ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ដែលមានឈ្មោះហៅកាត់ថា CAMSOC បានសម្រេចជាផ្លូវការក្នុងការដាក់បញ្ចូលឲ្យមានការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ សម្រាប់ក្រុមជនពិការគឺបន្ទាប់ពីស៊ីហ្គេមបានបញ្ចប់។
ការដាក់បញ្ចូលការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) លើកទី ១២ បន្ទាប់ពីការប្រកួតស៊ីហ្គេមនៅឆ្នាំ ២០២៣ នោះត្រូវបានលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ បាញ់ ដែលជាប្រធាន CAMSOC ប្រកាសជាផ្លូវការនៅក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី ៣ របស់ CAMSoC នៅវិមានមិត្តភាពកាលពីព្រឹកថ្ងៃចន្ទ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការអចិន្រ្តៃយ៍របស់ CAMSOC ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះដែរបានថ្លែងប្រាប់ថា៖ «តាមការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីគឺក្រោយពីធ្វើស៊ីហ្គេមរួចហើយយើងត្រូវរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម (សម្រាប់អត្តពលិកជនពិការ) ដែលគេតែងតែរៀបចំឲ្យមានឡើងពេលធ្វើស៊ីហ្គេមរួចហើយ»។
លោកបានបន្ថែមថា៖ «នៅឆ្នាំ ២០២៣ នោះពេលយើងធ្វើស៊ីហ្គេមហើយគឺអាច ២ អាទិត្យ ឬ ១ ខែ (មិនទាន់កំណត់ពេលច្បាស់លាស់) គឺយើងនឹងប្រើប្រាស់ធនធានទាំងអស់របស់គណៈកម្មការរៀបចំស៊ីហ្គេមមកបម្រើឲ្យការរៀបចំអាស៊ានប៉ារ៉ាហ្គេមតែម្តង ហើយអង្គប្រជុំបានឯកភាពគ្នាទាំងស្រុង ក្នុងការរៀបចំលើការងារនេះជាបន្តទៀតគឺព្រឹត្តិការណ៍នោះយើងអាចប្រើប្រាស់គណៈកម្មការជំនាញទាំង ១៥ ដែលមានស្រាប់ ហេតុនេះហើយរាល់គណៈកម្មការរៀបចំស៊ីហ្គេមបន្ទាប់ពីចប់ភារកិច្ចរបស់ខ្លួននឹងត្រូវបន្ដជួយរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនាឆ្នាំ ២០២៣ តែម្ដង»។
ជុំវិញការសម្រេចដាក់ឲ្យមានការប្រកួត ASEAN Para Games ជាផ្លូវការនៅឆ្នាំ ២០២៣ នោះលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា (ផ្នែកជនពិការ) បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា៖ «យើងសប្បាយរីករាយដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យកីឡាជនពិការបានរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា ASEAN Para Games បន្តពីស៊ីហ្គេមដោយបន្តប្រើប្រាស់នូវធនធានមានស្រាប់ទាំងលើគ្រប់មធ្យោបាយនោះ»។
លោក យី វាសនា ដែលជាទីប្រឹក្សារាជរដ្ឋាភិបាលផងនោះបានបន្ថែមថា៖ «ពេលវេលាខ្លីពេក យើងក៏លំបាកក្នុងការរៀបចំដែរ ប៉ុន្តែយើងមោទនភាពខ្លាំង ហើយក្នុងនោះប្រភេទកីឡាគឺមានចំនួនមិនឲ្យតិចជាង ១៦ ប្រភេទទេ ហើយអត្តពលិកមិនអាចក្រោម ៣០០០ នាក់ទេ ព្រោះយោងតាមច្បាប់ម្ចាស់ផ្ទះត្រូវបន្តវេនមិនអាចមានចំនួនថយក្រោយទេ ខណៈការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០១៩ នេះនៅប្រទេសហ្វីលីពីនមានអត្តពលិកជាង ៣០០០ នាក់ និងមាន ១៦ ប្រភេទ»៕