ក្រុង​ឡុងដ៍៖ អ្នក​វិភាគ​បាល់​ទាត់​ម្នាក់​បាន​និយាយ​ថា ​ច្បាប់​លេង​ដោយ​យុត្តិធម៌​ផ្នែក​ហិរញ្ញវត្ថុ​ (FFP) របស់​បាល់​ទាត់​អឺរ៉ុប​ប្រឈម​នឹង​​គ្រោះ​​ថ្នាក់​​ប្រសិន​បើ​ក្រុម ​​Man​ City​ បាន​ច្រាន​​​ចោល​បម្រាម​រយៈពេល​ ២ ​រដូវកាល ​ចំពោះ​​ការ​ចូលរួម​​ប្រកួត​ប្រជែង​នៅ​​ទ្វីប​នេះ​​។

សហភាព​សមាគម​បាល់ទាត់​អឺរ៉ុប​ (UEFA) បាន​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​នេះ​កាល​ពី​ថ្ងៃ​សុក្រ​ និង​បាន​ពិន័យ​ជា​ប្រាក់​ចំនួន​ ៣០ លាន​អឺរ៉ូ​ ប្រហែល​ ៣២ ​លាន​ដុល្លារ​​អាមេរិក ​ចំពោះ​​ក្លិប​ជា​ម្ចាស់​ជើងឯក​អង់គ្លេស​មួយ​នេះ ​ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​និយាយ​ថា​ គឺ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​របស់​ក្រុម​ Man City ទៅ​លើ​ច្បាប់​ហិរញ្ញវត្ថុ​​​ FFP របស់​ខ្លួន​។

ទោះបី​យ៉ាង​ណា​ ក្រុម Man City បាន​ចំណាយ​ពេល​តិចតួច​នៅ​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​និយាយ​ថា ពួក​គេ​នឹង​ដាក់​ពាក្យ​ប្ដឹង​ជំទាស់​ទៅ​​​តុលាការ​​អាជ្ញា​កណ្តាល​សម្រាប់​កីឡា (CAS) ក្នុង​ក្ដី​សង្ឃឹម​នៃ​ការ​ទទួល​បាន ​«​ការ​វិនិច្ឆ័យ​មិន​លម្អៀង»​។​

ចាប់​តាំង​ពី​លោក​ Sheikh Mansour បាន​ចូល​កាន់​កាប់​ក្លិប​នេះ​នៅ​ក្នុង​ឆ្នាំ​ ២០០៨ ដែល​បាន​ដាក់​​កម្លាំង​ហិរញ្ញវត្ថុ​របស់​លោក​ Abu Dhabi ​នៅ​ពី​ក្រោយ​ក្លិប​ Man City នេះ​មក​ ពួក​គេ​បាន​ឈ្នះ​ពាន​រង្វាន់​ធំៗ​ចំនួន ​១០ ​រួម​ទាំង​ពាន​រង្វាន់​ Premier ​League ​ចំនួន ​៤ លើក​ផង​ដែរ​។

ប៉ុន្តែ​ពាន​រង្វាន់​ដ៏​អស្ចារ្យ​​បំផុត​​សម្រាប់​ពួក​គេ​នោះ ​គឺ​ជា​ពាន​រង្វាន់​មួយ​ដែល​គម្រោង​ Abu Dhabi ចង់​បាន​បំផុត​ នោះ​គឺ​ពាន​រង្វាន់ UEFA Champions Leuge។​

រដ្ឋាភិបាល​ចិន​បាន​ផ្ដល់​ឲ្យ​ក្រុម Man City នូវ​ការ​គាំទ្រ​បន្ថែម​ក៏​ដូច​គ្នា​នឹង​ក្រុមហ៊ុន​​ Silver Lake ដែល​ជា​ក្រុមហ៊ុន​ឯកជន​អាមេរិក​ផង​ដែរ​។​​

ក្រុមហ៊ុន​ទាំង​នេះ​គ្រោង​នឹង​​ធានា​​ថា​ ក្រុម​ Man​ City គ្មាន​ការ​ចំណាយ​ណា​មួយ​ទៅ​លើ​​ក្រុម​ផ្លូវ​ច្បាប់​​​មួយ​ដែល​នឹង​​​ប្រឈម​នឹង​​សុពលភាព​​នៃ​​សេចក្តី​​សម្រេច​​របស់​សហភាព​​ UEFA នោះ​ទេ​។

សាស្រា្តចារ្យ​លោក Simon Chadwick ​នាយក​នៅ​មជ្ឈមណ្ឌល​​​សម្រាប់​ឧស្សាហកម្ម​កីឡា​ Eurasian បាន​​និយាយ​ថា ប្រសិន​បើ​ក្រុម Man City ជោគជ័យ​មែន​នោះ​​ ប្រព័ន្ធ​ច្បាប់​ FFP អាច​​នឹង​ដួល​រលំ​។​​

លោក Chadwick បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Press Association ​នៅ​អង់គ្លេស​​ថា៖ «​បើ​និយាយ​ឲ្យ​ចំ​ទៅ ​គឺ​សហភាព​ UEFA​ ត្រូវ​ព្យាយាម​ឈ្នះ​រឿង​ក្ដី​នេះ ​ពី​ព្រោះ​ប្រសិន​បើ​ UEFA ​មិន​ឈ្នះ ​ឬ​ត្រូវ​បាន​ធ្វើ​ឱ្យ​បរាជ័យ​តាម​វិធី​ណា​មួយ​នោះ ​តួនាទី​​នៅ​លើ​កម្មវិធី​ Financial Fair Play ចាប់​ផ្តើម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ FFP នេះ​»។​

សាស្ត្រារ្យ​រូប​នេះ​បាន​បន្ថែម​ថា៖ «​ទោះ​យ៉ាង​ណា​ ពួក​គេ​មិន​ពឹង​លើ​ Wigan នោះ​ទេ​គឺ​ពួក​គេ​នឹង​ពឹង​លើ​រដ្ឋាភិបាល​អាស៊ី​ ក្រុមហ៊ុន​បណ្ដាក់​ទុន​អាមេរិក​ និង​អ្នក​គាំទ្រ​បាល់​ទាត់​មួយ​ចំនួន​ទៀត​»។​

ទន្ទឹម​នេះ​ដែរ​ គ្រូ​បង្វឹក​ក្លិប​ Liverpool លោក Jurgen Klopp បាន​និយាយ​ជុំវិញ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុម​ជា​គូ​ប្រជែង​របស់​ខ្លួន​នេះ​ថា៖ «​នេះ​ជា​រឿង​គួរ​ឲ្យ​តក់​ស្លុត​មួយ​»។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​នៅ​លើ​ទីលាន​បាល់​ទាត់ ​គឺ​ពិសេស​ខ្លាំង​ណាស់​​ ប៉ុន្តែ​នៅ​ផ្នែក​ផ្សេង​ទៀត​គឺ​ខ្ញុំ​មិន​ដឹង​នោះ​ទេ​»។​

សហភាព​បាល់​ទាត់​ UEFA បាន​និយាយ​​ថា ក្រុម Man City បាន​រំលោភ​បំពាន​ច្បាប់​ FFP ដែល​បាន​ដាក់​ការ​រឹត​បន្តឹង​ទៅ​លើ​ការ​ខាត​បង់​ប្រាក់​របស់​ក្លិប​បាល់​ទាត់​៕ AFP/SN