ក្រុងឡុងដ៍ៈ កីឡាការិនី​វាយ​កូន​បាល់ Simona Halep ជឿថា ការចាញ់​របស់​កីឡាការិនី Serena Williams គឺ​ដោយសារ​មិន​បាន​ធ្វើការ​គំរាមកំហែង​ស្មារតី​ដែល​ធ្លាប់​ធ្វើ​កន្លង​ទៅ​លើ​គូប្រជែង​របស់​ខ្លួន​ ដើម្បី​កាច់​បំបាក់​ស្មារតី​មុនពេល​ពួកគេ​បោះជំហាន​ចូល​ទីលាន​ប្រកួត​វាយ​កូន​បាល់ (Tennis)​។

កីឡាការិនី Halep បាន​យក​ឈ្នះ​កីឡាការិនី Williams ៦-២ និង ៦-២ ក្នុង​រយៈពេល​ជិត​ ១ ​ម៉ោង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ក្របខ័ណ្ឌ Wimbledon កាលពី​ថ្ងៃ​សៅរ៍​ ដើម្បី​ក្លាយ​ជា​ស្ត្រី​រ៉ូម៉ានី​ដំបូង​គេ​ដែល​បាន​ឈ្នះ​ពាន Wimbledon នៅ​កីឡដ្ឋាន All England Club​។

ក្នុង​ការប្រកួត​រយៈពេល ៥៦ នាទី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​កីឡាការិនី Williams ដែល​ជា​ម្ចាស់​ជើងឯក​ពាន Slam ២៣ ​ជំនាន់​នេះ​គឺ​មាន​កំហុស​ច្រើន​បំផុត​។

កីឡាការិនី Halep អាយុ​ ២៧ ​ឆ្នាំ​បាន​ទទួល​ស្គាល់​ថា​៖ «​ខ្ញុំ​តែងតែ​រង​ការបំភ័យ​ស្មារតី​បន្តិចបន្តួច នៅពេល​ខ្ញុំ​ឡើង​ប្រកួត​ជាមួយ Williams »​។

កីឡាការិនី​រូបនេះ​បាន​បន្ត​ថា​៖ «​នាង​គឺជា​គំរូ និង​ជា​កម្លាំងចិត្ត​សម្រាប់​អ្នក​គ្រប់គ្នា ប៉ុន្តែ​ថ្ងៃ​នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​នៅ​ពេល​មុន​ប្រកួត​នេះ​ថា ខ្ញុំ​នឹង​ផ្ដោត​លើ​ខ្លួនឯង និង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Grand Slam គឺ​មិន​ត្រូវ​ផ្ដោតលើ​នាង​ពេក​នោះ​ទេ​»​។

កីឡាការិនី Halep បាន​បន្ថែម​ថា​៖ «​ដូច្នេះ​ហើយ​ខ្ញុំ​អាច​ប្រឹងប្រែង​លេង​បាន​ល្អ​បំផុត ដោយ​គ្មាន​អារម្មណ៍​តានតឹង និង​អាច​មាន​ផលវិជ្ជមាន​ព្រម​ទាំង​ទំនុកចិត្ត​នៅពេល​ប្រកួត​ជាមួយ​នាង​ថែម​ទៀត​»​។

វា​ជា​បច្ចេកទេស​មួយ​ដែល​មាន​ប្រសិទ្ធភាព​ល្អ​បំផុត​សម្រាប់​កីឡាការិនី​ជាប់​លេខ​ ៧ ​ក្នុង​ពិភពលោក​ម្នាក់​នេះ​ដែល​បាន​ចាញ់​ ៩ ​ដង​ក្នុង​ការជួប​ ១០ ​លើក​ជាមួយ​កីឡាការិនី​សញ្ជាតិ​អាមេរិក Williams រូប​នេះ​គឺ​ធ្លាប់​ឈ្នះ Williams តែ​ម្ដងគត់​នៅ​ក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ WTA នៅ​ប្រទេស​សិង្ហបុរី​ឆ្នាំ​ ២០១៤​។

