ទីក្រុងរ៉ូមៈ ប្រធានក្រុម Matthijs de Ligt របស់ក្លិប Ajax បានធ្វើដំណើរទៅដល់ទីក្រុងទូរីនប្រទេសអ៊ីតាលីពីថ្ងៃអង្គារហើយដើម្បីបញ្ចប់ការចុះកុងត្រាផ្ទេររូបគេពីក្លិប Ajax ទៅក្លិប Juventus។
កីឡាករហូឡង់ De Ligt វ័យ ១៩ ឆ្នាំដែលបានដឹកនាំក្លិប Ajax បានឡើងទៅដល់វគ្គ ៤ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នោះគ្រោងនឹងធ្វើការពិនិត្យសុខភាពមុនពេលចុះកុងត្រាជាមួយក្លិបរបស់អ៊ីតាលី Juventus ក្នុងតម្លៃខ្លួន ៧៥ លានអឺរ៉ូស្មើ ៨៥ លានដុល្លារអាមេរិក។
ក្លិប Juventus បានប្រកាសតាមប្រព័ន្ធ Twitter របស់ខ្លួនថា៖ «គាត់នៅទីនេះហើយ» ជាមួយវីដេអូបង្ហាញពីកីឡាករហូឡង់រូបនេះចុះពីយន្តហោះឯកជនមួយគ្រឿងនៅព្រលានយន្តហោះក្នុងទីក្រុងទូរីន។
ក្នុងវីដេអូដាច់ឡែកមួយទៀតកីឡាករវ័យក្មេងរូបនេះបាននិយាយថា៖ «សួស្ដី Bianconeri នេះជាកីឡាករ De Ligt ហើយខ្ញុំពិតជាសប្បាយចិត្តដែលបាននៅទីនេះ»។
កីឡាករ De Ligt ទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្លិបធំៗនៅអឺរ៉ុបក្រោយពីទម្រង់លេងរបស់រូបគេគួរឲ្យចាប់អារម្មណ៍សម្រាប់ក្លិប Ajax និងក្រុមជម្រើសជាតិហូឡង់កាលពីរដូវកាលទើបកន្លងទៅថ្មីៗនេះ។
កីឡាកររូបនេះលេងបាន ១១៧ លើកសម្រាប់ក្លិប Ajax ដោយរកបាន ១៣ គ្រាប់រួមទាំង ៣ គ្រាប់ដែលជួយឲ្យក្លិប Ajax ឡើងទៅវគ្គ ៤ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុនដែលចាញ់ក្លិប Spurs នៅក្នុងវគ្គនេះ ខណៈរូបគេបានលេងឲ្យជម្រើសជាតិបាន ១៧ លើក៕ SN