ក្រុងលីវើភូល: Liverpool បានត្រូវការគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួត ប៉ុន្តែ បានបង្ហាញថា ក្រុម Paris Saint-Germain មានការជាច្រើនដើម្បីធ្វើ ប្រសិនបើពួកគេចង់ឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី១ ខណៈដែលខ្សែប្រយុទ្ធ Roberto Firmino បានរកគ្រាប់បាល់ឈ្នះនៅនាទីបន្ថែម ដើម្បីជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះ ៣-២ នៅកីឡដ្ឋាន Anfield កាលពីថ្ងៃអង្គារ។
បើទោះបីភិតភ័យនៅជិតបញ្ចប់ការប្រកួតដ៏ដោយ ប៉ុន្តែ ជ័យជម្នះនេះ ពិតជាស័ក្តិសមសម្រាប់ក្រុមម្ចាស់ជើងឯករងកាលពីរដូវកាលមុនមួយនេះ ដែលបានគ្រប់គ្រងការប្រកួតយ៉ាងល្អ និងបានវាយពីការរបូតការនាំមុខ ២-០ ក្នុងតង់ទី១ ដើម្បីដណ្តើមយកប្រៀបក្នុងការប្រកួតពូល C។
គ្រាប់បាល់បញ្ចូលទីពីខ្សែប្រយុទ្ធ Daniel Sturridge និងការស៊ុតបាល់ប៉េណាល់ទីពី James Milner បានជួយឲ្យក្រុមម្ចាស់ផ្ទះមានគ្រាប់បាល់នាំមុខមុន នៅមុនពេល Thomas Meunier បានកាត់បន្ថយការដេញតាមពីក្រោយរបស់ PSG។
ក្រោយពីបានរារាំងខ្សែប្រយុទ្ធ Kylian Mbappe និងកីឡាករមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងពិភពលោក Neymar ស្ទើរតែទាំងស្រុងក្នុងការប្រកួតទាំងមូល ក្រុម Liverpool ហាក់ត្រូវបញ្ចប់ក្នុងលទ្ធផលស្មើ ដោយសារតែការបញ្ជូនបាល់មិនបានល្អរបស់ Mohamed Salah ទៅហើយ ខណៈដែល Mbappe បានរកគ្រាប់បាល់តាមស្មើវិញនៅរយៈពេល៧នាទីចុងក្រោយ។
ប៉ុន្តែ Firmino ដែលបានស្ថិតជាកីឡាករបម្រុងដោយសារតែរបួសភ្នែកក្នុងពេលប្រកួតជាមួយក្រុម Tottenham កាលពីថ្ងៃសៅរ៍នោះ បានរកគ្រាប់បាល់កាត់សេចក្តី ខណៈដែលរូបគេបានអូសបាល់ចុះឡើង មុននឹងស៊ុតបាល់ចូលជ្រុងម្ខាងយ៉ាងល្អ ដើម្បីធ្វើឲ្យការឈ្នះជាប់ៗគ្នារបស់ Liverpool កើនដល់៦លើកនៅរដូវកាលនេះ។
ក្រោយពីខ្សេប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ បានអបអរតាមរយៈការខ្ទប់ភ្នែកឆ្វេងដែលរបួសរបស់គេ លោក Klopp បានឲ្យដឹងថា៖ «អ្នកអាចដាក់ឲ្យ Firmino ចូលលេងបាន ហើយរូបគេបានជួយដល់អ្នកជាច្រើន។ ខ្ញុំចូលចិត្តការអបអរការរកគ្រាប់បាល់របស់គេ»៕ IS