ក្រុង​ប៊ែរឡាំង៖ កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត ​២ ​នាក់ ​ក្នុង​ពិភព​លោក​មិន​អាច​ប្រកួត​ឈ្នះ​​កីឡាករ​ Erling Braut Haaland ខណៈ​កីឡាករ​ន័រវែស​រូប​នេះ​បាន​បន្ត​រះ​គួរ​ឲ្យ​កត់​សម្គាល់​តាមរយៈ​ការ​រក​បាន​គ្រាប់​បាល់​ ​២ ​គ្រាប់ ​ដើម្បី​ជួយ​ឲ្យ​ក្រុម Borussia Dortmund ឈ្នះ​ក្រុម PSG ២-១ កាល​ពី​រាត្រី​ថ្ងៃ​ពុធ​។​​

នៅ​ពេល​កីឡាករ​ Kylian Mbappe​បាន​បញ្ជូន​បាល់​ឱ្យ​កីឡាករ ​Neymar ​ដើម្បី​លុប​ចោល​គ្រាប់​បាល់​បើក​ឆាក​របស់​កីឡាករ ​Haaland​ នៅ​តង់​ទី​ ២ ​នៃ​ការ​ប្រកួត​ Champions ​League​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ​ជើងទី ១ ​នៅ​កីឡដ្ឋាន ​Signal Iduna Park ​នោះ​វា​មើល​ទៅ​ដូច​ជា​ក្រុម​ PSG នឹង​ចាកចេញ​ពី​ប្រទេស ​អាល្លឺម៉ង់ ​ជាមួយ​ក្ដី​សង្ឃឹម​ក្នុង​ការ​លើក​ពាន​នេះ​អ៊ីចឹង​។

ប៉ុន្តែ​ក្រោយ​មក​នៅ​នាទី​ទី​ ៧៧ ​កីឡាករ​ Haaland បាន​ទទួល​​បាល់​ពី​កីឡាករ​ Giovanni និង​បាន​ស៊ុត​បាល់​ចេញ​ពី​គែម​តំបន់​គ្រោះថ្នាក់​ដោយ​ជើង​ឆ្វេង​យ៉ាង​លឿន​ទៅ​ចូល​ក្នុង​​សំណាញ់​ទី​​យ៉ាង​ល្អ ​ដើម្បី​ជួយ​ឱ្យ​ក្រុម​ Dortmund ​មាន​ប្រៀប​លើ​ការ​ត្រឡប់​ទៅ​កាន់​ទីក្រុង​ប៉ារីស​វិញ​នៅ​​ថ្ងៃទី ​១១​ ខែ​មីនា​។

ប្រហែល​ជា​ខ្សែ​ប្រយុទ្ធ​ទាំង ​២ ​​របស់​ក្រុម​ PSG ដែល​មាន​តម្លៃ​ខ្លួន​ចំនួន​ ៤០២ ​លាន​អឺរ៉ូ​ ប្រហែល ៤៣៤ ​​លាន​ដុល្លារ​​ នឹង​អាច​ធ្វើ​ការ​កែប្រែ​លទ្ធផល​នេះ ​ដើម្បី​ផ្តល់​ឱ្យ​ក្លិប​បារាំង​មួយ​នេះ​នូវ​កៅអី ​១ ​នៅ​វគ្គ ​៨ ​ក្រុម​ចុង​ក្រោយ​​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​។

ប៉ុន្តែ​ក្រុម​ Dortmund សម​នឹង​ទទួល​បាន​ជ័យជម្នះ​របស់​ពួក​គេ​នៅ​រាត្រី​នេះ​ក្នុង​ការ​ប្រកួត​ដែល​ពិត​ជា​បាន​ចាប់​ផ្តើម​អនុវត្ត​តាម​ទម្រង់​លេង​របស់​ខ្លួន​នៅ​ក្នុង​តង់​ទី ​២ ​ជា​ពេល​ដែល​កីឡាករ ​Haaland​ រក​បាន​គ្រាប់​បាល់​បើក​ឆាក​នៅ​នាទី​ទី​ ៦៩ ​បន្ទាប់​ពី​កីឡាករ​ Thiago Silva ​បាន​រារាំង​ការ​ស៊ុត​របស់​កីឡាករ Raphael Guerreiro។

