ក្រុងឡុងដ៍ៈ ក្រុម​តោខៀវ Chelsea បាន​ចោទ​ក្រុម Burnley ថា​បាន​អូសបន្លាយ​ពេលវេលា​នៃ​ការប្រកួត​ក្រោយពី​គ្រូបង្វឹក​សញ្ជាតិ​ប្រេស៊ីល​របស់​ក្រុម​មួយ​នេះ​គឺ​លោក Maurizio Sarri ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​កៅអី​របស់​គាត់​នៅ​មុន​ពេល​មាន​ការប៉ះទង្គិច​គ្នា​តិចតួច​ជុំវិញ​ការឆ្លងដែន​កំណត់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​ចុងក្រោយ​ស្នើ​គ្នា ២-២ កាលពី​ថ្ងៃ​ចន្ទ​។

ជុំវិញ​ការប្រកួត​រវាង​ក្រុម​ទាំង​ ២ ​នេះ​ក្រុម​ភ្ញៀវ Burnley បាន​នាំមុខ​ ១ ​គ្រាប់​ទៅលើ​ក្រុម​ម្ចាស់ផ្ទះ Chelsea នៅ​នាទី​ទី​ ៨ ប៉ុន្តែ​ក្រុម​ម្ចាស់ផ្ទះ​បាន​តាម​ស្មើ​ក្រុម​ភ្ញៀវ​វិញ​នៅ​នាទី​ទី​ ១២ ​ដោយ​កីឡាករ N''Golo Kante ហើយ​កីឡាករ Gonzalo Higuain រក​បាន​ ១ ​គ្រាប់​ទៀត​ធ្វើឲ្យ​ក្រុម​តោខៀវ​នាំមុខ​វិញ​ម្ដង​ ប៉ុន្តែ​នៅ​នាទី​ទី​ ២៤ ​កីឡាករ A. Barnes រកបាន​ ១ ​គ្រាប់​វិញ​ធ្វើឲ្យ​លទ្ធផល​ប្រកួត​រវាង​ក្រុម​ទាំង​ ២ ​នេះ​ស្មើគ្នា ២-២​។

ប្រសិន​បើ​គ្មាន​ការឈ្នះ​ក្នុង​ការប្រកួត​លីក​ ២ ​លើក​ចុងក្រោយ​នោះ​ទេ ក្រុម​តោខៀវ Chelsea នឹង​មាន​ឱកាស​តិចតួច​បំផុត​ក្នុង​ការបន្ត​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​ ៤ ​នៃ​ក្របខ័ណ្ឌ Premier league ដោយសារ​ក្រុម​នេះ​មាន​តែ​ ១ ​ពិន្ទុ​នាំ​មុខ​ក្រុម Arsenal ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​ ៥ ​ជាមួយ​ការ​នៅសល់​ ១ ​ប្រកួត​ទៀត​នៅក្នុង​ដៃ ហើយ​ថែម​ទាំង​ឈរ​នៅ​ថ្នាក់​ក្រោម​ក្រុម Tottenham ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​ ៣​។

ប្រសិន​បើ​ក្រុម Chelsea ឈ្នះ​ការប្រកួត​លើក​នេះ​ក្រុម​នេះ​នឹង​បាន​ឡើង​ទៅ​ឈរ​នៅ​លេខ​ ៣ ប៉ុន្តែ​វា​ហួសពេល​ទៅ​ហើយ​ ខណៈ​ក្រុម​នេះ​មាន​ ១ ​ប្រកួត​លើស​ក្រុម​ដែល​កំពុង​ប្រជែង​យក​កំពូល​តារាង​ទាំង​ ៤ មាន​ដូចជា​ក្រុម Tottenham ក្រុម Arsenal ក្រុម Man United ដែល​ចាញ់​ក្រុម Chelsea ៣ ​ពិន្ទុ និង​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​ ៦​។

