ក្រុងឡុងដ៍ៈ ក្លិប Man City បាន​សម្លឹង​ឃើញ​ពាន Premier League ជា​ចម្បង​នៅពេល​ពួកគេ​បាន​ចាប់ផ្ដើម​ការពារ​ខ្សែក្រវាត់​របស់​ខ្លួន​ពី​ចុងសប្ដាហ៍​នេះ​ ប៉ុន្តែ​នៅពេល​ក្លិប Liverpool ខកចិត្ត​ចំពោះ​ការមិន​ឈ្នះ​ពាន​នេះ ពួកគេ​នឹង​ពង្រឹង​សមត្ថភាព​ថែមទៀត​ ដើម្បី​ឈ្នះ​ពាន​ដ៏សំខាន់​របស់​អង់គ្លេស​មួយ​នេះ​។

បង្គោល​ខៀវ​ក្លិប Man City ជា​ម្ចាស់​ជើងឯក Premier League ឆ្នាំនេះ​កំពុង​មាន​សមត្ថភាព និង​ឥទ្ធិពល​ខ្លាំង​ដែល​គេ​មិន​ធ្លាប់​ឃើញ​តាំងពី​ក្លិប Man Utd បានឈ្នះ​ពាន​នេះ​ ៣ ​លើក​ជាប់ៗ​គ្នា​ចាប់ពី​ឆ្នាំ​ ២០០៧ ដល់​ឆ្នាំ​ ២០០៩​។

ប៉ុន្តែ​បង្គោល​ក្រហម​ក្លិប Liverpool ជា​ម្ចាស់​ជើងឯក​អឺរ៉ុប​ដែល​កំពុង​តាម​លើក​ពាន​កំពូល​ក្នុង​ស្រុក​មួយ​នេះ​ឲ្យ​បាន​ម្ដង​តាំងពី​ឆ្នាំ​ ១៩៩០ ​នោះ បាន​មាន​ឱកាស​ជិត​នឹង​បាន​បញ្ចប់​ការ​គ្រង​តំណែង​របស់​លោក Pep Gaurdiola ជា​គ្រូបង្វឹក​ក្លិប Man City រហូត​ដល់​ថ្ងៃ​ចុងក្រោយ​នៃ​រដូវកាល​ដែល​ទើបតែ​បញ្ចប់​នេះ​ទៅ​ហើយ​។

ការប្រកួត​នៅ​ព្រឹត្តិការណ៍ Community Shield ពី​ថ្ងៃ​ទី​ ៤ ខែ​សីហា​នោះ បាន​បង្ហាញ​ពី​ភាព​ជា​សត្រូវ​នឹង​គ្នា​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ចំណោម​ក្លិប​ថ្មីៗ​លេង​នៅ​លីក​របស់​អង់គ្លេស​នេះ​ដោយ​ក្លិប Man City បាន​ឈ្នះ​ក្រុម Liverpool ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​ក្រោយពី​ប្រកួត​ស្មើគ្នា ១-១ ក្នុង​ការប្រកួត ៩០ ​នាទី​រួចមក​។

ការបន្ថែម​កីឡាករ Rodri មកពី​ក្លិប Atletico ក្នុង​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​រហូត​ដល់​ ៦៣ ​លាន​ផោន​ស្មើ​នឹង​ ៧៧ ​លាន​ដុល្លារ​នោះ​បាន​ធ្វើឲ្យ​លោក Guardiola កាន់តែ​អាម៉ាស់មុខ​ថែម​ទៀត​ចំពោះ​ការ​ហ៊ាន​ចំណាយ​ប្រាក់​ច្រើន​បែប​នេះ​។

ជាមួយ​ការឈ្នះ​ពាន​សំខាន់ៗ​ចំនួន​ ៥ ​នៅ​រយៈពេល​ ២ ​រដូវកាល​កន្លង​មក​នេះ​រួមទាំង​ការគ្រង​ជា​ម្ចាស់​ក្របខ័ណ្ឌ Premier League ដែរ​នោះ ក្លិប Man City បាន​ក្លាយ​ជា​ក្លិប​ទី​ ២ ​ដែល​បាន​ឈ្នះ​ពាន​កំពូល​របស់​អង់គ្លេស​ចំនួន​ ៣ ​លើក​ក្នុង​រយៈពេល​ ៣៥ ​ឆ្នាំ​មកនេះ​បន្ទាប់ពី​ក្លិប Man Utd ដែល​បាន​ឈ្នះ​ពាន​នេះ​ចំនួន ២ ​ដង​។

