ក្រុងមីឡាន៖ កីឡាករ Christian Eriksen បានធ្វើដំណើរទៅដល់ទីក្រុងមីឡាន ប្រទេស អ៊ីតាលី រួចហើយនៅមុនពេលការរំពឹងទុកដែលរូបគេនឹងត្រូវចាកចេញពីក្លិប Tottenham ទៅចូលរួមក្នុងក្លិប Inter ទៅទៀត។
កីឡាករសញ្ជាតិដាណឺម៉ាករូបនេះបានទៅដល់ទីក្រុងនេះកាលពីថ្ងៃចន្ទ ហើយគ្រោងនឹងឆ្លងកាត់ការពិនិត្យមើលសុខភាពនៅក្លិប Inter។
ក្លិប Inter ត្រូវគេរំពឹងថា បានចំណាយប្រាក់ចំនួន ២០ លានអឺរ៉ូប្រហែលជាង ២២ លានដុល្លារអាមេរិក សម្រាប់កីឡាកររូបនេះដែលនៅជាប់កុងត្រាជាមួយក្លិប Spurs រហូតដល់ចុងរដូវកាលឆ្នាំ ២០១៩-២០។
កីឡាករ Eriksen ក៏ត្រូវបានគេរាយការណ៍ដែរថា បានចុះកុងត្រាជាមួយក្លិប Inter នេះរហូតដល់ខែមិថុនា ឆ្នាំ ២០២៤ ដែលអាចមានតម្លៃខ្លួនចំនួន ៣៨ ម៉ឺនអឺរ៉ូ ក្នុង ១ សប្ដាហ៍ រួមទាំងប្រាក់បន្ថែមផ្សេងៗទៀតផងដែរ។
អនាគតរបស់កីឡាកររូបនេះ គឺជារឿងស្មុគស្មាញមួយនៅក្នុងរដូវកាលដោះដូរកីឡាករនេះដោយដំបូងឡើយក្លិប Inter មិនអាចសម្រេចកុងត្រា ជាមួយក្លិប Spurs នោះទេ ទោះជាមានហានិភ័យនៃការចាកចេញរបស់កីឡាករ Eriksen ដោយគ្មានតម្លៃខ្លួននៅចុងរដូវកាលនេះក្ដី។
គ្រូបង្វឹកក្រុម Spurs លោក Jose Mourinho បាននិយាយក្រោយពីការប្រកួតស្មើគ្នា ១-១ ជាមួយក្រុម Southampton នៅក្នុងក្របខ័ណ្ឌ FA Cup កាលពីថ្ងៃសៅរ៍ថា ការពន្យារពេលនៃកិច្ចចរចានេះបានធ្វើឲ្យគាត់ខកចិត្តយ៉ាងខ្លាំង។
គ្រូបង្វឹករូបនេះបាននិយាយថា៖ «វាមិនមែនជាកំហុសរបស់ក្លិប Tottenham នោះទេដែលថា នៅថ្ងៃទី ២៥ ខែមករា យើងនឹងស្ថិតក្នុងស្ថានភាពបែបនេះ»។
គ្រូបង្វឹកដដែលនេះបានបន្ថែមថា៖ «មានរឿងតែមួយគត់ដែលខ្ញុំអាចនិយាយបាននោះគឺ Eriksen។ តាំងពីខ្ញុំបានមកដល់ទីនេះ ព្រោះគាត់មានលក្ខណៈពោរពេញដោយអាជីពបំផុតជាមួយខ្ញុំ និងក្រុមទាំងមូល»។
លោក Mourinho បានបន្ថែមថា៖ «ក្រុម Tottenham គឺជាក្រុមចុងក្រោយដែលស្ដីបន្ទោសចំពោះស្ថានភាពនេះ ប៉ុន្តែកាលបរិច្ឆេទថ្ងៃទី ២៥ ខែមករា នៅក្នុងស្ថានភាពបែបនេះ គឺគ្មានអ្វីគួរឲ្យកត់សម្គាល់នោះទេ»។
ក្រុម Spurs ក៏បានបញ្ជាក់កាលពីថ្ងៃចន្ទដែរថា កីឡាករ Brandon Austin នឹងត្រូវចូលរួមក្នុងក្លិប Viborg ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងរដូវកាលនេះ។
អ្នកចាំទីអាយុ ២១ ឆ្នាំរូបនេះ ដែលបានចុះកុងត្រាថ្មីជាមួយក្លិប Spurs កាលពីខែធ្នូដែលនឹងមានរយៈពេលរហូតដល់ឆ្នាំ ២០២២ នោះ នឹងត្រូវទៅចូលរួមក្នុងក្លិបនៅប្រទេស ដាណឺម៉ាក ឆាប់ៗនេះ៕ AFP/SN