ក្រុងមូនិចៈ តារាខ្សែប្រយុទ្ធខ្ចីជើង Philippe Coutinho បាននិយាយថា រូបគេនឹង «ពេញចិត្ត» ស្ថិតនៅជាមួយក្លិបអាល្លឺម៉ង់ Bayern Munich ដែលជាម្ចាស់ជើងឯក Bundesliga។
កីឡាករ Coutinho កំពុងចុះកុងត្រាខ្ចីជើងរយៈពេលពេញ១រដូវកាលនេះពីក្លិប Barcelona ដែលលេងនៅក្របខ័ណ្ឌ LaLiga ប៉ុន្តែកីឡាករប្រេស៊ីលរូបនេះចង់បន្តស្ថិតនៅក្នុងរដ្ឋ Bavaria ប្រទេសអាល្លឺម៉ង់ជាបន្តទៀត។
តាំងពីចាកចេញពីកីឡដ្ឋាន Camp Nou ទៅកាន់កីឡដ្ឋាន Allianz Arena មក កីឡាករ Coutinho រកបាន៣គ្រាប់ក្នុងការបង្ហាញខ្លួន១៨លើកសម្រាប់ក្រុម Bayern។
កីឡាកររូបនេះបាននិយាយថា៖ «ខ្ញុំពិតជាមានអារម្មណ៍ល្អនៅទីនេះ ហើយខ្ញុំគ្រោងនឹងស្ថិតនៅទីនេះរយៈពេល១ឆ្នាំទៀតប៉ុន្តែប្រសិនបើអ្វីៗល្អប្រសើរ ពេលនោះខ្ញុំពេញចិត្តស្ថិតនៅទីនេះ»។
កីឡាករ Coutinho បានចូលលេងក្នុងការប្រកួតដែលក្រុម Bayern បានចាញ់ក្រុម Bayer Leverkusen ក្នុងក្របខ័ណ្ឌ Bundesliga ក្នុងទឹកដីខ្លួនឯងកាលពីថ្ងៃសៅរ៍៕ AFP/SN