លោក Guardiola គឺជា​និស្សិត​ផ្នែក​ប្រវត្តិសាស្ត្រ​បាល់ទាត់ និង​ទទួល​បាន​ភាព​អស្ចារ្យ​នៅ​ក្លិប Man City ដូច្នេះ​ហើយ​ឱកាស​ដើម្បី​បង្កើន​សក្តានុពល​របស់​ក្រុម​នេះ​ឲ្យ​សម​ជា​ក្លិប​អស្ចារ្យ​គ្រប់ពេល​នៅ​អង់គ្លេស​នោះ​គឺ​មិន​អាច​គ្មាន​បុរស​ជាតិ​អេស្ប៉ាញ​នេះ​បាន​ឡើយ​។

ទោះ​ជា​ក្រុម Man City មិន​ដែល​បាន​ឈ្នះ​ពាន​ក្របខ័ណ្ឌ Champions League ក៏ដោយ​ប៉ុន្តែ​លោក Guardiola បាន​និយាយ​ថា​ការឈ្នះ​ពាន​ក្នុង​ស្រុក​នៅ​តែ​ជា​ឆន្ទៈ​ចម្បង​របស់​លោក​ដដែល​។

លោក Guardiola បាន​និយាយ​ថា​៖ «​ដើម្បី​រក្សា​សុខភាព និង​យក​ចិត្ត​ទុកដាក់​ចំពោះ​ក្រុម​នោះ រឿង​សំខាន់​បំផុត​នោះ​គឺ​ក្របខ័ណ្ឌ Premier League ប៉ុន្តែ​នៅពេល​យើង​បាន​ពាន​នេះ​កាន់តែ​ច្រើន យើង​នឹង​ខិត​កាន់តែ​ឈាន​ជិត​ដល់​ការលើក​ពាន Champions League»​។

វា​នឹង​កាន់តែ​ភ្ញាក់ផ្អើល​ថែមទៀត​ប្រសិន​បើ​ក្លិប Liverpool មិន​អាច​យក​ឈ្នះ​ក្លិប Man City ជាថ្មី​ម្ដង​ទៀត​ក្រោយពី​ពួកគេ​បាន​ចាញ់​ម្ដង​មក​ហើយ​កាលពី​រដូវកាល​ទើប​បញ្ចប់​ទៅ​នេះ​បើទោះ​ជា​ពួកគេ​បាន​ឈ្នះ​ពាន​អឺរ៉ុប​លើក​ទី​ ៦ ​ក៏ដោយ​។

ទោះ​ជា​ក្លិប Liverpool មាន​កីឡាករ​មាន​ទេពកោសល្យ​ច្រើន​ក៏ពិតមែន​ ប៉ុន្តែ​ខ្សែបម្រើ​នៅ​ក្លិប​នេះ Georginio Wijnaldum បាន​ទទួល​ស្គាល់​ថា​ការចាប់ផ្ដើម​ឲ្យ​បាន​លឿន​បំផុត​គឺ​សំខាន់​ណាស់​ក្នុង​ការទប់ស្កាត់​ក្លិប Man City កុំ​ឲ្យ​ឡើង​ដល់​កំពូល​តារាង​បាន​។

ខ្សែបម្រើ​រូបនេះ​បាន​និយាយ​ថា​៖ «​អ្នក​គ្រាន់តែ​ប្រមូល​ពិន្ទុ​ឲ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​បានជា​ពិសេស​នៅពេល​ចាប់ផ្ដើម​ការប្រកួត​នេះ​តែម្ដង និង​ព្យាយាម​បង្កើត​ក្រុម​មួយ​ដែល​មាន​សមត្ថភាព​កាន់តែ​ល្អប្រសើរ​ជាង​មុន​នៅ​ចុង​រដូវកាល​នេះ​»​។

កីឡាករ Wijnaldum បាន​បន្ថែម​ថា​៖ «​យើង​អាច​ព្យាយាម​លេង​ឲ្យ​កាន់តែ​ល្អ​ជាង​រដូវកាល​មុន ជាពិសេស​នៅពេល​ចាប់ផ្ដើម​ការប្រកួត​តែ​ម្ដង​ពីព្រោះ​ឥឡូវនេះ​យើង​បាន​ជួបជុំ​គ្នា​ល្អ​ណាស់​»​។

សម្រាប់​ការប្រកួត​បើក​រដូវកាល​ថ្មី Premier League កាលពី​ថ្ងៃ​សៅរ៍ Liverpool ឈ្នះ​ក្រុម​ថ្មី Norwich ៤-១ ហើយ Man City ឈ្នះ West Ham ៥-០៕ SN