ក្រុង​ឡុងដ៍: ក្រុម Chelsea បានធ្វើ​ឲ្យ​ម្ចាស់​ជើង​ឯក Manchester City រង​បរាជ័យ​ជា​លើក​ទី ១ ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ តាមរយៈ​ការ​ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល ២-០ នៅ​កីឡដ្ឋាន Stamford Bridge ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម Liverpool ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​តារាង កាល​ពី​ថ្ងៃ​សុក្រ។

N''Golo Kante និង David Luiz បា​នរក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​សម្រាប់​ក្រុម របស់​លោក Maurizio Sarri ខណៈ​ដែល Man City បាន​ជួប​ការ​ខក​ចិត្ត​ដោយ​សារ​តែ​ការ​មិន​អាច​ដណ្តើម​យក​ប្រៀប​ផ្សេងៗ​ទៅ​លើ​ការ​គ្រប់​គ្រង​បាល់​ជាច្រើន​ក្នុង​តង់​ទី ១។

លោក Sarri គ្រូបង្វឹក​នៃ​ក្រុម Chelsea បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​រីករាយ​ណាស់​ជាមួយ​នឹង​ជ័យ​ជម្នះ​នេះ ពីព្រោះ​វា មិន​ងាយ​ស្រួល​ឡើយ​ក្នុង​ការ​យក​ឈ្នះ​ពេល​ជួប​ក្រុម Manchester City ឬ​លោក Pep Guardiola»។

បច្ចុប្បន្ន Liverpool នាំមុខ​ក្រុម Man City ១ ពិន្ទុ ក្រោយពី​ការ​ស៊ុត​បាល់​បញ្ចូល​ទី ៣ គ្រាប់​របស់​តារា​ឆ្នើម​អន្តរជាតិ​អេហ្ស៊ីប Mohamed Salah បាន​ជួយ​ឲ្យ​ពួកគេ​ដណ្តើម​បាន​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធផល ៤-០ នៅ​លើ​ទឹកដី​ក្រុម Bournemouth។

Man City បាន​ស្ថិតក្នុង​ទម្រង់​លេង​ដ៏​រឹងមាំ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ តាមរយៈ​ការ​ឈ្នះ​រាល់​ការ​ប្រកួត​ទាំង ៧ លើក​ចុង​ក្រោយ​របស់​ខ្លួន​នៃ​ក្របខ័ណ្ឌ Premier League និង​បាន​ចាប់​ផ្តើម​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍ ទាំង​ការ​ជឿ​ជាក់​ដូចគ្នា។

ទោះបីជា​យ៉ាងណា ក្រុម​របស់លោក Pep Guardiola បាន​អវត្តមាន​ខ្សែប្រយុទ្ធ Sergio Aguero ខណៈ​ដែល Raheem Sterling និង Leroy Sane បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន។

លោក Guardiola បាន​ឲ្យ​ដឹងថា៖ «Chelsea ជា​ក្រុម​ដ៏​ខ្លាំង​មួយ និង​មាន​កីឡាករ​ឆ្នើមៗ​ជាច្រើន ប៉ុន្តែ ក្នុង​តង់​ទី ១ វា​ជា​រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ យើង​បាន​លេង​យ៉ាង​ល្អ។ ជាទូទៅ យើង​បាន​លេង​យ៉ាង​ល្អ។ ខ្ញុំ​មិន​មាន​ការ​សោក​ស្តាយ​ច្រើន​ឡើយ។ យើង​បាន​មក​ទីនេះ និង​បាន​បង្ហាញ​ពី​ទម្រង់​លេង​ដែល​យើង​ចង់​ឈ្នះ»។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «យើង​បាន​បង្កើត​ឱកាស​ជាច្រើន។ ពួកគេ​មាន​ឱកាស​តែ ១ លើក​នៅ​នាទី ទី ៤៤ ហើយ​យើង​បាន​របូត​គ្រាប់​បាល់ ១ គ្រាប់ ដែល​ពេល​ខ្លះ​វា​នឹង​កើត​ឡើង»។

Chelsea មិនបាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​មុត​ស្រួច​ឡើយ​ក្នុង​តង់​ទី ១ នៅ​មុនពេល​គ្រាប់​បាល់​នាំមុខ​នៅ​ជិត​បញ្ចប់​តង់​ទី ១ នៅ​ពេល​ដែល Eden Hazard បាន​បញ្ជូន​បាល់​ទៅ​ឲ្យ Kante ដើម្បី​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី។

ប៉ុន្តែ ក្រុម​ម្ចាស់ផ្ទះ Chelsea បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​រឹងមាំ​ក្នុង​តង់​ទី ២ និង​បាន​បំពេញ​ជ័យជម្នះ​របស់​ខ្លួន​នៅ​រយៈពេល ១២ នាទី​ចុង​ក្រោយ នៅ​ពេល​ដែល​ការ​តែត​បាល់​របស់ Luiz ពី​ការ​ទាត់​បាល់​ចេញ​ពី​ជ្រុង​របស់ Hazard បាន​ចូល​ទី​យ៉ាង​ល្អ។

លោក Sarri បាន​បន្ថែមទៀតថា៖ «វា​ពិតជា​លំបាកណាស់​សម្រាប់​យើង ក្នុង​ការ​ស្វែងរក​ការ​លើក​ទឹកចិត្ត​ខ្លួន​ឯង ប៉ុន្តែ នៅ​ពេល​ដែល​យើង​មាន​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង យើង​ពិត​ជា​ក្រុម​ដ៏​ខ្លាំង​មួយ»៕

ជា​មួយ​គ្នា​នេះ ក្រុម Arsenal ក៏​ដណ្តើមបាន​ជ័យជម្នះ​ផង​ដែរ តាមរយៈ​ការ​យក​ឈ្នះ​លើ​ក្រុម Huddersfield ក្នុង​លទ្ធផល ១-០៕