ក្រុង​ប៉ា​រីស: ទី​បំផុត ក្រុម​បាល់​​ទាត់​ជម្រើស​​ជាតិ​​បារាំង បាន​អប​អរ​ការ​ឈ្នះ​​ពាន World Cup ជា​​​មួយ​នឹង​អ្នក​គាំទ្រ​​នៅ​លើ​ទឹកដី​របស់​ពួក​គេ កាល​ពី​​ថ្ងៃ​អាទិត្យ ក្រោយពី​ខ្សែ​ប្រយុទ្ធ Kylian Mbappe និង Olivier Giroud សុទ្ធ​សឹង​រក​បាន​គ្រាប់​បាល់​ដូច​គ្នា ក្នុង​ពេល​ក្រុម​ខ្លួន​យកឈ្នះ​លើ​​ក្រុម​ជម្រើស​ជាតិ​​ហូ​ឡង់ ២-១ ក្នុង​ទីក្រុង​ប៉ា​រីស​​។

Giroud រក​បាន​គ្រាប់​​បាល់​ឈ្នះ​ ក្រោយពី​ការ​បញ្ជូន​បាល់​របស់​កីឡាករ Benjamin Mendy នៅ​នាទី ទី​ ៧៥ ដើម្បី​រក​គ្រាប់​បាល់​ទី​១​របស់​គេ​ក្នុង​ចំណោម​ការប្រកួត ​១១ លើក សម្រាប់​ក្រុម​ជម្រើស​ជាតិ​បារាំង ក្រោយពី​ខ្សែ​ប្រយុទ្ធ​របស់ Chelsea រូបនេះ បាន​បំពេញ​យុទ្ធ​នាការ​​ទាំងមូល​របស់​ប្រទេស​ខ្លួន​នៅ​រុស្ស៊ី ដោយ​មិន​រក​បាន​គ្រាប់​បាល់​បញ្ចូល​ទី​សោះ​។

ក្នុង​ការ​បង្ហាញ​ខ្លួន​ជាលើក​ទី​ ១ ​របស់​ពួក​គេ​នៅលើ​ទឹកដីខ្លួន​ឯង ចាប់​តាំងពី​យុទ្ធ​នាការ World Cup តារាឆ្នើម Mbappe បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង មាន​គ្រាប់​បាល់​នាំមុខ​មុន ក្នុង​ការ​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ​ពី​សំណាក់​កីឡាករ​វ័យ​ ១៩ ​ឆ្នាំ​រូប​នេះ នៅមុន​ពេល Ryan Babel បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​តង់​ទី ​២​។

ខ្សែ​បម្រើ​​ហូ​ឡង់ Georginio Wijnaldum (ឆ្វេង) ដណ្តើម​បាល់​ជា​មួយ​នឹង​ខ្សែ​ប្រយុទ្ធ​បារាំង Kylian Mbappe (កណ្តាល) ក្នុង​ការប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​​។ AFP

កីឡដ្ឋាន Stade de France បាន​ផ្ទុះ​ការ​អប​អរ​​យ៉ាង​ខ្លាំង​ក្លា ចំពោះ​គ្រាប់​បាល់​ឈ្នះ​របស់ Giroud ក្នុង​ការ​ប្រកួត​មួយ​នៃ​យុទ្ធ​នាការ​របស់ UEFA Nations League​៕ IS