ក្រុងឡុងដ៍ៈ រដូវកាល​ដំបូង​របស់​លោក Unai Emery គ្រូបង្វឹក​នៅ​ក្លិប​កាំភ្លើង​ធំ Arsenal នឹង​ត្រូវ​បាន​វិនិច្ឆ័យ​តាមរយៈ​លទ្ធផល​ឈ្នះ​ ឬ​បរាជ័យ​នៃ​ការប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្របខ័ណ្ឌ Europa League ជាមួយ​ក្រុម​តោខៀវ Chelsea នា​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ពុធ​នេះ ស្រប​ពេល​គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​មាន​ទម្លាប់​ស្ដារ​មុខមាត់​គាត់​នៅ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​កម្រិត​ទី​​ ២ ​របស់​អឺរ៉ុប​មួយ​នេះ​តែម្តង​។

លោក Emery បាន​ដឹកនាំ​ក្រុម​របស់​ខ្លួន​ឲ្យ​បាន​លើក​ពាន Europa League រយៈពេល​ ៣ ​ឆ្នាំ​គឺ​ចន្លោះ​ពី​ឆ្នាំ​ ២០១៤ ​ដល់​ឆ្នាំ​ ២០១៦ ​នៅពេល​ដឹកនាំ​ក្រុម Sevilla ហើយ​គាត់​នឹង​ក្លាយ​ជា​គ្រូបង្វឹក​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ក្នុង​ប្រវត្តិ​ប្រកួត ប្រសិនបើ​គាត់​នាំ​ជោគជ័យ​ម្ដងទៀត​សម្រាប់​ក្រុម Arsenal ក្នុង​ការប្រកួត​នៅ​ទីក្រុង​បាគូ​ប្រទេស​អាស៊ែរបៃហ្សង់​នៅ​រាត្រី​ថ្ងៃ​នេះ​។

ប្រសិន​បើ​ជោគជ័យ​មែន​នោះ វា​នឹង​ធ្វើឲ្យ​ក្រុម​កាំភ្លើង​ធំ​មិន​ត្រឹម​តែ​បាន​ពាន​អឺរ៉ុប​ជា​លើកដំបូង​រយៈពេល​ ២៥ ​ឆ្នាំ​មក​នេះ​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​មាន​ឱកាស​បាន​លេង​នៅ​ក្របខ័ណ្ឌ Champions League រដូវកាល​ក្រោយ​ផង​ដែរ​ក្រោយពី​ក្រុម​នេះ​គ្មាន​ឱកាស​រយៈពេល​ ២ ​រដូវកាល​មក​ហើយ​ដែល​នឹង​ធ្វើឲ្យ​គេ​ចាប់​អារម្មណ៍​ចំពោះ​លោក Emery ខ្លាំង​ឡើង​ទៀត​ផង​។

ការរៀបចំ​ប្រកួត​នៅ​ទីក្រុង​នៃ​ប្រទេស​អាស៊ែរបៃហ្សង់​នេះ​បាន​ធ្វើឲ្យ​ក្រុម​កាំភ្លើង​ធំ​ត្រៀម​លក្ខណៈ​ប្រយ័ត្ន​បំផុត​ដោយសារ​ទី​ ១ ​ក្រុម​នេះ​ត្រូវ​ធ្វើ​ដំណើរ​រាប់ពាន់​គីឡូម៉ែត្រ​ទៅ​កាន់​ប្រទេស​ស្ថិត​នៅ​អាស៊ី​បស្ចិម​មួយ​នេះ និង​ទី​ ២ ​ដោយសារ​ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​អាមេនី Henrikh Mkhitaryan អវត្តមាន​ក្នុង​ការប្រកួត​ដោយសារ​ជម្លោះ​នយោបាយ​រវាង​ប្រទេស​អាមេនី និង​អាស៊ែរបៃហ្សង់​។

ដំបូង​ឡើយ​លោក Emery គ្រោង​នឹង​មិន​ចូលរួម​ក្នុង​ការប្រកួត​នេះ​ទេ​ដោយសារ​បញ្ហា​ទាំងនេះ​ ប៉ុន្តែ​ក្រោយមក​គាត់​បាន​ប្ដេជ្ញាចិត្ត​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ការប្រកួត​នេះ​ក្នុង​ក្ដីសង្ឃឹម​ថា​នឹង​គ្មាន​បញ្ហា​អ្វីមួយ​កើតឡើង​ចំពោះ​ក្រុម​របស់​គាត់​នៅ​ថ្ងៃ​ពុធ​នេះ​ទេ​។

លោក Emery បាន​និយាយ​ថា​៖ «​យើង​មាន​ឱកាស​ឈ្នះ​ពាន​មួយ និង​លេង​នៅ​រដូវកាល​ក្រោយ​ក្នុង​ក្របខ័ណ្ឌ Champions League ហើយ​អ្វី​ទាំងអស់​នេះ​គឺ​សំខាន់​ជាង​កន្លែង​ដែល​យើង​នឹង​ត្រូវ​ធ្វើដំណើរ​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ទៅ​ទៀត​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ថា​៖ «​មែន​ហើយ វា​មិន​អាច​ទៅរួច​ទេ​ជាមួយ​វត្តមាន​របស់ Mkhi ហើយ​វា​ក៏​មិន​អាច​ទៅរួច​ដែរ​ជាមួយ​អ្នក​គាំទ្រ​ដែល​យើង​ចង់​ ប៉ុន្តែ​វគ្គ​ផ្ដាច់ព្រ័ត្រ​គឺ​សំខាន់​ខ្លាំង​ណាស់​»​។

ចំណែក​ក្លិប Chelsea វិញ​គឺ​គ្មាន​សម្ពាធ​ច្រើន​នោះ​ទេ​ព្រោះ​មាន​ឱកាស​លេង​នៅ​ក្របខ័ណ្ឌ Champions League នៅ​រដូវកាល​រួច​ទៅ​ហើយ​ក្រោយពី​ស្ថិត​នៅ​កំពូល​តារាង​ទាំង​ ៤ ​នៅក្នុង​ក្របខ័ណ្ឌ Premier League នៅ​រដូវកាល​នេះ​ខណៈ​ដែល​ក្រុម​របស់​លោក Emery បាន​ត្រឹម​តែ​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​ ៥ ​។

លោក Emery បាន​ទទួល​ថ្មបាក់​ពី​លោក Arsene Wenger អតីត​គ្រូបង្វឹក​សញ្ជាតិ​បារាំង​របស់​ក្លិប Arsenal ដែល​បាន​ដឹកនាំ​ក្រុម​នេះ​រយៈពេល​ ២២ ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ១៩៩៦ ​ដល់​ឆ្នាំ​ ២០១៨៕ SN