ក្រុង​មីឡានៈ ខ្សែ​ប្រយុទ្ធ​ Antoine Griezmann បាន​ជួយ​សង្គ្រោះ​ឲ្យ​បាន​ស្មើ​គ្នា​សម្រាប់​​ក្រុម Barcelona នៅ​លើ​ទឹក​ដី​ក្រុម Napoli ក្នុង​ជើង​ទី​ ១ ​នៃ​វគ្គ​ ១៦ ​ក្រុម​ចុង​ក្រោយនៅ​ក្រប​ខ័ណ្ឌ​​ Champions League កាល​ពី​យប់​មិញ​នេះ​​។​

ខ្សែ​ប្រយុទ្ធ​បារាំង​ Griezmann រក​បាន​គ្រាប់​បាល់​នៅ​នាទី​ទី​ ៥៧​ នៅ​ក្នុង​ទី​ក្រុង​ Naples ក្រោយ​ពី​កីឡាករ​ Dries Mertens បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​នាំ​មុខ​ ១​ គ្រាប់​​នៅ​នាទី​ទី​ ៣០​ ជា​មួយ​ការ​រក​បាន​គ្រាប់​បាល់​លើក​ទី​ ១២១​ របស់​រូប​គេ​នៅ​ក្រុម Napoli ដែល​ស្មើ​គ្នា​នឹង​កីឡាករ​ Marek​Hamsik ដែល​រក​បាន​គ្រាប់​បាល់ច្រើន​ជាង​គេ​បំផុតក្នុង​ការ​ប្រកួត​ទាំង​អស់​​នៅ​ក្លិប​នេះ​។​

ក្រុម Barcelona បាន​បញ្ចប់​ការ​ប្រកួត​នេះ​នៅ​ពេល​គ្នា​១០​នាក់​ក្រោយ​ពី​កីឡាករ​ Arturo Vidal ត្រូវ​បាន​បណ្ដេញ​ចេញ​នាទី​ទី​ ៨៩ ក្រោយ​ពី​បានកាត​លឿង​ ២​ លើក ​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​​ខ្លាំង​ជា​មួយ​ខ្សែ​ការ​ពារ​ Mario Rui របស់​ក្លិប Napoli។​

គ្រូ​បង្វឹក​ក្រុម​ Barcelona លោក​ Quique ​Setien​ ​ដែល​ក្រុម​របស់​គាត់​នឹង​ស្វាគមន៍​ក្រុម Napoli នៅ​ថ្ងៃ​ទី ១៨ ខែ​មីនា​ សម្រាប់​ជើង​ទី​ ២​ នោះ​បាន​​និយាយ​ថា៖ «​នៅ​ចុង​បញ្ចប់​ វា​ជា​លទ្ធ​ផល​ស្មើ​គ្នា​ដ៏​ល្អ​មួយ​ដែលធ្វើ​ឲ្យ​​យើង​មាន​សង្ឃឹម​នៅពេល​ប្រកួត​ក្នុង​ទឹក​ដី​របស់​យើង​»​។

នេះ​ជាការ​ប៉ះ​គ្នា​លើក​ដំបូង​រ​វាង​ក្រុម​ទាំង​២​នេះ​ ហើយ​ក៏​​​ជា​ការ​ប្រកួត​គ្នាលើក​ដំបូង​​នៅ​ក្រប​ខ័ណ្ឌ​ Champions League សម្រាប់​លោក​ Setien និង​លោក Gennaro Gattuso ជា​គ្រូ​បង្វឹក​ក្លិប​ Napoli ដែល​បាន​ដឹក​នាំ​ក្រុម​នេះ​ក្រោយ​ពី​ការ​ប្រកួត​ជ​​ម្រុះ​ក្នុង​ពូល​ផង​ដែរ​​​។​

លោក Gattuso បាន​និយាយ​ថា៖ «​ពួក​គេ​មិន​បាន​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ខ្លាំង​ពេក​ទេ​។​ វា​បាន​ភ្លាត់​ស្នៀត​បន្តិច​ដែល​បាន​ធ្វើ​ឲ្យយើង​​រង​គ្រោះ​តែ​ម្ដង​»។​

ប្រធាន​ក្រុម Lorenzo Insigne នៅ​ក្លិប Napoli បាន​បន្ថែម​ថា៖«​យើង​អាច​នឹង​​ឈ្នះ​ទៅ​ហើយ​ប៉ុន្តែ​យើង​បែរ​ជា​ខក​ចិត្ត​ទៅ​វិញ​។ វា​ពិត​ជា​រីក​រាយ​ណាស់​ដែល​បាន​ប្រកួត​ជា​មួយ​កីឡាករ​ឆ្នើម​ៗ​មួយ​ចំនួន​ដូច​ជា​ Lionel Messi ជា​ដើម»​។​​

កីឡាករ​ Messi ​រក​មិន​បាន​​គ្រាប់​បាល់​​ទេ​នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូងរបស់​រូប​គេ​នៅ​កីឡដ្ឋាន​ Stadio San Paolo ជា​ទី​ដែល​វីរ​បុរស​​ Diego Maradona របស់​ក្លិប​ Napoli បាន​បង្ហាញ​ទម្រង់​លេង​អស្ចារ្យ​កាល​ពី​ ៣​ ទស​វត្សរ៍​មុន​។​

កីឡាករ Messi​ វ័យ ៣២ ឆ្នាំ​ រកបាន​​គ្រាប់​​បាល់​ ៤ គ្រាប់ ​កាល​ពី​ចុង​សប្តាហ៍​ក្នុង​ជ័យ​ជម្នះ​ ៥-០ របស់ក្លិប​ Barcelona ​លើ​ក្រុម​ Eibar​ ធ្វើ​ឲ្យពួក​គេ​ឡើង​ទៅ​ឈរ​នៅ​កំពូល​តា​រាង​ La Liga វិញ​ ប៉ុន្តែ​រូប​គេ​មិន​អាចបន្ថែម​គ្រាប់​បាល់​ទី ​១១៤​ ​របស់​ខ្លួន​នៅ​ក្រប​ខ័ណ្ឌ​ Champions League របស់​គាត់​បាន​​ឡើយ​។​

​លោក Gattuso បាន​និយាយ​ថា៖«​ប្រសិន​បើ​ថ្ងៃ​នេះ​ក្រុម​ Barca ​បាន​ធ្វើ​ដូច​ដែល​ពួក​គេ​បាន​​លេង​​កាល​ពី​ ៣​ ថ្ងៃ​មុន​ជា​មួយ​ក្រុម Eibar នោះ​ វា​ប្រហែល​ជា​​ក្រុម Napoli គ្មាន​សង្ឃឹម​នោះ​ឡើយ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​សង្ឃឹម​ថា គ្មាន​អ្នក​ណា​គិត​ថា​ វា​បាន​បញ្ចប់​នោះ​ទេ​ព្រោះ​យើង​ដឹង​ថា វា​នឹង​កាន់​តែ​លំបាក​ប៉ុន្តែ​គ្មាន​អ្វី​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ​»​៕ AFP/SN