ក្រុងវ៉ាស៊ីងតោនៈ កីឡាការិនី​វាយ​កូន​បាល់​អូស្ត្រាលី​ Ashleigh Barty ដែល​មាន​យុទ្ធនាការ​​ឆ្នាំ​ ២០១៩ ​​ដ៏​អស្ចារ្យ​​ជា​មួយ​ការ​គ្រង​តំណែង​ជើង​ឯក​ពាន​រង្វាន់ French Open និង​ចំណាត់​ថ្នាក់​លេខ​ ១​ ពិភព​លោក​នេះ​​​បាន​ទទួល​ពាន​រង្វាន់​​កីឡាករ​ឆ្នើម​​ប្រចាំ​ឆ្នាំ​​ ២០១៩​ ពី​​សមា​គម​វាយ​កូន​បាល់​ពិភព​លោក​ (WTA) កាល​ពី​ថ្ងៃ​ពុធ។​

Barty គឺ​ជា​កីឡាការិនី​អូស្ត្រាលី​លើក​ទី​១​ដែលទទួល​​បាន​ចំណាត់​ថ្នាក់​លេខ ​១ ​ផ្នែក​វាយ​កូន​បាល់​នារី​​តាំង​ពី​អតីត​កីឡាការិនី​ Evenne Goolagong Cawley ធ្លាប់​បាន​បែប​នេះ​នៅ​ឆ្នាំ​ ១៩៧៦​ ហើយ​រូប​នាង​បាន​ទទួល​ពាន​រង្វាន់​នេះ​ជា​មួយ​សំឡេង​គាំទ្រ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ចំនួន​ ៨២​ ភាគរយ​។​

យុទ្ធ​នាការ​នេះ​ត្រូវ​បាន​បញ្ចប់​យ៉ាង​ស័ក្តិ​សម​បំផុត​ដោយ​បាន​ឃើញកីឡាការិនី​ Barty ​ឈ្នះ​ពាន​រង្វាន់​ Grand Slam ​ជា​លើក​ដំបូង​របស់​រូប​នាង​នៅ​​កីឡដ្ឋាន ​Roland Garros ប្រទេស​ បារាំង​។

ពាន​រង្វាន់​ចំនួន​​៤​របស់​កីឡាការិនី​ Barty ​សម្រាប់​ឆ្នាំ​ ២០១៩​ នេះ ​បាន​​រួម​បញ្ចូល​ទាំង​ពាន​រង្វាន់​ WTA Finals ដ៏​អស្ចារ្យ​ដែល​បាន​ធ្វើ​ឲ្យ​​រូប​នាង​ជាប់​ចំណាត់​ថ្នាក់​ជា​កីឡាការិនី​ឆ្នើម​នៅ​ចុង​ឆ្នាំ​នេះផង​ដែរ​។​

កីឡាការិនី Barty ដែល​បាន​ធ្វើ​ដំណើរ​ចូល​រួម​ប្រកួត​ជា​មួយ​ជ័យ​ជម្នះ​៥៧​លើក​នោះ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១​​ កាល​ពី​ខែ​កញ្ញា​ និង​បាន​បញ្ចប់​រដូវ​កាល​នេះ​ជា​មួយ​ពិន្ទុ​ជិត​ ២០០០​ ដោយ​នាំ​មុខ​កីឡាការិនី Karolina Pliskova ដែល​ជាប់​ចំណាត់​ថ្នាក់​ទី​ ២​។​

កីឡាការិនី​អូស្ត្រាលី​វ័យ​ ២៣​ ឆ្នាំ​រូប​នេះ ​បាន​ចាប់​ផ្ដើម​រដូវ​កាល​នេះ​ជា​មួយ​​ចំណាត់​ថ្នាក់​លេខ​ ១៥​ នៅ​ក្នុង​ពិភព​លោក​។​

ស្រប​ពេល​នោះ​ដែរ​គ្រូ​បង្វឹក​របស់​កីឡាការិនី Barty គឺ​លោក Craig Tyzzer ក៏​ទទួល​​បាន​ពាន​រង្វាន់​គ្រូ​បង្វឹក​វាយ​កូន​បាល់​ឆ្នើម​ប្រចាំ​ឆ្នាំ​ ២០១៩ ​​របស់​សមា​គម​វាយ​កូន​បាល់​ពិភព​លោក​នេះ​​ផង​ដែរ​។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​សម្រាប់​ពាន​រង្វាន់​នេះ​ កីឡាការិនី Barty បាន​ទទួល​សំឡេង​គាំទ្រ​ច្រើន​ជាង​កីឡាការិនី​ផ្សេង​ទៀតដូច​ជា​​ម្ចាស់​ជើង​ឯក​ Grand Slam គឺ​កីឡាការិនី​កាណាដា​ Bianca Andreescu កីឡាការិនី រ៉ូម៉ានី​ Simona Halep និង​កីឡាការិនី​ជប៉ុន​ Naomi Osaka៕ AFP/SN