ក្រុង​ឡុងដ៍៖ កីឡាករ​ Bernardo Silva រក​បាន ​៣ ​គ្រាប់​តែ​ម្នាក់​ឯង ​ខណៈ​ក្រុម Man City បាន​ទទួល​​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​ក្របខ័ណ្ឌ​ Premier League ជាមួយ​ជ័យ​ជម្នះ​ ៨-០ ទៅ​លើ​ក្រុម Watford កាល​ពី​ថ្ងៃ​សៅរ៍​។​

កីឡាករ​ Bernado បាន​ទទួល​ស្គាល់​ថា ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​​របស់​​​ក្រុម​ Man City ដឹកនាំ​ដោយ​លោក Pep Guardiola ទៅ​លើ​ក្រុម Watford នេះ​ បាន​កើត​ឡើង​ដោយសារ​ពួក​គេ​ខឹង​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​​ចាញ់​ក្រុម Norwich ៣-២ កាល​ពី​សប្ដាហ៍​មុន​។

ជ័យ​ជម្នះ​នេះ ​គឺ​ជា​ស្នាដៃ​របស់​កីឡាករ​ Bernado រក​បាន ៣ ​គ្រាប់​ កីឡាករ Aguero រកបាន ​១ ​គ្រាប់ កីឡាករ​ David បាន ​១ ​គ្រាប់​ កីឡាករ Nicolas បាន ​១ ​គ្រាប់​ដែរ​ ហើយ​ ​១ ​គ្រាប់​ទៀត ​ដោយ​កីឡាករ​ Mahrez និង ​១ ​គ្រាប់​ចុង​ក្រោយ ​ដោយ​កីឡាករ​ De Bruyne ក្នុង​ការ​ប្រកួត​នៅ​កីឡដ្ឋាន​ Etihad របស់​ក្រុម Man City។​​ ​

អ្វី​ដែល​មិន​គួរ​ឱ្យ​ជឿ​នោះ​គឺ​ថា វា​អាច​កាន់​តែ​​អាក្រក់​​ទៅ​ទៀត​សម្រាប់​ Watford ដែល​គ្មាន​បាន ​១ ​គ្រាប់ ​ទាល់​តែ​សោះ​ ខណៈ​ក្រុម Man City និង​កីឡាករ​ Sergio Aguero បាន​​ខ្ជះខ្ជាយ​ឱកាស​ជា​ច្រើន​ក្នុង​ការ​ដណ្ដើម​​កំណត់ត្រា​របស់​ក្រុម​ Manchester​ Utd​ ដែល​ធ្លាប់​បាន​ឈ្នះ​​ ៩-០​ នៅ​ក្នុង​ក្របខ័ណ្ឌ Premier League។

កីឡាករ Bernado បាន​និយាយ​ថា៖ «​យើង​មិន​គួរ​ឲ្យ​ជឿ​សោះ​ថា នៅ​ក្នុង​រយៈពេល ​៣០ ​នាទី​ដំបូង​​ យើង​អាច​រក​បាន​គ្រាប់​បាល់​ច្រើន​បែប​នេះ​ទាល់​តែ​សោះ​។ ក្រោយ​ពី​ចាញ់​ក្រុម Norwich យើង​បាន​ផ្ដល់​​ឲ្យ​អ្នក​គាំទ្រ​​នូវ​លទ្ធផល ​និង​ទម្រង់​លេង​ជា​ទី​គាប់​ចិត្ត​​»។​

កីឡាករ Bernado បាន​បន្ថែម​​ថា៖ «​យើង​មាន​បំណង​បន្ត​រក​គ្រាប់​បាល់​ថែម​ទៀត​នៅ​តង់​ទី ​២ ​ព្រោះ​យើង​មិន​ចង់​ឲ្យ​ពួក​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ ឬ​រក​បាន​គ្រាប់​បាល់​តាម​ទាន់​​យើង​ទេ​»។​

កីឡាករ​រូប​នេះ​បាន​បន្ថែម​​ទៀត​ថា៖ «​បាល់​ទាត់​គឺ​ជា​ការ​ប្រកួត​លំបាក​មួយ​។ ថ្ងៃ​នេះ​យើង​បាន​ឈ្នះ​ ៨-០ ប៉ុន្តែ​យើង​បាន​ចាញ់​ជា​ច្រើន​លើក​មក​ហើយ គឺ ​៥​​ ឬ ​៤ ​គ្រាប់​​»។​​