កីឡាករ​ Haaland បាន​ប្រាប់​ UEFA.com ក្រោយ​ពី​ការ​ប្រកួត​នេះ​ថា៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​នៅ​តែ​អាច​ធ្វើ​បាន​ល្អ​​កាន់​តែ​ប្រសើរ​នៅ​កម្រិត​នេះ​ ហើយ​ខ្ញុំ​ត្រូវ​តែ​លេង​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​ថែម​ទៀត​»។

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ «​លទ្ធផល​នេះ​ពិត​ជា​គ្រោះ​ថ្នាក់​ណាស់​ព្រោះ​ក្លិប​ទីក្រុង​ប៉ារីស​​នេះ​មាន​ក្រុម​ខ្លាំង​ច្រើន​ ហើយ​អាច​នឹង​​មាន​ឱកាស​​ឆ្លង​ផុត​ជើង​វិល​ជុំ​នេះ​​​»។

ទន្ទឹម​នឹង​នេះ កីឡាករ​ក្រុម ​Dortmund ​បាន​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​មិត្ត​រួម​ក្រុម​របស់​ពួក​គេ​ដែល​បាន​លេច​ធ្លោ​តាមរយៈ​ការ​ស៊ុត​បាល់​​បញ្ចូល​ទី​ចំនួន ​៩ ​គ្រាប់ ​​​សម្រាប់​ក្រុម​​ជម្រើស​​ជាតិ​​​ន័រវែស​​នៅ​ក្នុង​ព្រឹត្តិការណ៍​​​​បាល់​ទាត់​ពិភព​លោក​អាយុ​ក្រោម​ ២០ ​ឆ្នាំ​កាល​​ពី​ឆ្នាំ​មុន​។

កីឡាករ Axel Witsel បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​ RMC Sport ថា៖ «​គាត់​នៅ​មាន​ឱកាស​ច្រើន​​សម្រាប់​បង្កើន​សមត្ថភាព​ទៀត ​ប៉ុន្តែ​គាត់​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ ​ដើម្បី​ក្លាយ​ជា​កីឡាករ​ឆ្នើម​ម្នាក់​យ៉ាង​ពិត​ប្រាកដ​មួយ​នៅ​ពេល​អនាគត​»​។​

ចំណែក​កីឡាករ Emre Can ដែល​ខ្ចី​ជើង​ពី​ក្រុម Juventus បាន​ប្រាប់​ BT Sport ថា៖ «​ជា​ការ​ពិត​ គាត់​ជា​កីឡាករ​ឆ្នើម​ម្នាក់ ហើយ​គាត់​ក៏​ជា​មនុស្ស​ល្អ​ម្នាក់​ផង​ដែរ​។ គាត់​ជា​មនុស្ស​រីក​រាយ​ម្នាក់​ ហើយ​សង្ឃឹម​ថា គាត់​នឹង​បន្ត​បែប​នោះ​ទៀត​»​។​

ការ​រក​បាន​គ្រាប់​បាល់ ​៨ ​គ្រាប់ ​នៅ​ក្នុង​វគ្គ​នេះ ​គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ក្រុម Salzburg ដើម្បី​ឡើង​ទៅ​វគ្គ ​១៦ ​ក្រុម​ចុង​ក្រោយ​នោះ​ទេ​ ​ប៉ុន្តែ​ពួក​គេ​បាន​ជួយ​ឲ្យ​រូប​គេ​​បាន​ទៅ​លេង​នៅ​ក្លិប Dortmund ក្នុង​តម្លៃ​ខ្លួន ​២០ ​លាន​អឺរ៉ូ​ ប្រហែល​ជាង​ ២១ ​លាន​ដុល្លារ​ នៅ​រដូវ​ត្រជាក់​ឆ្នាំ​នេះ​។

នៅ​រាត្រី​នោះ​ដែរ​ ​ក្រុម Liverpoo បាន​ចាញ់​ក្រុម Atletico Madrid ១-០​ នៅ​ក្រៅ​ទឹក​ដី ​ប៉ុន្តែ​លោក​ Jurgen Klop បាន​ប្រាប់​ឲ្យ​លោក​ Diego Simeone ប្រយ័ត្ន​ចំពោះ​ការ​ប្រកួត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​សម្រាប់​ជើង​ទី ​២ ​នៃ​ក្របខ័ណ្ឌ Champions league​៕ AFP/SN