ក្រុងបាគូៈ កីឡាករ Eden Hazard បាន​ជួយ​បង្កើត​រាត្រី​មួយ​អបអរសាទរ​ក្រុម​តោ​ខៀវ Chelsea ដែល​លើក​ពាន Europa League នៅ​ទីក្រុង​បាគូ ខណៈ​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​រូប​នេះ​បញ្ជាក់​ថា​នេះ​ប្រហែល​ជា​ការប្រកួត​ចុងក្រោយ​របស់​គាត់​សម្រាប់​ក្លិប​នេះ​។

ជុំវិញ​ការប្រកួត​ជោគជ័យ​របស់​ក្រុម​តោខៀវ​នេះ កីឡាករ Olivier Giroud ជា​អ្នក​រក​បាន​ ១ ​គ្រាប់​មុនគេ​នៅ​នាទី​ទី​ ៤៩ ហើយ​កីឡាករ Pedro Rodriguez រកបាន​ ១ ​​គ្រាប់​ទៀត​នៅ​នាទី​ទី​ ៦០ មុនពេល​កីឡាករ Hazard រកបាន​ ២ ​គ្រាប់​គឺ​គ្រាប់​ទី​ ១ ​នៅ​នាទី​ទី​ ៦៥ ​ដោយ​ការ​ស៊ុត​បាល់​ពិន័យ​ ១១ ​ម៉ែត្រ និង​ ១ ​គ្រាប់​ទៀត​នៅ​នាទី​ទី​ ៧២ ​ក្រោយពី​ក្រុម​ Arsenal រកបាន​ ១ ​គ្រាប់​ដោយ​កីឡាករ A. Iwobi នៅ​នាទី​ទី​ ៦៩ ​ធ្វើឲ្យ​ក្រុម​តោខៀវ​ឈ្នះ​ក្រុម​កាំភ្លើង​ធំ ៤-១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League ។

ក្រុម​តោខៀវ​របស់​លោក Maurizio Sarri បាន​លើក​ពាន Europa League ជា​លើក​ទី​ ២ ​នៅក្នុង​រយៈពេល​ ៧ ​ឆ្នាំ​ដែល​កីឡាករ Hazard បាន​លេង​នៅ​ក្លិប​នេះ​។

ក្លិប​នេះ​នឹង​មាន​ឱកាស​លេង​នៅ​ក្របខ័ណ្ឌ Champions League នៅ​រដូវក្រោយ​ជា​ពេល​ដែល​គេ​រំពឹង​ថា​ខ្សែបម្រើ​ប្រយុទ្ធ Hazard នឹង​ពាក់អាវ​របស់​ក្រុម Real Madrid នៅពេល​នោះ​។

ខ្សែបម្រើ​ប្រយុទ្ធ​រូប​នេះ​បាន​ប្រាប់​បណ្ដាញ BT Sport ក្រោយពី​ការប្រកួត​នេះ​ថា​៖ «​ខ្ញុំ​បាន​សម្រេច​ចិត្ត​រួចហើយ ហើយ​ឥឡូវ​ខ្ញុំ​នឹង​រង់ចាំ​មើល​ក្លិប​ទាំង​ ២ ​នេះ​។ ខ្ញុំ​គិត​ថា​វា​ដល់​ពេល​ត្រូវ​លាគ្នា​ហើយ ប៉ុន្តែ​ក្នុង​ការប្រកួត​គឺ​យើង​មិន​ដែល​ស្គាល់​គ្នា​ទេ​»​។

កីឡាករ​វ័យ​ ២៨ ​ឆ្នាំ​ដែល​នឹង​ត្រូវ​ផុត​កុងត្រា​ជាមួយ​ក្លិប​តោខៀវ​នៅ​ឆ្នាំ​ក្រោយ​នេះ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម Madrid យូរ​មក​ហើយ​ដែល​គេ​រំពឹង​ថា គាត់​អាច​នឹង​មាន​តម្លៃ​ខ្លួន​ចំនួន​ ១០០ ​លាន​អឺរ៉ូ​ស្មើ​នឹង​ ១១១ ​លាន​ដុល្លារ​អាមេរិក​នៅក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​នេះ​។

