ក្រុង​ឡុងដ៍៖ គ្រូ​បង្វឹក​ក្រុម Man City លោក Pep Guardiola បាន​និយាយ​ថា ក្លិប​ Man City នៅ​មិន​ទាន់​ត្រៀម​លក្ខណៈ​លើក​ពាន​រង្វាន់​ក្របខ័ណ្ឌ Champions League នៅ​ឡើយ​ទេ​។​

ក្លិប​ Man City បាន​ឆ្លើយ​តប​នឹង​ការ​ចាញ់​ក្របខ័ណ្ឌ Premier League គួរ​ឲ្យ​រន្ធត់​ចិត្ត​ចំពោះ​ក្រុម​ Wolves នៅ​មុន​ពេល​ការ​ឈប់​សម្រាក​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​​ ប៉ុន្តែ​ពួក​គេ​បាន​ទទួល​ជ័យ​ជម្នះ​ ២-០ ទៅ​លើ​ក្រុម​ Crystal Palace កាល​ពី​ថ្ងៃ​សៅរ៍​។​

ក្លិប Man City ជា​ម្ចាស់​ជើងឯក​ Premier League ២ ​ជំនាន់ ​ឥឡូវ​នេះ​មាន ​៦ ​ពិន្ទុ ​តាម​ពី​ក្រោយ​ក្រុម​ Liverpool ដែល​មិន​​ធ្លាប់​ចាញ់​នៅ​មុន​ពេល​ការ​ប្រកួត​ក្របខ័ណ្ឌ​​ Champions League ជាមួយ​ក្រុម​ Atalanta នៅ​យប់​ថ្ងៃ​អង្គារ​​នេះ​តែ​ម្ដង​​។​

ដោយ​ធ្លាប់​បាន​ឈ្នះ​ពាន​រង្វាន់​លីក​​អង់គ្លេស​ហើយ​នោះ​ ក្រុម Man City ចង់​បាន​ការ​លើក​ពាន​រង្វាន់​អឺរ៉ុប​ឲ្យ​បាន​ម្ដង​ ​ប៉ុន្តែ​លោក​ Guardiola ជឿ​ថា​ក្រុម​របស់​គាត់​មិន​ស្ថិត​នៅ​ជិត​នឹង​ការ​គ្រង​តំណែង​កំពូល​ក្នុង​ក្របខ័ណ្ឌ ​Champions ​League ​នៅ​ឡើយ​ទេ​។

លោក ​Guardiola ​ដែល​ក្លិប​ Man ​City​ របស់​គាត់​បាន​ចាញ់​ក្នុង​វគ្គ ​៨ ​ក្រុម​ចុង​ក្រោយ ​​នៅ​រយៈពេល ​២ ​រដូវ​កាល​មុន​នោះ​​និយាយ​ថា៖ ​«មនុស្ស​​និយាយ​ពី​ក្របខ័ណ្ឌ​ Champions ​League ជា​គោលដៅ ​ប៉ុន្តែ​យើង​នៅ​តែ​មិន​ទាន់​ត្រៀម​ខ្លួន​នៅ​ឡើយ​ទេ​»​។

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​យើង​បង្កើត​បាន​ឱកាស​ជា​​ច្រើន យើង​មិន​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​ ប៉ុន្តែ​យើង​អាច​បង្កើន​សមត្ថភាព​ថែម​ទៀត​។ យើង​ត្រូវ​រក​គ្រាប់​បាល់​បាន​ច្រើន​ក្នុង​រយៈពេល ​២ ​​រដូវកាល​ចុង​ក្រោយ​នេះ​ ហើយ​ខ្ញុំ​មិន​មាន​ការ​សង្ស័យ​​​អំពី​រឿង​នោះ​ទេ​ ប៉ុន្តែ​យើង​ត្រូវ​តែ​បន្ត​ធ្វើ​វា​ថែម​ទៀត​»​។

កីឡាករ​ Gabriel Jesus រក​បាន​គ្រាប់​បាល់​ជ័យ​ជម្នះ​នៅ​ឯ​កីឡដ្ឋាន​ Selhurst ជា​ទី​ដែល​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​​រក​បាន​​គ្រាប់​បាល់​ទី​ ៥០ របស់​គាត់​ចាប់​តាំង​ពី​បាន​ចេញ​ពី​ក្លិប​​ Palmeiras នៅ​ឆ្នាំ ២០១៧​។

លោក​ Guardiola ​បាន​និយាយ​ថា​៖ «​គាត់​ (Jesus) នឹង​មាន​អាជីព​យូរ​អង្វែង​ ហើយ​ជាមួយ​ការ​ប្ដេជ្ញា​​ចិត្ត​នោះ គាត់​​នឹង​​ទទួល​​បាន​​ជោគជ័យ​​។ គាត់​ស្រែក​ឃ្លាន​ គាត់​នឹង​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​សំខាន់​នៅ​ជុំវិញ​ពិភព​លោក​ ហើយ​យើង​មាន​សំណាង​ណាស់​ដែល​មាន​គាត់​"។

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​កីឡាករ​ Gabriel តែងតែ​ល្អ​តាំង​ពី​ដើម​មក​ម្ល៉េះ​។ ជា​អកុសល​​គាត់​មាន​របួស​ធ្ងន់ ​២ ​លើក​។ កាល​ពី​រដូវកាល​មុន ​វា​ពិត​ជា​លំបាក​ណាស់​សម្រាប់​គាត់​បន្ទាប់​ពី​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​រួច​ហើយ​ វា​មិន​ងាយ​ស្រួល​នោះ​ទេ​ ប៉ុន្តែ​គាត់​នៅ​តែ​​រឹងមាំ​»​។ AFP/SN