ទីក្រុងសៅប៉ូឡូៈ កីឡាករ Boualem Khoukhi រកបាន​ ១ ​គ្រាប់​នៅ​នាទី​ចុងក្រោយ​នៃ​ការប្រកួត​ដែល​បាន​ជួយ​ឲ្យ​ប្រទេស​កាតា​តាម​ស្មើ​នឹង​ប្រទេស​ប៉ារ៉ាហ្គាយ​ក្នុង​ការប្រកួត​នៅ​ព្រឹត្តិការណ៍ Copa America កាលពី​រាត្រី​ថ្ងៃ​អាទិត្យ​។

គ្រាន់តែ​បើក​ឆាក​នៃ​ការប្រកួត​នេះ​ភ្លាម ក្រុម​ជម្រើស​ជាតិ​ប៉ារ៉ាហ្គាយ ទទួល​បាន​បាល់​ពិន័យ​ ១១ ​ម៉ែត្រ​ពី កាតា ដែល​ស៊ុត​ចូល​ទី​យ៉ាង​ល្អ​ដោយ​កីឡាករ Oscar Cardozo នៅ​នាទី​ទី​ ៤ ហើយ​នៅក្នុង​នាទី​ទី​ ៥៦ កីឡាករ Derlis Gonzalez បាន​ ១ ​គ្រាប់​ទៀត​ធ្វើឲ្យ​ប៉ារ៉ាហ្គាយ​នាំមុខ ២-០ លុះ​ដល់​នាទី​ទី​ ៦៨ កីឡាករ​កាតា Almoez Ali រក​បាន​ ១ ​គ្រាប់ បន្ទាប់មក​គឺ​កីឡាករ Khoukhi បាន​បន្ថែម​ ១ ​គ្រាប់​ចុងក្រោយ​ជួយ​ឲ្យ​កាតា​ស្មើ​នឹង​ប៉ារ៉ាហ្គាយ ២-២​។

គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​លោក Felix Sanchez របស់​ក្រុម​ជម្រើសជាតិ​កាតា​បាន​និយាយ​ថា​៖ «​វា​ជា​លទ្ធផល​ល្អ​មួយ​ដែល​ធ្វើឲ្យ​យើង​ទទួល​បាន​ពិន្ទុ​ក្នុង​ការប្រកួត​នេះ​»​។

គ្រូបង្វឹក​រូបនេះ​បាន​សរសើរ​កូនក្រុម​របស់​គាត់​ចំពោះ​ «​ការ​នៅ​តែ​មាន​ទំនុកចិត្ត​» ​និង​ «​ការបង្ហាញ​ឆន្ទៈ​ក្នុង​ការដេញ​តាម​នៅក្នុង​ការប្រកួត​នេះ​រហូត​ទាល់តែ​ទទួល​បាន​អ្វី​មួយ​វិជ្ជមាន​បំផុត​ចំពោះ​ពួកគេ​»​។

ជ័យជម្នះ​នេះ​បាន​ធ្វើឲ្យ​ក្រុម​ទាំង​ ២ ​នេះ​តាម​ពី​ក្រោយ​ ២ ​ពិន្ទុ​នៃ​ក្រុម​ជម្រើសជាតិ​កូឡុំប៊ី​ដែល​ឈរ​នៅ​លើ​គេ​នៅ​ពូល B ក្រោយពី​ពួកគេ​បាន​បាន​ឈ្នះ​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​របស់​កីឡាករ Messi ២-០ ​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​។

លោក Gozalez បាន​ទទួល​ស្គាល់​ថា​៖ «​យើង​មិន​អាច​រកបាន​គ្រាប់​បាល់​នាំ​មុខគេ​មែន​ ប៉ុន្តែ​យើង​បាន​បន្សល់​ទុក​រសជាតិ​ជូរចត់​មួយ​»​។

ប្រទេស​កាតា​ដែល​ទទួល​រៀបចំ World Cup នៅ​ឆ្នាំ​ ២០២២ ​នោះ​សឹង​តែ​បាត់បង់​ឱកាស​ក្នុង​ការតាម​យក​ស្មើ​នេះ​ទៅ​ហើយ ខណៈ​នាទី​ប្រកួត​ក៏​កាន់​ខិតជិត​ដល់​ទីបញ្ចប់​ដែរ​នោះ ប៉ុន្តែ​អ្វីៗ​បាន​ផ្លាស់ប្ដូរ​ទាំង​ស្រុង​នៅ​ប៉ុន្មាន​នាទី​ចុងក្រោយ​នៃ​ការប្រកួត​នេះ​ដោយ​ក្រុម​ជម្រើស​ជាតិ​កាតា​រក​បាន​គ្រាប់​បាល់​ជា​បន្តបន្ទាប់​ធ្វើឲ្យ​ក្រុម​ជម្រើស​ជាតិ​ទាំង​ ២ ​ស្មើ​គ្នា​វិញ​។

គ្រូបង្វឹក​សញ្ជាតិ​អេក្វាទ័រ​លោក Berizzo របស់​ក្រុម​ជម្រើស​ជាតិ​ប៉ារ៉ាហ្គាយ​បាន​និយាយ​ជុំវិញ​ការប្រកួត​នេះ​ថា​៖ «​យើង​ត្រូវ​សម្លឹង​មើល​ទម្រង់​លេង​របស់​ខ្សែការពារ​នៃ​គូប្រជែង​របស់​យើង​»​។

គ្រូបង្វឹក​រូបនេះ​បាន​បញ្ជាក់​ទៀត​ថា​៖ «​យើង​បាន​ប្រកួត​ជាមួយ​គូ​ប្រជែង​ដែល​មាន​ទម្រង់​លេង​ល្អ​បំផុត​មួយ​ធ្វើឲ្យ​យើង​ដឹង និង​ស្គាល់​រសជាតិ​ព្រម​ទាំង​ទទួល​បាន​បទពិសោធ​ថ្មី​ទៀត​»៕ SN