ក្រុង​មី​ឡាន: ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន Mauro Icardi របស់​ក្លិប Inter Milan បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ក្របខ័ណ្ឌ Serie A នៅ​ក្នុង​កម្មធី Gran Gala del Calcio ក្នុង​ទីក្រុង Milan កាល​ពី​រាត្រី​ថ្ងៃ​ចន្ទ។ តារា​ឆ្នើម​វ័យ ២៥ ឆ្នាំ​រូប​នេះ ក្លាយជា​កីឡាករ​ដំបូង​គេ​ដែល​មិន​មក​ពី​ក្រុម Juventus ក្នុង​ការ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​អ៊ីតាលី ក្រោយ​ពី​មាន​ការ​បោះ​ឆ្នោត​ពី​កីឡាករ​ដូចគ្នា ចាប់​តាំង​ពី Zlatan Ibrahimovic បាន​ឈ្នះ​ពាន​ជាមួយ​នឹង​ក្លិប AC Milan កាល​ពី​ឆ្នាំ ២០១១។

Icardi បាន​ក្លាយជា​អ្នក​រកបាន​គ្រាប់​បាល់ ច្រើនជាងគេ​រួមជាមួយ​នឹង​កីឡាករ Ciro Immobile របស់​ក្លិប Lazio ក្នុង​ក្របខ័ណ្ឌ Serie A កាល​ពី​រដូវកាល​មុន ក្រោយ​ពី​រក​បាន ២៩ គ្រាប់។ កីឡាករ​អាហ្សង់ទីន​រូប​នេះ​ក៏បាន​ឈ្នះ​ពាន​រង្វាន់​គ្រាប់​បាល់​ដ៏​ល្អ​បំផុត​ផង​ដែរ សម្រាប់​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដោយ​កែង​ជើង​របស់​គេ អំឡុង​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម Sampdoria កាល​ពី​ខែ​មីនា ឆ្នាំ​មុន។

Icardi មិនបាន​យល់ស្រប​ចំពោះ​ជម្រើស​នោះឡើយ ដោយបាន​បញ្ជាក់ថា «គ្រាប់​បាល់​របស់​គេ​ក្នុង​ពេល​លេង​ឲ្យ​ក្រុម AC Milan គឺជា​គ្រាប់​បាល់​ល្អ​ជាង»។

Juventus ត្រូវបាន​បោះឆ្នោត​ឲ្យ​ជាប់​ជា​ក្រុម​កំពូល ខណៈដែល​លោក Massimiliano Allegri បាន​ឈ្នះ​ពាន​រង្វាន់​គ្រូបង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ ក្រោយ​ពី​ក្រុម​មាន​មូលដ្ឋាន​នៅ​ទីក្រុង Turin មួយ​នេះ បាន​ឈ្នះ​ពាន​រង្វាន់​លីក​ពាន Italian Cup ក្នុង​រដូវកាល​តែ ១ ចំនួន ៤ ឆ្នាំ​ជាប់ៗ​គ្នា។

លោក Allegri ដែល​បានឈ្នះ​ពាន​គ្រូបង្វឹក​ឆ្នើម​ចំនួន ៤ លើក​នោះបាន​ឲ្យ​ដឹងថា៖ «វា​ជា​ក្រុម​កីឡាករ​ដ៏​អស្ចារ្យ​មួយ ជាមួយ​នឹង​ក្លិប​ដ៏​អស្ចារ្យ​មួយ​ពីក្រោយ​យើង។ ខ្ញុំ​ពិត​ជា​មាន​សំណាង​ក្នុង​ការ​បាន​ធ្វើការ​ជាមួយ​នឹង​កីឡាករ​ដ៏​អស្ចារ្យ​ជា​ច្រើន ហើយ​នៅ​រាត្រី​នេះ ខ្ញុំ​ឃើញ​អ្នក​ស្នង​តំណាង​របស់ Andrea Pirlo ផង​ដែរ»។

ក្រុម​របស់លោក Allegri កំពុងតែ​ស្ថិត​លើផ្លូវ​ឆ្ពោះទៅ​កាន់ការ​ឈ្នះ​ពាន Serie A ជា​លើក​ទី ៨ ជាប់ៗ​គ្នា ខណៈ​លោក Allegri បាន​កោត​សរសើរ​ចំពោះ​ឥទ្ធិពល​របស់​តារា​ឆ្នើម Cristiano Ronaldo ដែល​បាន​ចូលរួម​ជាមួយ​នឹង​ក្លិប Juventus កាល​ពី​រដូវ​ក្តៅ​មុន៕