កីឡាករ​ដដែល​នេះ​បាន​បន្ត​​ថា៖ «​វា​ជា​ការ​ប្រកួត​អស្ចារ្យ​មួយ ​ដើម្បី​ទទួល​បាន ​៣ ​ពិន្ទុ ​ក្រោយ​ពី​ចាញ់​ក្រុម Norwich ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​បំផុត​ចំពោះ​ការ​រក​បាន ​៣ ​គ្រាប់ ​ជា​លើក​ដំបូង​សម្រាប់​ការ​ប្រកួត​​ក្នុង​ទឹក​ដី​នៅ​ក្នុង​​អាជីព​របស់​ខ្ញុំ​​នៅ​ទីនេះ​»។​

ក្រុម​ Man City ឥឡូវ​កំពុង​ចាញ់​​ក្រុម Liverpool ២ ​ពិន្ទុ ​​​ក្នុង ​៦ ប្រកួត​ ខណៈ​ក្រុម​របស់​លោក Jurgen Klopp គ្រូ​បង្វឹក​ក្រុម Liverpool ​នៅ​សល់ ​១ ​ប្រកួត​ទៀត ​ដែល​អាច​នឹង​នាំ​មុខ​ ​៥ ​ពិន្ទុ ​ប្រសិន​បើ​ក្រុម​នេះ​ឈ្នះ​ ១ ​ប្រកួត​ទៀត​​មែន​នោះ​។​​

កីឡាករ​ Bernado បាន​និយាយ​ថា៖ «​ក្រុម​ទាំង​អស់​មាន​ពេល​វេលា​​ល្អ ​និង​អាក្រក់​ ហើយ​លក្ខណៈ​ដែល​អ្នក​ប្រតិកម្ម​ចំពោះ​ពេល​អាក្រក់ ​គឺ​ជា​រឿង​សំខាន់​បំផុត។ ជា​ថ្មី​ម្ដង​ទៀត​ ក្រុម​នេះ​បាន​បង្ហាញ​ថា យើង​ចង់​តស៊ូ​​សម្រាប់​​ការ​លើក​ពាន​ Premier League និង​ពាន​ផ្សេងៗ​ទៀត​»។

អ្នក​ចាំទី Ben Foster របស់​​ក្រុម Watford បាន​និយាយ​ថា ទម្រង់​លេង​របស់​ក្រុម​ Man City គឺ​ល្អ​បំផុត​ដែល​រូប​គាត់​មិន​ធ្លាប់​ឃើញ​ និង​ជួប​ពី​មុន​មក​​ ហើយ​នេះ​ជា​លទ្ធផល​អាក្រក់​បំផុត​​ដែល​ក្រុម Watford មិន​ធ្លាប់​​ជួប​ក្នុង​កម្រិត​បាល់​ទាត់​អង់គ្លេស​​ផង​ដែរ​។​​

អ្នក​ចាំទី Foster បាន​និយាយ​ថា៖ «​វា​ប្រហែល​អាច​ជា​ការ​ព្រួយ​បារម្ភ ​និង​អាម៉ាស់​មុខ​បន្តិច ​ដែល​​​ធ្វើ​ឲ្យ​​ខ្លួន​ឯង​អាម៉ាស់​មុខ​នៅ​ថ្ងៃ​នេះ​»។​

អ្នក​ចាំទី​រូប​នេះ​បាន​បន្ថែម​​ទៀត​ថា៖ «​ក្នុង​នាម​ជា​អ្នក​ចាំទី​ដែល​ធ្លាប់​ប្រកួត​ជាមួយ​ក្រុម Man City និង Liverpool ប្រសិន​បើ​អ្នក​​​ធ្វើ​ឲ្យ​បាល់​​ចូល​ទី ​៥ ​គ្រាប់ ​ក្នុង ​២០ ​នាទី​​ដំបូង​ អ្នក​នឹង​​ព្រួយ​បារម្ភ​បំផុត​ព្រោះ​អ្នក​គិត​ថា នេះ​ជា​គ្រាប់​បាល់​ច្រើន​បំផុត​ ហើយ​ក្រុម​ទាំង ​២ ​នេះ ​គឺ​ជា​ក្រុម​ល្អ​បំផុត​​ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​ពី​មុន​មក​នោះ​​ទេ​​»៕ AFP/SN