួត​នៅ​ខែ​ធ្នូ​វិញ​។

ចំណែក​ក្លិប​ Slavia ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​សាធារណ​រដ្ឋ​ឆែក​ ​ទើប​តែ​បាន​ត្រឡប់​មក​ពី​ការ​រក​គ្រាប់​បាល់​ដោយ​បាន​​​ឈ្នះ​ក្រុម​​ Pribram ​៣-១ ​កាល​ពី​ថ្ងៃ​សៅរ៍​ផង​ដែរ ​ដើម្បី​​បន្ត​នាំ​​មុខ​ក្រុម​ផ្សេងៗ​ទៀត ​៦ ​ពិន្ទុ ​នៅ​ក្របខ័ណ្ឌ​កំពូល​របស់​សាធារណរដ្ឋ​​ឆែក​​។

ដោយ​ទើប​តែ​ប្រកួត​បាន​ ២ លើក​នោះ ក្រុម​ Barcelona ​ឥឡូវ​នេះ​ឈរ​នៅ​លេខ​ ២ នៃ​ពូល​ F ក្នុង​ក្របខ័ណ្ឌ​ Champions​ League ដោយ​មាន ​៤ ​ពិន្ទុ ​ក្រោយ​ពី​បាន​ឈ្នះ​​ក្រុម​ AC ​Milan និង​លទ្ធផល​សូន្យ​ស្មើ​គ្នា​ជាមួយ​ក្រុម​ Dortmund ​ដែល​ឈរ​នៅ​លើ​កំពូល​តារាង​ក្នុង​ពូល​នេះ ​ដោយ​ខុស​គ្នា​តែ ​១ ​គ្រាប់​ប៉ុណ្ណោះ។

ចំណែក​ឯ​ក្រុម Slavia វិញ ​គឺ​ពួក​​គេ​ឈរ​នៅ​បាត​តារាង​មាន​តែ ​១ ​ពិន្ទុ​គត់ ​ក្រោយ​ពី​ប្រកួត​ស្មើ​គ្នា​ ១-១ ជាមួយ​ក្រុម​ Inter ក្នុង​ទីក្រុង​មីឡាន​​ប្រទេស ​អ៊ីតាលី​ និង​ចាញ់​ក្រុម​ Dortmund ២-០ ក្នុង​ទឹក​ដី​ខ្លួន​ឯង​។​

ក្រុម Barcelona បាន​ធូរ​ស្បើយ​ពី​ទម្រង់​លេង​របស់​ពួក​គេ​បន្ទាប់​ពី​បាន​ប្រកួត​ឈ្នះ​ក្រុម​ Eibar រួច​ហើយ ​ប៉ុន្តែ​ពេល​នេះ​ពួក​គេ​កំពុង​បារម្ភ​ពី​ការ​ប្រកួត​ជាមួយ​ក្រុម​ Slavia។​

កីឡាករ​ Griezman បាន​និយាយ​ក្រោយ​ពី​ការ​ប្រកួត​នេះ​ថា៖ «យើង​នឹង​មាន​ថ្ងៃ​ល្អ ​ឬ​អាក្រក់​បំផុត​ ប៉ុន្តែ​យើង​នឹង​ស្គាល់​ចិត្ត​គ្នា​បន្តិច​ម្ដងៗ​ ហើយ​យើង​នឹង​ស្គាល់​គ្នា​កាន់​ខ្លាំង​ថែម​ទៀត​នៅ​ពេល​ប្រកួត​គ្នា​»។​

ចំណែក​លោក Valverde គ្រូ​បង្វឹក​ក្លិប​ Barcelona បាន​និយាយ​ថា៖ ​«​កីឡាករ​ឆ្នើម​តែងតែ​យល់​ចិត្ត​គ្នា ​និង​តែងតែ​ជួប​គ្នា​ ហើយ​ទីបំផុត​គឺ​មាន​តែ​ពេល​វេលា​ និង​ការ​ប្រកួត​ទេ​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​ស្គាល់​គ្នា​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​​​»។​

នៅ​ក្នុង​ជំនួប​នៅ​រាត្រី​​ថ្ងៃ​ពុធ​នេះ​ ក្រុម​ Slavia កំពុង​បង្កើន​ទំនុក​ចិត្ត​ដោយ​គ្រូ​បង្វឹក​លោក Jindrich Trpisovsky បាន​ដាក់​សម្ពាធ​ឲ្យ​កូន​ក្រុម​ខិតខំ​បង្កើន​ការ​ហ្វឹក​ហាត់​ឲ្យ​បាន​កាន់​តែ​ខ្លាំង​​។​

កាល​ពី​រដូវកាល​មុន​ ក្លិប​នេះ​បាន​ទម្លាក់​ក្រុម Sevilla ចេញ​ពី​ការ​ប្រកួត​ពាន​អឺរ៉ុប ​មុន​ពេល​ពួក​គេ​ត្រូវ​បាន​ទម្លាក់​វិញ​ដោយ​ក្រុម​ Chelsea នៅ​វគ្គ ​៨ ​ក្រុម​ចុង​ក្រោយ​។​​

ខ្សែ​បម្រើ​ការពារ​ Tomas Soucek ជា​ប្រធាន​ក្រុម​ Slavia បាន​និយាយ​ថា៖ «​យើង​នឹង​ទៅ​ទីលាន​ប្រកួត​ដោយ​ដឹង​ថា យើង​អាច​ជោគជ័យ​»។​

ចំណែក​​អ្នក​ចាំទី​ Ondrej Kolar ​នៅ​​ក្លិប Slavia បាន​បន្ថែម​ថា៖ «​យើង​ចង់​បាន​យ៉ាង​ហោច ​១ ​ពិន្ទុ ​​នៅ​ពេល​​យើង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ធំ​មួយ​នេះ​​ ហើយ​ខ្ញុំ​ជឿ​ថា យើង​នឹង​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​ពេលវេលា​ដ៏​លំបាក​មួយ​នៅ​ក្នុង​ទឹក​ដី​របស់​យើង​នេះ​»៕ AFP/NS