ចំពោះ​កីឡាការិនី Halep វិញ​នេះ​គឺ​ការលើក​ពាន Grand Slam ជា​លើក​ទី​ ២ ​ហើយ​ក្រោយពី​បាន​ឈ្នះ​នៅ​ក្របខ័ណ្ឌ French Open ឆ្នាំ​ ២០១៨ ដែល​បាន​ចាញ់ ៣ លើក​ក្នុង​ការប្រកួត​ពាន​នៅ​ព្រឹត្តិការណ៍ Slam​។

កាលពី​ថ្ងៃ​សៅរ៍​កីឡាការិនី​រូប​នេះ​បាន​ធ្វើឲ្យ​ខូច​តែ ៣ លើក​ប៉ុណ្ណោះ ចំណែក Williams វិញ​គឺ​ខូច​រហូត​ដល់​ ២៦ លើក​ឯណោះ​។

កីឡាការិនី Halep បាន​និយាយ​ថា​៖ «​ខ្ញុំ​ប្រាកដ​ណាស់​ថា នោះ​គឺជា​ការប្រកួត​ល្អ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ជីវិត​របស់​ខ្ញុំ​»​។

កីឡាការិនី Halep គឺជា​អ្នក​ជាប់​លេខ ២ នៅ​ក្របខ័ណ្ឌ Australia Open ដោយសារ​ចាញ់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​ ២០១៨ ក្រោម​ស្នាដៃ​របស់​កីឡាការិនី Caroline Wozniacki ។

រហូត​មក​ដល់​ពេល​នេះ​កីឡាការិនី​រូបនេះ​មិន​ដែល​បាន​ឡើង​ឲ្យ​ហួស​វគ្គ​ ៤ ​នាក់​ចុងក្រោយ​នៅ​ក្របខ័ណ្ឌ Wimbledon នោះ​ទេ ខណៈ​ការ​ឡើង​ដល់​វគ្គ​ ៤ ​នាក់​កាលពី​ឆ្នាំ​ ២០១៥ ​នៅ​តែ​ជា​ទម្រង់​លេង​ល្អ​បំផុត​របស់​នាង​នៅ​ក្របខ័ណ្ឌ US Open​។

នៅពេល​កីឡាការិនី Halep បាន​ឈ្នះ​ពាន​ក្របខ័ណ្ឌ French Open ឆ្នាំ​ ២០១៨ នាង​បាន​ធ្លាក់​នៅ​ជុំ​ទី​ ៣ ​នៅ​ក្របខ័ណ្ឌ Wimbledon និង​នៅ​ជុំ​ដំបូង​នៃ​ក្របខ័ណ្ឌ US Open​។

កីឡាការិនី​រូបនេះ​បាន​និយាយ​ថា​៖ «​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ខ្ញុំ​បាន​ចាញ់​ក្នុង​ពេល​កន្លង​មក​នេះ​បាន​ជួយ​ឲ្យ​ខ្ញុំ​ជា​ការពិត​មាន​ការរីកចម្រើន​ជាង​មុន​ច្រើន​ដូចជា​ក្នុង​ការប្រកួត​របស់​ខ្ញុំ​នៅពេល​នេះ​អ៊ីចឹង​ដែល​ទទួល​បាន​ជោគជ័យ​»​។

កីឡាការិនី​សញ្ជាតិ​រូម៉ានី​រូប​នេះ​បាន​បន្ថែម​ថា​៖ «​វា​មិន​ងាយស្រួល​ទេ​នៅក្នុង​ការប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ Grand Slam គឺ​អ្នក​អាច​រង​ការ​បំភ័យ​ស្មារតី​ និង​មាន​ការភ័យខ្លាច​ផង​ដែរ​»​។

កីឡាការិនី​រូបនេះ​បាន​បន្ថែម​ទៀត​ថា​៖ «​ដើម្បី​ចៀសវាង​ការបំភ័យ​ស្មារតី​នេះ ខ្ញុំ​បាន​ធ្វើ​ចិត្ត​ដោយ​ចាត់ទុក​ការប្រកួត​ជាធម្មតា​ដោយ​មិន​គិត​ពី​ការឈ្នះ​ពេក​ទេ ប៉ុន្តែ​គ្រាន់​តែ​ព្យាយាម​លេង​ឲ្យ​បាន​ល្អ​បំផុត​តាម​តែ​អាច​ធ្វើ​បាន ដូច្នេះ​ខ្ញុំ​ធ្វើ​វា​បាន​សម្រេច​»៕ SN