នៅ​មុន​ការប្រកួត Chelsea ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​ឱកាស​ខ្ពស់​ក្នុង​ការឈរ​នៅ Top4 យ៉ាង​រឹងមាំ​បន្ទាប់ពី​ក្រុម​ Tottenham ,Arsenal និង Man United សុទ្ធ​ចាញ់​ដូចគ្នា​នោះ ប៉ុន្តែ Chelsea បែរ​ជា​មិនអាច​រកបាន​គ្រាប់​បាល់​បន្ថែម​ទៀត​ជាមួយ​ពេលវេលា​នៅ​សល់​ក្នុង​ការយក​ឈ្នះ​ក្រុម Burnley​។

ប៉ុន្តែ​នៅក្នុង​ជំនួប​នេះ​លោក Sarri ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​កន្លែង​អង្គុយ​របស់​គាត់​ឲ្យ​ទៅ​អង្គុយ​ខាងក្រៅ​ជាមួយ​អ្នក​ទស្សនា​ ឬ​អ្នកគាំទ្រ​វិញ​ដោយសារ​គាត់​បាន​តវ៉ា​នៅ​រយៈពេល​ប៉ុន្មាន​វិនាទី​ចុងក្រោយ​មុនពេល​សមាជិក​ក្រុម​តោខៀវ​មួយ​ចំនួន​មាន​ការប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម Burnley ដោយ​បាន​បំពាន​តំបន់​ដែនកំណត់​។

លោក Gianfranco Zola ជំនួយការ​របស់​លោក Sarri បាន​និយាយ​ថា​ប្រធាន​របស់​គាត់​រំជួល​ចិត្ត​មែនទែន​នៅ​ក្រោយ​ការប្រកួត​នេះ​ដែល​គាត់​មិន​អាច​បំពេញភារកិច្ច​នៅ​ចំពោះ​មុខ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

លោក Zola បាន​និយាយ​ថា​៖ «​គាត់​ពិតជា​សោកស្ដាយ​ណាស់ ព្រោះ​គាត់​បាន​ឮ​ពាក្យ​មិន​ល្អ​ចេញ​ពី​សមាជិក​ក្រុម Burnley ចំពោះ​រូបគាត់​។ ហេតុផល​តែ​ ១ ​គត់​ដែល​គាត់​បាន​ដើរទៅ​ទីនោះ​គឺ​ដើម្បី​បញ្ជា​ឲ្យ​កូនក្រុម​យើង​ស្ថិត​នៅ​ទីតាំង​របស់​ខ្លួន ហើយ​ក៏​ជា​ការជួយ​ដល់​អាជ្ញាកណ្ដាល​ផង​ដែរ​»​។

លោក Zola បាន​បន្ថែម​ថា​៖ «​យើង​មិន​សប្បាយចិត្ត​ទេ​ចំពោះ​ការលេង​អូសបន្លាយ​ពេលវេលា​បែបនេះ​។ ការចំណាយ​ពេល​ ៥ ​នាទី​សម្រាប់​របួស​គឺ​មិន​គ្រប់គ្រាន់​ទេ​ក្នុង​ការពិនិត្យ​មើល​របួស​នោះ ហើយ​យើង​មិន​អាច​ទ្រាំ​ក្នុង​ការមិន​បញ្ចេញ​សំឡេង​នោះ​ទេ​»​។

លោក​បាន​បន្ត​ទៀត​ថា​៖ «​យើង​រំពឹងថា នេះ​ជា​ការប្រកួត​មួយ​ដ៏ស្វិតស្វាញ ប៉ុន្តែ​យើង​មិន​នឹកស្មាន​ថា​មាន​ការខ្ជះខ្ជាយ​ពេលវេលា​ដូច្នេះ​ទេ​។ យើង​រំពឹង​ថា អាជ្ញាកណ្ដាល​គឺ​លោក Kevin Friend នឹង​បន្ថែម​ម៉ោង​ចុងក្រោយ​ច្រើន​ ប៉ុន្តែ​វា​មិន​ដូច្នោះ​ទេ​ជា​ហេតុ​ធ្វើឲ្យ​យើង​មិន​សប្បាយចិត្ត​ទាល់តែ​សោះ​»៕ SN