ក្រុងបូហ្គូតា: លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FI-FA) កាលពីថ្ងៃសុក្រថា ប្រព័ន្ធបច្ចេកវិទ្យានៃវីដេអូជំនួយការអាជ្ញាកណ្តាលហៅកាត់ថា VAR នឹងធ្វើការបង្ហាញខ្លួនជាលើកទី ១ របស់វាក្នុងព្រឹត្តិការណ៍ World Cup ក្នុងប្រទេសរុស្ស៊ី នៅពាក់កណ្តាលឆ្នាំនេះ បើទោះបីមានការប្រឆាំងក្នុង និងក្រៅកីឡាបាល់ទាត់ក៏ដោយ។
ក្រោយពីកិច្ចប្រជុំក្រុមប្រឹក្សា FIFA ដែលបានយល់ព្រមឲ្យប្រើប្រាស់បច្ចេកវិទ្យាដែលត្រូវបានបង្កើតឡើងដោយអង្គភាព កីឡាបាល់ទាត់អន្តរជាតិ (IFAB) ក្នុងទីក្រុង Zurich កាលពី ២ សប្តាហ៍មុន លោក Infantino ឲ្យដឹងថា៖ «យើងនឹងប្រើប្រាស់ក្នុងឆ្នាំ ២០១៨ នេះជាលើកទី ១ ក្នុង World Cup ជាមួយប្រព័ន្ធ VAR»។
World Cup ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ខែមិថុនា ដល់ទី ១៥ ខែកក្កដា នោះ នឹងប្រើប្រាស់ប្រព័ន្ធ VAR ដើម្បីកាត់សេចក្តីថា គ្រាប់បាល់ត្រូវបានស៊ុតបញ្ចូលទី ឬអត់ ធ្វើការវិភាគថា តើត្រូវផ្តល់បាល់ប៉េណាល់ទី ១ ឬយ៉ាងណា សម្រេចចិត្តទៅលើការផ្តល់កាតក្រហម និងពិនិត្យមើលថា កីឡាករម្នាក់គួរតែត្រូវដាក់ពិន័យ ឬអត់?
លោក Infantino បានឲ្យដឹងថា៖ «អ្វីដែលគួរយើងចង់គឺការជួយ និងផ្តល់ឲ្យអាជ្ញាកណ្តាលមានសមត្ថភាពក្នុងការទទួលបាននូវជំនួយបន្ថែមនៅពេលដែលលោកត្រូវធ្វើការសម្រេចសំខាន់ៗជាច្រើន ហើយ World Cup មានការសម្រេចចិត្តសំ-ខន់ៗជាច្រើន»។
ជាមួយគ្នានេះ FIFA បានបញ្ជាក់ថា ខ្លួននឹងលុបចោលបម្រាមរយៈពេល ៣០ ឆ្នាំទៅលើការធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាបាល់ទាត់អន្តរជាតិនានាលើទឹកដីអ៊ីរ៉ាក់ ខណៈដែលទីក្រុង Arbil, Basra និង Karbala នឹងត្រូវផ្តល់សិទ្ធិឲ្យរៀបចំការប្រកួតផ្លូវការនានា។
ប៉ុន្តែ FIFA បានបន្ថែមទៀតថា ពួកគេមិនទាន់អាចយល់ព្រមទៅលើសំណើមួយពីសំណាក់អាជ្ញាធរអ៊ីរ៉ាក់ ក្នុងការរៀបចំការប្រកួតនានាក្នុងរដ្ឋធានីបាដាដឡើយ។ អ៊ីរ៉ាក់ មិនធ្លាប់បានលេងការប្រកួតអន្តរជាតិលើទឹកដីខ្លួនឯងសោះ បើគិតចាប់តាំងពីការឈ្លានពានរបស់ប្រទេសនេះលើប្រទេសកូវ៉ែត កាលពីឆ្នាំ ១៩៩០៕