ក្រុង Linz៖ យុវតារាវាយកូនបាល់ Coco Gauff បានឈ្នះពានរង្វាន់សមាគមវាយកូនបាល់ពិភពលោក (WTA) ជាលើកដំបូងពីថ្ងៃអាទិត្យក្រោយពីបានយកឈ្នះលើកីឡាការិនី Jelena Ostapenko ក្នុងលទ្ធផល ៦-៣, ១-៦, ៦-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រក្នុងទីក្រុង Linz ប្រទេស អូទ្រីស ធ្វើឲ្យរូបនាងបានពានរង្វាន់នេះ លើកដំបូងក្នុងអាយុ ១៥ ឆ្នាំ។
កីឡាការិនី Gauff បានបញ្ចប់សប្ដាហ៍ដ៏ល្អមួយក្នុងទីក្រុង Linz ដើម្បីក្លាយជាកីឡាការិនីក្មេងជាងគេបំផុតដែលបានឈ្នះពានរង្វាន់ WTA តាំងពីកីឡាការិនីឆែក Nicole Vaidisova បានឈ្នះពានរង្វាន់នេះក្នុងទីក្រុង Vancouver ប្រទេស កាណាដា នៅឆ្នាំ ២០០៤។
បន្ទាប់ពីទទួលពានរង្វាន់នេះដោយមានអ្នកទស្សនាចំនួន ៣ ០០០ នាក់ ហើយកីឡាការិនី Gauff បាននិយាយថា៖ «ខ្ញុំនឹងចងចាំថ្ងៃនេះពេញក្នុងមួយជីវិតរបស់ខ្ញុំ»។
កីឡាការិនីរូបនេះបានបន្ថែមថា៖ «ខ្ញុំមានសប្ដាហ៍ដ៏អស្ចារ្យមួយ ហើយខ្ញុំសង្ឃឹមថា វានឹងជួយដល់អនាគតរបស់ខ្ញុំ»។
កីឡាការិនី Gauff បានបន្ថែមថា៖ «ខ្ញុំនៅតែមិនអស់ចិត្តនឹងនិយាយថា ខ្ញុំបានឈ្នះពានរង្វាន់ WTA ជាលើកដំបូងរបស់ខ្ញុំ»។
កីឡាការិនីអាមេរិករូបនេះបានបន្ថែមទៀតថា៖ «ការប្រកួតនេះ គឺពិតជាមិនស្ថិតក្នុងកាលវិភាគរបស់ខ្ញុំនោះទេនៅពេលចាប់ផ្ដើមរដូវកាលនេះ ប៉ុន្តែពេលនេះខ្ញុំមានឱកាសដើម្បីទទួលបានពានរង្វាន់និងធ្វើជាម្ចាស់ជើងឯកវាយកូនបាល់ពិភពលោកទៀតផង»។
កីឡាការិនី Gauff នឹងឡើងចំណាត់ថ្នាក់ពីលេខ ១១០ មកនៅលេខ ៨០ វិញ ក្រោយពីបានក្លាយជាពលរដ្ឋអាមេរិកវ័យក្មេងបំផុតដែលបានឈ្នះពានរង្វាន់ WTA តាំងពីកីឡាការិនី Jennifer Capriati ធ្លាប់បានបែបនេះនៅទីក្រុងតូរ៉ុនតូ ប្រទេស កាណាដា នៅឆ្នាំ ១៩៩១។
ចំណែកកីឡាការិនី Ostapenko បាននិយាយថា៖ «អ្នកធ្វើបានល្អនៅថ្ងៃនេះ។ អ្នកនឹងមានអនាគតភ្លឺស្វាង ហើយខ្ញុំសប្បាយចិត្តដែលបានលេងជាមួយអ្នកនៅថ្ងៃនេះ»៕ AFP/SN