ក្រុងស៊ីដនីៈ កីឡាករវាយកូនបាល់ Novak Djokovic បាននិយាយថា ក្រុមអ្នករៀបចំព្រឹត្តិការណ៍ Australian Open គួរតែពិចារណាពន្យារពេលការប្រកួត Grand Slam លើកដំបូងនៅឆ្នាំនេះប្រសិនបើផ្សែងភ្លើងឆេះព្រៃនៅតែបន្តរសាត់អណ្ដែតនៅជុំវិញប្រទេសនេះដែលធ្វើឲ្យប៉ះពាល់សុខភាពរបស់កីឡាករ។
ការប្រកួតបើកឆាកឆ្នាំ ២០២០ នេះគ្រោងនឹងចាប់ផ្ដើមនៅឧទ្យាន Melourne Park នៅថ្ងៃទី ២០ ខែមករា ខណៈទីក្រុងនេះកំពុងគ្របដណ្ដប់ដោយផ្សែងអ័ព្ទអណ្ដែតទៅភាគខាងកើតកាលពីថ្ងៃសៅរ៍ដែលបង្កឲ្យខ្យល់អាកាសមិនល្អ។
កីឡាករ Djokovic ប្រធានក្រុមប្រឹក្សាកីឡាករនៃសមាគមវិជ្ជាជីវៈវាយកូនបាល់ (ATP) បាននិយាយពីថ្ងៃអាទិត្យថា គេគួរតែពិភាក្សាគ្នាពីការពន្យារពេលនៃការប្រកួតនេះដែលជាជម្រើសចុងក្រោយ។
នៅពេលសង្កត់ធ្ងន់ពីបញ្ហានៅទីក្រុង Brisbane ជាទីដែលកីឡាករ Djokovic នឹងចូលរួមប្រកួតតំណាងប្រទេសស៊ែប៊ីនៅក្នុងព្រឹត្តិការណ៍ប្រកួតជាក្រុម ATP Cup នេះ កីឡាកររូបនេះបាននិយាយថា៖ «ខ្ញុំមានន័យថា វាមិនចាំបាច់ឆ្ងល់ពីបញ្ហាដែលសុំឲ្យពន្យារពេលនេះទេ»។
កីឡាកររូបនេះបាននិយាយថា៖ «ជាការពិតអ្នកត្រូវតែស្វែងយល់ខ្លួនឯងហើយព្រោះអាកាសធាតុមិនសូវល្អ ដូច្នេះហើយអ្នកត្រូវតែគិតគូរពីបញ្ហានេះ»។
កីឡាកររូបនេះបានបន្ថែមថា៖ «ប៉ុន្តែខ្ញុំគិតថា នោះប្រហែលជាជំរើសចុងក្រោយបំផុតសម្រាប់អ្វីៗទាំងអស់ ហើយខ្ញុំគិតទៀតថា ពួកគេនឹងព្យាយាមធ្វើអ្វីៗដើម្បីកុំឲ្យពន្យារពេលពាក់ព័ន្ធនឹងថ្ងៃ និងពេលដែលនឹងត្រូវចាប់ផ្តើមក្នុងពេលខាងមុខ»។
គួររំឭកថា ភ្លើងឆេះព្រៃបាននិងកំពុងរាលដាលនៅប្រទេសអូស្ត្រាលីអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយធ្វើឲ្យមនុស្សចំនួន ២៤ នាក់ស្លាប់ និងបានបំផ្លាញទ្រព្យសម្បត្តិ រាប់រយកន្លែងផងដែរ។
មន្ត្រីរៀបចំការប្រកួតវាយកូនបាល់កាលពីសប្ដាហ៍មុនបានសម្រេចចិត្តមិនធ្លាប់មានដោយធ្វើការផ្លាស់ប្តូរទីតាំងកីឡដ្ឋាន Canberra International ដើម្បីរៀបចំព្រឹត្តិការណ៍ ATP Challenger 125 និងព្រឹត្តិការណ៍កីឡាវាយកូនបាល់ ITF World Tennis Tour របស់ស្ត្រី។
មន្ត្រីរៀបចំការប្រកួតបាននិយាយថា ការប្រកួតនឹងមិនអាចស្ថិតនៅក្នុងទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីបានទេព្រោះទីនោះបាននិងកំពុងគ្របដណ្ដប់ដោយផ្សែងអ័ព្ទ ហើយព្រឹត្តិការណ៍នេះគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃចន្ទនៅទីក្រុង Bendigo នៅរដ្ឋ Victoria។
កីឡាករ Djokovic បាននិយាយថា រូបគេធ្លាប់ឆ្លងកាត់បញ្ហាកង្វក់ខ្យល់អាកាសនៅក្នុងការប្រកួតនៅប្រទេសចិនប៉ុន្តែផ្សែងភ្លើងនេះបានបង្កើតស្ថានភាពមួយមិនធម្មតានោះទេ។
កំពូលតារាវាយកូនបាល់ស៊ែប៊ីរូបនេះបាននិយាយថា រូបគេមិនទាន់បានជជែកជាមួយប្រធានរៀបចំកីឡាវាយកូនបាល់អូស្ត្រាលីគឺលោក Craig Tiley នៅឡើយទេ «ប៉ុន្តែក្រុមការងាររបស់ក្រុមខ្ញុំបានជែកពិភាក្សារួចហើយ»។
កីឡាករ Djokovic បានបន្ថែមទៀតថា៖ «ពួកគេពិតជាកំពុងតាមដានស្ថានភាពនេះរៀងរាល់ថ្ងៃព្រោះវាកំពុងមានការវិវត្ត ហើយសង្ឃឹមថា វានឹងស្ងប់ជាមួយផ្សែង និងភ្លើងឆេះព្រៃនេះទៅចុះ»៕ SN