ក្រុង​វី​ហ្គាន: សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អង់គ្លេស​ហៅ​កាត់​ថា FA អាច​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​មួយ ទៅ​លើ​ក្លិប Wigan និង Manchester City ក្រោយពី​ខ្សែ​ប្រយុទ្ធ Sergio Aguero ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​ការ​ពារ​ខ្លួន​ឯង ក្នុង​ពេល​បញ្ចប់​ការ​ប្រកួត​ពាន FA Cup ជុំ​ទី​ ៥ នា​កីឡដ្ឋាន DW​។

គ្រាប់​បាល់​ឈ្នះ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​របស់​ខ្សែ​ប្រយុទ្ធ Will Grigg បាន​​ជួយ​ឲ្យ​ក្រុម Wigan ដែល​លេង​ក្នុង​ក្រប​ខ័ណ្ឌ League One​ ផ្តួល​ក្រុម​កំពុង​នាំ​មុខ​លើ​តារាង​ក្រប​ខ័ណ្ឌ Premier League របស់​លោក Pep Guardiola ក្នុង​ការប្រកួត​ដ៏​ស្វិត​​ស្វាញ​មួយ​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ក្នុង​​សំឡេង​កញ្ចែ​ចុង​​ចុងក្រោយ​ត្រូវ​បាន​បន្លឺ​ឡើង​​។

អ្នក​គាំទ្រ​របស់​ក្រុម Wigan បាន​​រត់​ចូល​ក្នុង​​ទីលាន​ដើម្បី​អប​អរ​​ក្នុង​ពេល​បញ្ចប់​ការប្រកួត ហើយ Aguero ដែល​កំពុង​តែ​ចាប់​ដៃ​រលាក់​ជា​មួយនឹង​ខ្សែ​ការ​ពារ​ Chey Dunkley របស់​ក្រុម​ម្ចាស់​ផ្ទះ​ក្នុង​ពេល​នោះ បាន​ធ្លាក់​ចូល​ក្នុង​ជម្លោះ​​មួយ​ជាមួយនឹង​អ្នក​គាំទ្រ​ដ៏ច្រើន​​។

Aguero ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​ការ​ពារ​​ខ្លួន​ឯង ខណៈ​ដែល​​ទិន​ភាព​​​នៃ​ជម្លោះ​នោះ​​បានធ្លាក់​ក្នុង​ក្នុង​អំពើ​ហិង្សា ហើយ​បុគ្គ​លិក​របស់ Man City ត្រូវ​តែ​ធ្វើ​ការ​ការ​ពារ​រូប​គេ​​ពេល​ដើរ​ចេញពី​ទីលាន ទៅកាន់​កន្លែង​មាន​សុវត្ថិ​ភាព​ក្នុង​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​។

លោក Paul Cook អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Wigan បាន​ឲ្យ​ដឹង​ថា៖ «វា​មិន​ត្រឹម​ត្រូវ​ឡើយ​។ ខ្ញុំ​មិន​ធ្លាប់​បាន​​ឃើញ​ឧប្បត្តិ​ហេតុ​នេះ​​ពី​មុន​មក​ឡើយ ហេតុនេះ ខ្ញុំ​មិន​អាច​និយាយ​បាន​ឡើយ​។ ប៉ុន្តែ សុវត្ថិ​ភាពរបស់​​​​កីឡាករ​ត្រូវ​តែ​​ជា​រឿង​អាទិ​ភាព​សម្រាប់​គ្រប់​គ្នា​»​៕ IS

ខ្សែ​ប្រយុទ្ធ Will Grigg (ឆ្វេង) របស់ Wigan រក​បាន​គ្រាប់​បាល់​​ឈ្នះ​​ឲ្យ​ក្រុម​ខ្លួន​ដើម្បី​ទម្លាក់​ក្រុម Man City ចេញពី FA Cup​។ AFP