ភ្នំពេញៈ អ្នក​ចាត់​ការទូទៅ​របស់​ក្រុមជម្រើសជាតិ​កម្ពុជា ដែល​គេ​ស្គាល់​ថា ជា​ខ្សែ​ប្រយុទ្ធ​លំដាប់​អន្តរជាតិ​របស់​ជប៉ុន Keisuke Honda នោះ បាន​សម្រេចជ្រើស​រើសយក​​ខ្សែ​បម្រើ​​ប្រយុទ្ធ​ជើង​ចាស់ គួច សុកុម្ភៈ ឲ្យ​ធ្វើជា​ប្រធាន​ក្រុម​ ពេល​ក្រុមជម្រើសជាតិ​​កម្ពុជា ប្រកួត​មិត្ត​ភាព​អន្តរជាតិ ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ​នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​ចន្ទស្អែក​នេះ។

នៅ​ក្នុងសន្និសីទកាសែត កាសែត​ ស្តី​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​​នេះ នៅ​សណ្ឋាគារ​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ Keisuke Honda ​បាន​ធ្វើ​ការសរសើរ​ទៅ​ដល់ គួច សុកុម្ភៈ ថា ជា​កីឡាករ​ដែល​មាន​បទ​ពិសោធ​ល្អ​ម្នាក់ ដែល​ស័ក្តិសម ធ្វើជា​ប្រធាន​​ក្រុមជម្រើសជាតិ​កម្ពុជា។

ខ្សែ​ប្រយុទ្ធ ​ដែល​ទើប​ចុះ​កុង​ត្រា​លេង​ឲ្យ​ក្លិប Melbourne Victory របស់អូស្ត្រាលីរូបនេះ ​បាន​និយាយ​ថា៖ ​«ពួក​យើងមាន​កីឡាករ​ល្អៗ​មួយ​ចំនួន ​ក៏​​ដូចជា​កីឡាករ​មាន​បទពិសោធផងដែរ ប៉ុន្តែ គួច សុកុម្ភៈ ជា​កីឡាករ​ល្អ​ម្នាក់ ​​មាន​បទពិសោធល្អ ដែល​​ស័ក្តិ​សម​ធ្វើ​ជា​ប្រធាន​ក្រុមជម្រើសជាតិ​កម្ពុជា»។

សម្រាប់​ការ​ទទួល​បាន​ឱកាស​ធ្វើ​ជាប្រធាន​ក្រុម ចំពោះ​ការ​វិល​ត្រឡប់​មក​ជាប់​ឈ្មោះ​ក្នុងក្រុម​ជម្រើសជាតិ​កម្ពុជា ជា​ថ្មី​ ក្រោយ​អាក់​ខាន​ដោយ​សារ​បញ្ហា​របួស​ជាង ​១ ឆ្នាំ​នេះ គួច សុកុម្ភៈ របស់​ក្លិប​ណាហ្គាវើល ​បានធ្វើ​ការ​ប្តេជ្ញា​​ថា នឹង​ខំ​ប្រឹងលេង​​ឲ្យ​អស់​ពី​សមត្ថ​ភាព ទៅ​តាម​ការ​រៀបចំ​របស់​គ្រូ​បង្វឹក​ថ្មី។

គួច សុកុម្ភៈ ​បាន​និយាយ​ថា៖​ «ខ្ញុំ​​​មានតែ​ខំ​ប្រឹង​ធ្វើ​​អ្វី ទៅ​តាមគ្រូ​បង្វឹក​បាន​រៀបចំឲ្យ​យើង​លេង ហើយ​ខ្ញុំនឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថ​ភាព។ តាមរយៈ​ការ​ហ្វឹក​ហាត់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ពួក​យើង​​ធ្វើ​បាន​ល្អ​ច្រើន គឺ​​អាច​បានរហូត​ដល់​​៧០ទៅ​៨០ភាគ​រយដែរ​ ប៉ុន្តែ​យើង​នឹង​ព្យាយាម​ធ្វើបន្ថែម​ទៀតឲ្យ​អស់​ពីសមត្ថភាព ទៅ​តាម​អ្វី​ដែល​យើង​អាច​ធ្វើទៅ​​បាន»៕