ភ្នំពេញៈ អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​ជម្រើសជាតិ​កម្ពុជា Keisuke Honda បាន​ចាត់​ទុក​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​ចន្ទ​នេះ​ថា តាន​តឹង ប៉ុន្តែ​បាន​អះអាង​ថា ក្រុម​កម្ពុជា​នឹង​លេង​ដោយ «មិន​ភ័យ​ខ្លាច និង​ប្រកប​ដោយ​ភាព​ជឿ​ជាក់»។

នៅក្នុង​សន្និសីទកាសែត ដែលមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ ចូលរួម​ជាច្រើន កាល​ពី​ថ្ងៃ​អាទិត្យ Keisuke Honda បាន​និយាយ​ថា៖ «យើង​មាន​អារម្មណ៍​រំភើប​រីករាយ ដែល​បាន​ប្រកួត​ជាមួយ​ក្រុម​ម៉ាឡេស៊ី ហើយ​ខ្ញុំ​គោរព​ទៅ​ដល់​ទម្រង់​លេង​របស់​ម៉ាឡេស៊ី ព្រោះ​ការ​ប្រកួត​កីឡា​អាស៊ី កន្លង​មក​នេះ ម៉ាឡេស៊ី ធ្វើ​បាន​យ៉ាង​ល្អ អ៊ីចឹង​ការ​ប្រកួត​នេះ ពិត​ជា​មាន​ភាព​តាន​តឹង ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា ក្រុម​របស់​យើង​នឹង​ធ្វើ​បាន​ល្អ»។

ខ្សែប្រយុទ្ធ​របស់​ជប៉ុន Honda បន្ថែមថា៖ «យើង​ហ្វឹកហាត់​បានល្អ និង​បាន​រក​ឃើញ​នូវ​កីឡាករ​មាន​សមត្ថភាព និង​ទេព​កោសល្យ​មួយ​ចំនួន។ ពិត​ណាស់ ការ​ប្រកួត​បាល់​ទាត់ វា​មិន​ងាយ​ស្រួល​ទេ ក្នុង​ការ​យក​ឈ្នះ ប៉ុន្តែ​យើង​មិន​ភ័យ​ខ្លាច​នោះ​ទេ សម្រាប់​ការ​ប្រកួត​ជាមួយ​ក្រុម​ម៉ាឡេស៊ី លើក​នេះ គឺ​យើង​នឹង​លេង​ដោយ​ភាព​សប្បាយ​រីករាយ និង​ជឿ​ជាក់»។

ចំណែក​លោក Felex ជំនួយការ Honda និង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ក៏បាន​បង្ហាញ​ពី​ការ​តាំង​ចិត្ត​ក្នុង​ការ​ជំរុញ​ឲ្យ​កូន​ក្រុម​របស់​ខ្លួន លេង​ឲ្យ​អស់​ពី​សមត្ថភាព ពេល​ជួប​ក្រុម​ម៉ាឡេស៊ី លើក​នេះ​ផង​ដែរ ខណៈ​ខ្សែ​បម្រើ គួច សុកុម្ភៈ ដែល​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុម បាន​អះអាង​ថា នឹង​ខំ​ប្រឹង​ធ្វើ​ឲ្យ​បាន​ល្អ​ទៅ​តាម​ការ​រៀបចំ​របស់​គ្រូបង្វឹក។

គួច សុ​កុម្ភៈ បញ្ជាក់ថា៖ «ខ្ញុំ​នឹង​ខំប្រឹង​ធ្វើ​អ្វី ទៅតាម​គ្រូបង្វឹក បានរៀបចំ ហើយ​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព។ តាម​ការ​ហ្វឹក​ហាត់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ពួក​យើង​ធ្វើ​បាន​ល្អ​ច្រើន គឺ​អាច​បាន​រហូត​ដល់ ៧០ ទៅ ៨០ ភាគរយ​ដែរ ប៉ុន្តែ​យើង​នឹង​ព្យាយាម​ធ្វើ​បន្ថែម​ទៀត​ឲ្យ​អស់​ពី​សមត្ថភាព ទៅ​តាម​អ្វី​ដែល​យើង​អាច​ធ្វើ​បាន»។

