ក្រុងប៊ែរឡាំងៈ ប្រធាន​ក្លិប Bayern Munich លោក Uli Hoeness បាន​និយាយ​បន្ធូរបន្ថយ​ស្ថានភាព​នៃ​ឱកាស​ចុះ​កុងត្រា​ទិញ​ខ្សែបម្រើ Leroy Sane ពី​ក្លិប Man City ដោយ​អះអាង​ថា​តម្លៃ​ខ្លួន​សម្រាប់​ការនាំមក​កីឡាករ​វ័យ​ ២៣ ​ឆ្នាំ​នេះ​ទៅលេង​នៅ​ក្លិប Bayern Munich គឺ​ថ្លៃ​ខ្លាំងពេក​។

កីឡាករ Sane នៅ​មិន​ទាន់​បន្ត​កុងត្រា​របស់​គាត់​ជាមួយ​ក្លិប Man City នៅឡើយ​ទេ​ចំពេល​មាន​ពាក្យ​ចចាមអារ៉ាម​ថា គាត់​នឹង​ចុះ​កុងត្រា​ទៅលេង​នៅ​ក្លិប Bayern ដែល​ទើប​តែ​គ្រង​ជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ​អាល្លឺម៉ង់ Bundesliga ថ្មីៗ​នេះ​។

ប៉ុន្តែ​លោក Hoeness បាន​ប្រាប់​ទស្សនាវដ្ដី Kicker ពី​ថ្ងៃ​ចន្ទ​ថា គាត់​គិត​ថា ក្រុម Bayern Munich ទំនង​ជា​មិន​ធានា​ឲ្យ​មាន​ការចុះ​កុងត្រា​ជាមួយ​កីឡាករ Sane នេះ​ទេ​។

គាត់​បាន​និយាយ​ថា​៖ «​ខ្ញុំ​នៅ​មាន​មន្ទិលសង្ស័យ​បនិ្តចបន្តួច​ដែល​វា​ទំនង​ជា​ថា វា​នឹង​មិន​អាច​ទៅ​រួច​ទេ ខណៈ​យើង​កំពុង​ជជែក​ពី​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​នោះ​មាន​ចំនួន​ច្រើនពេក​»​។

កាលពី​សប្ដាហ៍​មុន​កាសែត The Guardian បាន​រាយការណ៍​ថា ក្រុម Man City បាន​បដិសេធ​ការចរចា​របស់​ក្លិប Bayern ដែល​សុំ​ផ្ដល់​តម្លៃ​ខ្លួន​សម្រាប់​កីឡាករ​នេះ​ចំនួន​ជាង​ ៨០ ​លាន​អឺរ៉ូ​ស្មើ​នឹង​ ៨៩,៥ ​លាន​ដុល្លារ​អាមេរិក​។

ក្លិប Bayern បាន​ចំណាយ​ប្រាក់​ចំនួន​ ៨០ ​លាន​អឺរ៉ូ​ដើម្បី​ទិញ​យក​ខ្សែការពារ​សញ្ជាតិ​បារាំង Lucas Hernandez នៅ​ដើម​ឆ្នាំ​នេះ ហើយ​នេះ​ជា​ចំនួន​ទឹកប្រាក់​ច្រើន​បំផុត​ដែល​លោក Hoeness បាន​អះអាង​ថា​នឹង​មិន​ធ្វើឲ្យ​ខូចអនាគត​ដ៏ខ្លី​ខាង​មុខ​នេះ​ទេ​។

កុងត្រា​បច្ចុប្បន្ន​របស់​កីឡាករ Sane នឹង​មាន​រយៈពេល​រហូត​ដល់​ឆ្នាំ​ ២០២១ ហើយ​គ្រូបង្វឹក​ក្លិប Man City លោក Pep Guardiola បាន​និយាយ​ថា ក្លិប​នេះ​ចង់​បន្ត​កុងត្រា​ដល់​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​ជា​បន្ត​ទៀត​។

ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ កីឡាករ​ឆ្នើមៗ​មួយ​ចំនួន​នៅក្នុង​វិស័យ​បាល់ទាត់​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​ជំរុញ​ឲ្យ​ក្រុម Bayern ចុះ​កុងត្រា​ទិញ​យក Sane ឲ្យ​មក​ចូល​លេង​ជាមួយ​ពួកគេ​។

វីរបុរស​បាល់ទាត់​ក្នុង​ក្រុម Bayern លោក Lothar Mattaeus បាន​អះអាង​ថា គាត់​ហ៊ាន​ធានា​ថា​ការដោះដូរ​សម្រាប់​កីឡាករ​នេះ​នឹង​កើតឡើង​ជា​មិន​ខាន ហើយ​គ្រូបង្វឹក​ជម្រើសជាតិ​អាល្លឺម៉ង់​លោក Joachim Loew បាន​និយាយ​ថា ការដោះដូរ​នេះ​នឹង​ល្អ​សម្រាប់​គាត់ និង​ល្អ​សម្រាប់​យើង​ផង​ដែរ​»៕ SN