កីឡាករ​ឆ្នើម​រូប​នេះ​បាន​បន្ត​ថា​៖ «​ក្ដីសុបិន​របស់​ខ្ញុំ​គឺ​លេង​នៅ​ក្របខ័ណ្ឌ Premier League ហើយ​ឥឡូវ​ខ្ញុំ​សម្រេច​ក្ដី​សុបិន​នោះ​ហើយ​ដោយ​លេង​នៅ​ក្លិប​ធំ​បំផុត​មួយ ដូច្នេះ​វា​ប្រហែល​ជា​ដល់​ពេល​សម្រាប់​បទពិសោធ​ថ្មី​មួយ​ទៀត​ហើយ​»​។

ក្លិប Chelsea បាន​ដឹង​ហើយ​ថា​ពេលវេលា​នេះ​បាន​មក​ដល់​ហើយ ប៉ុន្តែ​វា​ជា​ក្ដីកង្វល់​ធំ​មួយ​សម្រាប់​ក្លិប​ដែល​កំពុង​ប្រឈម​នឹង​បម្រាម​របស់​សហព័ន្ធ FIFA ដែល​បាន​ដាក់​ទៅលើ​កីឡាករ​ជាប់​កុងត្រា​មួយ​ចំនួន​នៅក្នុង​ការបើក​ទីផ្សារ​ដោះដូរ កីឡាករ​ ២ ​លើក​ទៀត ដោយ​រង់ចាំ​ការប្ដឹង​ជំទាស់​ទៅ​តុលាការ​មជ្ឈត្តិកម្ម​កីឡា​ជាមុនសិន​។

កីឡាករ Giroud បាន​និយាយ​ថា​៖ «​ខ្ញុំ​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​គាត់​ទាំង​នៅ​លើ​ទីលាន​ប្រកួត និង​ក្រៅ​ទីលាន​ព្រោះ​គាត់​ជា​មិត្ត​រួម​ក្រុម​ម្នាក់​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ចំពោះ​គាត់​ និង​អនាគត​របស់​គាត់​»​។

កីឡាករ​រូបនេះ​បាន​បន្ថែម​ថា​៖ «​គាត់​សម​នឹង​ទទួល​បាន​បែបនេះ​ក្រោយពី​បាន​ចូលរួម​នឹង​ក្លិប Chelsea រយៈពេល​ ៧ ​ឆ្នាំ​ប្រកប​ដោយ​ភាពស្មោះត្រង់​រួចមក ហើយ​គាត់​សម​នឹង​ទទួល​បាន​បទពិសោធ​ថ្មី​ថែម​ទៀត​»​។

Hazard ឥឡូវនេះ​នឹង​សង្ឃឹម​បន្ត​ស្វែងរក​ជ័យជម្នះ​នៃ​ក្របខ័ណ្ឌ Champions League ដែល​ក្រុម Chelsea បាន​លើក​ពាន​នេះ​នៅ​ឆ្នាំ​ ២០១២ មុនពេល​ចុះ​កុងត្រា​ទិញ​យក​គាត់​ពី​ក្លិប Lille ហើយ​នៅពេល​ស្ថិត​នៅ​ទីក្រុង​ឡុងដ៍ Hazard បាន​ឈ្នះ​ពាន Premier League ចំនួន​ ២ ​ដង ពាន FA Cup ១ ​ដង និង​ពាន League Cup ១ ​ដង​ព្រម​ទាំង​ពាន Europa League ចំនួន​ ២ ​ដង​ផង​ដែរ​។

លោក Sarri គ្រូបង្វឹក​ក្លិប Chelsea បាន​និយាយ​ថា​៖ «​ខ្ញុំ​ដឹង​រួច​ហើយ​ថា ជាការ​ពិត Hazard ចង់​ចាកចេញ​ពី​ក្លិប​នេះ​ ប៉ុន្តែ​ដូច​ខ្ញុំ​បាន​និយាយ​នៅ​គ្រប់​សន្និសីទ​ព័ត៌មាន​ហើយ​ថា ខ្ញុំ​ចង់​គោរព​ការសម្រេច​ចិត្ត​របស់​គាត់​»៕ SN