ជាមួយនឹង​វត្តមាន​របស់ Keisuke Honda ក្នុងនាម​ជា​អ្នក​ចាត់ការ​ទូទៅ​ក្រុម​កម្ពុជា​នេះ​ក៏បាន​ធ្វើ​ឲ្យ​គ្រូ​បង្វឹក និង​ប្រធាន​ក្រុម​ម៉ាឡេស៊ី មាន​ការ​ចាប់​អារម្មណ៍​មក​លើ​ទម្រង់​លេង​របស់​ក្រុម​កម្ពុជា ផង​ដែរ ដោយ​ពួកគេ គិត​ថា កម្ពុជា នឹង​មាន​ទម្រង់​លេង​ថ្មី ប្លែក ហើយ​ម៉ាឡេស៊ី ក៏​រំពឹង​បាន​ស្រូប​យក​បច្ចេកទេស​ថ្មីៗ​ទាំង​នេះ តាមរយៈ​ការ​ប្រកួត​នេះ ផង​ដែរ។

លោក Tan Cheng Hoe គ្រូបង្វឹក​ក្រុម​ម៉ាឡេស៊ី និយាយថា៖ «កម្ពុជា និង​ម៉ាឡេស៊ី ធ្លាប់​បាន​ជួប​គ្នា​ជា​ច្រើន​ដង​មក​ហើយ ហើយ​យើង​ក៏បាន​ដឹង​ដែរ​ថា រាល់​ការ​ប្រកួត​ទាំង​នោះ ពិត​ជា​មិន​ងាយ​ស្រួល​យក​ឈ្នះ​ក្រុម​កម្ពុជា​ទេ។ ចំណែក​លើក​នេះ​យើង​ដឹង​ថា កម្ពុជា មាន​កីឡាករ ដែល​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​លេង ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី អ៊ីចឹង​ពួកគេ​នឹង​ខំ​ប្រឹង​លេង​ឲ្យ​អស់ ១០០ ភាគរយ ដើម្បី​បញ្ចេញ​សមត្ថភាព បង្ហាញ​ដល់​គ្រូ​បង្គោល​ថ្មី​របស់​ពួកគេ»។

លោក​បាន​បញ្ជាក់ថា៖ «ខ្ញុំ​គិតថា ការលេង និង​ការរៀបចំ​របស់​ក្រុម​កម្ពុជា ប្រាកដ​ជាថ្មី និង​ខុស​ប្លែក​ពី​មុន ព្រោះ​ថា ពេល​នេះ មាន​គ្រូបង្វឹក​ថ្មី​មក​ដឹកនាំ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា កីឡាករ​របស់​យើង នឹង​ប្រមូល​អារម្មណ៍​បាន​ល្អ​ឡើង​វិញ សម្រាប់​ការ​ប្រកួត​លើក​នេះ បន្ទាប់​ពី​បាន​ចាញ់​ក្រុម​ចិន​តៃប៉ិ ២-០ កាល​ពី​ពេល​ថ្មីៗ​នេះ»។

ចំណែក​ប្រធាន​ក្រុម Muhammad Nazmi Faiz បាន​និយាយថា៖ «យើង​ដឹងថា កម្ពុជា​មាន​កីឡាករ​ល្អ​មួយ​ចំនួន ប៉ុន្តែ​យើង​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​យក​ឈ្នះ​ការ​ប្រកួត​នេះ។ ម្យ៉ាង​ទៀត ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង ដែល​ឃើញ​កីឡាករ​លំដាប់​កំពូល Honda បាន​មក​ដឹកនាំ​ក្រុម​កម្ពុជា ដូច្នេះ​កម្ពុជា អាច​មាន​បទ​ពិសោធ​ដែល​ថ្មី ហើយ​យើង​ក៏​អាច​នឹង​រៀន​សូត្រ​នូវ​អ្វី​ដែល​ថ្មី តាមរយៈ​ការ​ប្រកួត​នេះ​ផង​ដែរ»៕