ភ្នំពេញ: លោក Felix Agustin Gonzalez Dalmas គ្រូបង្វឹកជំនួយនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទទួលស្គាល់ថា ក្រុមរបស់លោកបានបង្ហាញពីភាពទន់ខ្សោយ និងបាត់បង់ទម្រង់លេងនៅតង់ទី ២ ខណៈពួកគេបានរបូតគ្រាប់បាល់ដល់ទៅ ៣ គ្រាប់នៅចន្លោះពេល ២០ នាទីចុងក្រោយ ក្នុងពេលប្រកួតជាមួយក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ក្នុងយុទ្ធនាការ AFF Suzuki Cup ឆ្នាំ ២០១៨ កាលពីថ្ងៃចន្ទ។
ការបង្ហាញពីភាពទន់ខ្សោយក្នុងតំបន់ការពារក្នុងតង់ទី ២ ពិសេសការធ្វេសប្រហែសក្នុងការសង្គ្រោះបាល់ ២ លើករបស់អ្នកចាំទីកែវ សុខសិលា បានធ្វើឲ្យក្រុមដែលមានរហស្សនាមថា គោព្រៃមួយនេះ រងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ៤-១ ពីមុខអ្នកចាត់ការទូទៅរបស់ខ្លួនគឺលោក Keisuke Honda ក្នុងការប្រកួតជុំទី ២ នៃពូល A នៅលើទឹកដីរបស់មីយ៉ាន់ម៉ា។ ខ្សែប្រយុទ្ធចាន់ វឌ្ឍនាកា បានជួយឲ្យក្រុមជម្រើសជាតិកម្ពុជា មានគ្រាប់បាល់នាំមុខមុន ក្នុងការប្រកួតនាកីឡដ្ឋាន Mandalarthiri នៅនាទី ទី ២៣ មុនពេលកីឡាករ Bo Bo Hlaing បានជួយឲ្យក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់តាមស្មើវិញនៅនាទីទី ៦០។
ប៉ុន្តែ ការសង្គ្រោះបាល់មិនបានល្អ និងការធ្វើឲ្យបាល់របូតចេញពីដៃរបស់សុខសិលា បានអនុញ្ញាតឲ្យកីឡាករ Htet Aung Than និង Si Thu Aung រកបានគ្រាប់បាល់នាំមុខវិញ មុននឹងកីឡាករ Bo Bo រកបានគ្រាប់បាល់ទី ២ របស់ខ្លួននៅជិតបញ្ចប់ការប្រកួត ដើម្បីបំពេញជ័យជម្នះយ៉ាងកក់ក្តៅសម្រាប់ក្រុមម្ចាស់ផ្ទះតែម្តង។
ការបរាជ័យនេះមានន័យថា ក្រុមជម្រើសជាតិកម្ពុជាបាន រងបរាជ័យ ២ លើកពីការប្រកួតបើកឆាកទាំង ២ លើករបស់ខ្លួននៃពូល A ក្នុងយុទ្ធនាការ AFF Suzuki Cup ឆ្នាំ ២០១៨ ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ១-០ ក្រោមស្នាដៃ ក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងការប្រកួតបើកឆាករបស់ខ្លួននាកីឡដ្ឋានជាតិអូឡាំពិក កាលពី ថ្ងៃព្រហស្បតិ៍។
ក្រោយពីបញ្ចប់ការប្រកួត លោក Felix បានកោតសរសើរទម្រង់លេងរបស់ក្រុមខ្លួនក្នុងតង់ទី ១ ប៉ុន្តែ បានទទួលស្គាល់ពីការបង្ហាញពីភាពទន់ខ្សោយរបស់ពួកគេក្នុងតង់ទី ២ ពេលប្រកួតជាមួយនឹងក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា។ គ្រូបង្វឹកជំនួយសញ្ជាតិអាហ្សង់ទីនរូបនេះ បាន ប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីការប្រកួតថា៖ «យើងបានបង្ហាញពីទម្រង់លេងដ៏រឹងមាំ និងល្អក្នុងតង់ទី ១ ប៉ុន្តែ យើងបានធ្វើឲ្យខ្លួនយើងធ្លាក់ចូលក្នុងបញ្ហាក្នុងតង់ទី ២។ យើងនឹង ព្យាយាមកែសម្រួលកំហុសនោះក្នុងការប្រកួតបន្ទាប់ ហើយនេះគឺជាមេរៀនមួយ»។
ស្របពេលជាមួយគ្នានេះ ក្នុងការប្រកួតនៅថ្ងៃដដែលនោះ ក្រុមជម្រើសជាតិម៉ាឡេស៊ី បានកត់ត្រាជ័យជម្នះជាលើកទី ២ របស់ខ្លួន តាមរយៈការវាយបកដើម្បីផ្តួលក្រុមជម្រើសជាតិឡាវ ៣-១ ក្នុងទីក្រុងគូឡាឡាំពួ។
កម្ពុជា ស្ថិតក្នុងពូល A រួមជាមួយនឹងម៉ាឡេស៊ី វៀតណាម មីយ៉ាន់ម៉ា និងឡាវ ហើយក្នុងការប្រកួតបន្ទាប់ ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមឡាវ នាថ្ងៃទី ២០ ខែវិច្ឆិកា មុននឹងធ្វើដំណើរទៅជួបក្រុមវៀតណាម នាថ្ងៃទី ២៤ ខែវិច្ឆិកា ខាងមុខ។ ក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១ និងលេខ ២ នៃពូលនេះ នឹងឈានទៅជួបក្រុមខ្លាំងពីពូល B ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃយុទ្ធនាការ AFF Suzuki Cup ដែលត្រូវប្រកួត ២ ជើង ពោលគឺក្នុង និងក្រៅទឹកដី៕