ក្រុង​ប៊ែ​រ​ឡាំង: ក្រុម​ឡើង​ទម្រង់​លេង​វិញ Bayern Munich នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​ក្រុម Ajax សម្រាប់​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ចែក​ពូល នៅ​រាត្រី​នេះ ដោយ​មាន​ភាព​ច្បាស់​លាស់​រវាង​កីឡាករ​ជម្រើស​ដំបូង និង​បម្រុង​ក្នុង​ក្រុម​ប្រជុំ​ដោយ​តារា​ឆ្នើមៗ​មួយ​នេះ ក្រោយ​ពី​ការ​សម្រេច​ចិត្ត​របស់​លោក Niko Kovac ក្នុង​ការ​បញ្ចប់​ការ​ផ្លាស់ប្តូរ​កីឡាករ​ចុះ​ឡើង។

ស្រប​ពេល Bayern បាន​ឈ្នះ​រាល់​ការ​ប្រកួត ៣ លើក​ចុង​ក្រោយ​របស់​ពួកគេ ក្រោយ​ពី​បាន​យក​ឈ្នះ​លើ​ក្រុម Nuremberg ៣-០ កាល​ពី​ថ្ងៃ​សៅរ៍​នោះ Leon Goretzka ដែល​បច្ចុប្បន្ន​បង្ហាញ​ខ្លួន​ជា​ទៀង​ទាត់​ក្នុង​តំបន់​បម្រើ​កណ្តាល រួម​ជាមួយ​នឹង Joshua Kimmich បាន​ឲ្យ​ដឹង​ថា៖ «យើង​ចង់​រក្សា​ការ​ធ្វើ​ដំណើរ​ទៅ​មុខ​ជានិច្ច»។

កីឡាករ​រូបនេះ​បាន​បន្ថែមទៀតថា៖ «បច្ចុប្បន្ន យើង​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង Amsterdam និង​ចង់​បញ្ចប់​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​ពូល ដែល​ពិត​ជា​សំខាន់​ណាស់​សម្រាប់​យើង»។

Bayern ត្រូវការ​ត្រឹមតែ ១ ពិន្ទុ​គត់​នៅ​កីឡដ្ឋាន Johan Cruyff Arena របស់​ក្រុម Ajax ដើម្បី​បញ្ចប់​ដោយ​ឈរ​លេខ ១ ក្នុង​ពូល E ស្រប​ពេល​ដែល​ក្រុម​យក្ស​របស់​អាល្លឺម៉ង់​មួយ​នេះ កំពុង​តែ​នាំមុខ​លើ​កំពូល​តារាង ដោយ​នាំមុខ ២ ពិន្ទុ​ដាច់​លើ​គូ​ប្រជែង​ហូឡង់​របស់​ពួកគេ​ហើយ​ក្រុម​ទាំង ២ បាន​ឈ្នះ​កៅអី​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​រួច​ជាស្រេច។

ការដណ្តើម​បាន​ជ័យជម្នះ ៥-១ លើ​ក្រុម Benfica នៅ​កីឡដ្ឋាន Allianz Arena កាល​ពី ២ សប្តាហ៍​មុន ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Robert Lewandowski និង Arjen Robben សុទ្ធ​សឹង​បាន​ស៊ុត​បាល់​បញ្ចូល​ទី ២ គ្រាប់​ដូច​គ្នា ដើម្បី​បញ្ចប់​លទ្ធផល​ដ៏​ត្រដាប​ត្រដួស​នៅ​ក្នុង​ខែ​តុលា និង​វិច្ឆិកា ដែល​បាន​ធ្វើ​ឲ្យ​ក្រុម Bayern ដាំ​ក្បាល​ចុះ​ក្រោម​នៅ​លើ​តារាង​នៃ​ក្របខ័ណ្ឌ Bundesliga។

បច្ចុប្បន្ន ក្រុម Bayern បាន​ឡើងទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ ៣ នៅលើ​តារាង​ក្របខ័ណ្ឌ​លីក​វិញ ហើយ​លោក​គ្រូបង្វឹក Kovac បាន​ធ្វើការ​ប្រថុយ​ប្រថាន​មួយ តាមរយៈ​ការ​ផ្លាស់ប្តូរ​កីឡាករ​ចុះ​ឡើង​ដើម្បី​លុប​ចោល​ទស្សនៈ​នៃ​ការ​ពឹង​ផ្អែក​ទៅ​លើ​តែ​កីឡាករ​ឆ្នើមៗ ខណៈ​ដែល​តារា​ឆ្នើមៗ​ជាច្រើន​បាន​ស្ថិត​ជា​កីឡាករ​បម្រុង។

លោក Kovac បាន​ពន្យល់ថា៖ «ភាពស៊ីចង្វាក់​គ្នា​គឺ​ស្ថិតនៅ​ត្រង់ចំណុច​នោះ។ កីឡាករ​កំពុង​សម្រប​ខ្លួន ដែល​នោះ​ជា​មូល​ហេតុ​ដែល​យើង​មិន​ចង់​ផ្លាស់​ប្តូរ​អ្វី​ទាំង​អស់»។

ការសម្រេចចិត្ត​របស់​លោក​បង្កើត​ឲ្យ​មាន​អ្នកឈ្នះ និង​អ្នកចាញ់។ សមាជិក​ឈ្នះ​ពាន World Cup ដូចជា​ខ្សែ​ការពារ​អន្តរជាតិ​អាល្លឺម៉ង់ Mats Hummels និង​ខ្សែ​បម្រើ​អន្តរជាតិ អេស្ប៉ាញ Javi Martinez បាន​ស្ថិត​ជា​កីឡាករ​បម្រុង​នៅ​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម Nuremberg រួម​ជាមួយ​នឹង​កីឡាករ Renato Sanches សមាជិក​ឈ្នះ​ពាន Euro ឆ្នាំ ២០១៦។

Martinez និង Sanches បាន​ជួប​ការ​ប្រជែង​ជាមួយនឹង​កីឡាករ Kimmich និង Goretzka ដែល​មាន​វ័យ ២៣ ឆ្នាំ​ដូចគ្នា និង​បាន​ស៊ុត​បាល់​ប៉ះ​របារ​ទី​ដូចគ្នា​ក្នុង​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម Nuremberg៕

Plzen v Roma-12:55អធាត្រ

Real v CSK-12:55អធាត្រ

Ajax v Bayern Munich-3ទៀបភ្លឺ

Benfica v AEK Athens-3ទៀបភ្លឺ

Man City v Hoffenheim-3ទៀបភ្លឺ

Shakhtar v Lyon-3ទៀបភ្លឺ

Valencia v Man Utd-3ទៀបភ្លឺ

Young Boys v Juventus-3ទៀបភ្លឺ៕