ក្រុង​សូជី: ខ្សែ​ប្រយុទ្ធ Edinson Cavani បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ខណៈ​ដែល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ុយ​​រូ​ហ្គាយ បាន​កម្ទេចក្តី​សុបិន​ក្នុង World Cup ​របស់ Cristiano Ronaldo តាម​រយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ២-១ លើ​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ ក្នុង​ទីក្រុង Sochi កាល​ពី​ថ្ងៃ​សៅរ៍​។

Cavani ​ដែល​លេង​ឲ្យ​ក្លិប​ Paris Saint-Germain បាន​រក​គ្រាប់​បាល់​ឈ្នះ​កោង​​បំប៉ោង​សំណាញ់​ទី​យ៉ា​ង​ល្អ​នៅ​នាទី ទី​៦២ ដើម្បី​កាត់​សេចក្តី​ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ និង​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ុយ​រូ​​ហ្គាយ ឈាន​ទៅ​ជួបក្រុម​ជម្រើស​ជាតិ​បារាំង ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ថ្ងៃ​សុក្រ​នេះ​។ Cavani បាន​ជួយ​ឲ្យ​អ៊ុយ​រូ​ហ្គាយ ​មាន​នាំ​គ្រាប់​បាល់​នាំ​មុខ​មុន​នៅ​ដើម​តង់​ទី​១ នៅ​មុន​ពេល Pepe តែត​បាល់​រក​គ្រាប់​បាល់​តាម​ស្មើ​សម្រាប់​ព័រ​ទុយ​ហ្គាល់ នៅ​នាទី ទី​៥៥ ក្នុង​ការ​ប្រកួត​ដ៏​រំភើប​​មួយ​។

គ្រាប់​បាល់​របស់ Pepe គឺ​ជា​គ្រាប់​បាល់​ទី​១​ដែល​ក្រុម​របស់​​អាមេ​រិក​ខាង​ត្បូង​មួយ​នេះ បាន​​របូត ក្នុង​យុទ្ធ​នា​ការ​នេះ ប៉ុន្តែ ពួក​គេ​បាន​​ការ​ពារ​យ៉ាង​​រឹង​មាំ​ ប​ន្ទាប់​ពី​គ្រាប់​បាល់​នោះ និង​​កំពុង​តែ​បង្ហាញ​ថា ពួក​គេ​គឺ​ជា​គូ​ប្រជែង​ដ៏ខ្លាំង​ក្នុង​ការ​ឈាន​ទៅ​វគ្គ​កាន់​តែ​ជ្រៅ​ នៅ​រុស្ស៊ី​។

ការ​បារម្ភ​តែ​មួយ​សម្រាប់​ក្រុម​របស់​លោក Oscar Tabarez គឺ​​បញ្ហា​របួស​របស់ Cavani ដែល​នាំ​ឲ្យ​មាន​សំណួរ​មួយ​​ទៅលើ​ភាព​​រឹង​មាំ​របស់​គេ​សម្រាប់​វគ្គ​៨​​ក្រុម​ចុងក្រោយ ជា​មួយ​នឹង​បារាំង ក្នុង​ទីក្រុង Nizhny Novgorod​។

ក្រោយ​ពី​ការ​​បង្ហាញ​​ពី​ទម្រង់​លេង​យ៉ាងល្អ មុន​នឹង​សម្តែង​នូវ​សុទិ​ដ្ឋិនិយម​របស់​គេ​ជុំ​វិញ​ឱកាស​នៃ​ការ​វិល​ទៅ​រក​ភាព​រឹង​មាំ​​វិញ ដើម្បី​ទៅ​ជួបក្រុម​បារាំង Cavani បាន​​ឲ្យ​ដឹង​ថា៖ «យើង​ពិត​ជា​​មាន​មោទ​ន​ភាព​​ណាស់ និង​រីក​រាយ​។ វា​ជា​ថ្ងៃ​ដ៏ពិសេស​មួយ​»​៕ IS

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់ Cristiano Ronaldo (ឆ្វេង) ឈរ​សម្តែង​នូវ​ការ​ខក​ចិត្ត​នៅ​លើ​ទីលាន​ក្នុង​ពេល​ប្រកួត​ជាមួយ​អ៊ុយ​រូ​ហ្គាយ​។ AFP