ភ្នំពេញៈ ខ្សែប្រយុទ្ធ​លំដាប់​អន្តរជាតិ​របស់​ជប៉ុន Keisuke Honda បាន​ដាក់​ចិត្ត ដាក់​កាយ​កាន់​តែ​ជ្រៅ​សម្រាប់​ការ​មក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ទូទៅ ដោយ​កីឡាករ​ដែល​បាន​កុងត្រា​លេង​ឲ្យ​ក្លិប Melbourne Victory របស់​អូស្ត្រាលី​រូប​នេះ ចង់​ចែក​រំលែក​បទ​ពិសោធ​ដែល​ខ្លួន​មាន​ទៅ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទាំង​អស់។

Keisuke Honda បាន​និយាយថា៖ «ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប ដែល​បានមក​បង្ហាត់​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នៅ​ពេល​នេះ ហើយ​ខ្ញុំ​នឹង​ធ្វើការ​ចែក​រំលែក​បទ​ពិសោធ ដែល​ខ្ញុំ​មាន​ទាំង​ប៉ុន្មាន​ទៅ​ឲ្យ​ក្រុម​កម្ពុជា ប៉ុន្តែ​ដោយសារ​យើង​ទើប​តែ​ចាប់​ផ្តើម​ហ្វឹកហាត់ អ៊ីចឹង​ខ្ញុំ​ត្រូវ​ធ្វើ​ការ​សិក្សា និង​ស្វែង​យល់​ពី​កីឡាករ​កម្ពុជា​ឲ្យ​បាន​ច្បាស់​លាស់​សិន»។

ការលើកឡើង​របស់​ខ្សែប្រយុទ្ធ​អន្តរជាតិ នៃ​ក្រុម​ជម្រើសជាតិជប៉ុន Honda ត្រូវបាន​ធ្វើឡើង នៅ​ពេល​រូប​គេ​បាន​បង្ហាញ​ខ្លួន ជា​លើក​ដំបូង ក្នុងការ​បង្ហាត់​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ ជាមួយ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ល្ងាច​ថ្ងៃ​ទី ១០ ខែ​កញ្ញា ខាង​មុខ​នេះ។

ទាក់ទង​ទៅនឹង​ការប្រកួត​មិត្តភាព​អន្តរជាតិ ជា​លើកដំបូង ដើម្បី​ត្រៀម​ការប្រកួត​ផ្លូវការ​ក្នុង​ពាន​រង្វាន់ AFF Suzuki Cup 2018 នៅ​ខែ​វិច្ឆិកា ខាង​មុខ​នេះ Keisuke Honda បាន​មើល​ឃើញ​ថា ក្រុម​ម៉ាឡេស៊ី មាន​ទម្រង់​លេង​ល្អ ពិសេស​ការ​វាយ​បក​របស់​ក្រុម​នេះ​បាន​ល្អ ប៉ុន្តែ Honda សន្យា​ថា នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន។

ខ្សែប្រយុទ្ធ​វ័យ ៣២ ឆ្នាំ Keisuke Honda បាន​និយាយ​ថា៖ «ជាទូទៅ គ្រូបង្វឹក​ណា​ក៏​ដូច​គ្រូបង្វឹក​ណា តែង​តែ​ចង់​បាន​លទ្ធផល​ឈ្នះ ប៉ុន្តែ​ម៉ាឡេស៊ី ជា​ក្រុម​ល្អ​មួយ ដូច្នេះ​ខ្ញុំ​មិន​ទាន់​ចង់​និយាយ​អ្វី​ច្រើន​ទេ ព្រោះ​យើង​ទើប​តែ​ចាប់​ផ្តើម។ ទោះ​យ៉ាង​ណា យើង​នឹង​ព្យាយាម ហើយ​ខ្ញុំ​សង្ឃឹម​ថា នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កម្ពុជា​សប្បាយ​ចិត្ត»។

សម្រាប់​ការ​មក​ដឹកនាំ​ក្រុមជម្រើសជាតិ​កម្ពុជា ដោយ​ការ​ស្ម័គ្រចិត្ត​រយៈពេល ២ ឆ្នាំ ក្នុង​នាម​ជា​អ្នក​គ្រប់​គ្រង​ទូទៅ​នេះ Keisuke Honda ដែល​បាន​ហៅ​ខ្លួន​ឯង​ថា «ជា​គ្រូបង្វឹក​មិន​ផ្ទាល់» គឺ​ចង់​បង្កើត​ទម្រង់​លេង​ថ្មី​មួយ​សម្រាប់​ក្រុម​កម្ពុជា។

Honda ធ្លាប់បាន​បញ្ជាក់ថា៖ «យើង​ធ្វើយ៉ាងណា ឲ្យ​មាន​ទម្រង់​លេង​បែប​ស្តង់ដារ​មួយ សម្រាប់​ក្រុម​កម្ពុជា ព្រោះ​ការ​លេង​បាល់ បើ​យើង​មិន​ធ្វើ​វា​ឲ្យ​ទៅ​ជា​គោល​ដៅ​តែ​មួយ​ទេ គឺ​បាល់ទាត់ មិន​អាច​អភិវឌ្ឍ​បាន​ត្រឹម​ត្រូវ​នោះ​ទេ»។

យ៉ាងណាមិញ សម្រាប់​ការប្រមូលផ្តុំ​ហ្វឹកហាត់ ជា​លើកដំបូង ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ ជាមួយ​ក្រុម​ម៉ាឡេស៊ី លើក​នេះ Honda និង​ក្រុម​ការងារ បាន​ជ្រើស​រើស​កីឡាករ​កម្ពុជា ២៣ នាក់ ក្នុង​នោះ​មាន​អ្នក​ចាំទី ស៊ូ យ៉ាងទី, អ៊ុំ វិចិត្រ, កែវ សុខសិលា ខ្សែ​ការពារ ហុង ផេង, លី វ៉ាហេទ, សេត រ៉ូស៊ីប, ស ពិសិដ្ឋ, ឆេង ម៉េង, អ៊ុក សុវណ្ណ, នេន សុធារ័ត្ន, សឿយ វិសាល ខ្សែ​បម្រើ ជ័យ ចត្ត្រា, ឈិន ឈឿន, សុះ ស៊ុហាណា, គួច សុកុម្ភៈ, អ៊ិន សូដាវីដ, ប្រាក់ ធីវ៉ា, ប៊ីន ចន្ថាធារី, ទិត្យ ឌីណា ខ្សែ​ប្រយុទ្ធ ប្រាក់ មុន្នីឧត្តម, កែវ សុខផេង, រ៉ឹង ប៊ុនហៀង និង ស៊ិន កក្កដា៕