ក្រុងគែរៈ កីឡាករ Odion Ighalo មានឱកាសច្រើនក្នុងការទទួលបានពានរង្វាន់ស្បែកជើងមាសនៅព្រឹត្តិការណ៍ Cup of Nations ក្រោយពីរូបគេរកបានបំប៉ោងសំណាញ់ទី ជួយឲ្យជម្រើសជាតិនីហ្សេរីយ៉ាឈ្នះជម្រើសជាតិទុយនេស៊ី ១-០ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះដើម្បីបានចំណាត់ថ្នាក់លេខ ៣ នៅព្រឹត្តិការណ៍នេះ។
ខ្សែប្រយុទ្ធនៅក្លិប Shanghai Shenhua រូបនេះរកបានតែ ១ គ្រាប់គត់នៅនាទីទី៣ ជួយឲ្យក្រុមនីហ្សេរីយ៉ា ឈ្នះក្រុមទុយនេស៊ី ១-០ នៅកីឡដ្ឋាន Al Salam នៅក្នុងទីក្រុងគែរ ប្រទេស អេហ្ស៊ីប។
នេះជាគ្រាប់បាល់លើកទី៥ របស់កីឡាករ Ighalo នៅក្នុងព្រឹត្តិការណ៍មួយនេះដោយបាននាំមុខ ២ គ្រាប់ ចំពោះកីឡាករ Riyad Mahrez, Adam Ounas, Cedric Bakambu និងកីឡាករ Sadio Mane ដែលពួកគេម្នាក់ៗរកបាន ៣ គ្រាប់។
កីឡាករអាល់ហ្សេរី Mahrez និង Ounas និងកីឡាករសេណេហ្គាល់ Mane នៅមានឱកាសក្នុងការបន្ថែមចំនួនគ្រាប់បាល់របស់ខ្លួននៅពេលក្រុមទាំង ២ នេះ នឹងជួបគ្នានៅយប់ថ្ងៃសុក្រសម្រាប់វគ្គផ្ដាច់ព្រ័ត្រនៅកីឡដ្ឋានអន្តរជាតិក្រុងគែរ។
ប៉ុន្តែប្រសិនបើរូបគេទាំង ៣ នាក់ គ្មានឱកាសនឹងបង្កើនចំនួនគ្រាប់បាល់ទេ នោះកីឡាករ Ighalo នឹងក្លាយជាម្ចាស់ស្បែកមាសនៅព្រឹត្តិការណ៍ Cup of Nations ប្រចាំឆ្នាំ ២០១៩ នេះហើយ៕ AFP/SN