ក្រុង​តូ​ក្យូ: មន្ត្រីជាន់ខ្ពស់​របស់ IOC ចាប់ពី​ថ្ងៃ​សុក្រ​តទៅ នឹង​គិត​ពី​អនាគត​នៃ​កីឡា​ប្រដាល់​ក្នុង​នាម​ជា​វិញ្ញាសា​អូឡាំពិក​មួយ ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​តូក្យូ ខណៈ​ប្រធាន​បទ​ក្តៅ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ធ្លាក់​លើ​ក្តី​កង្វល់​នានា​ជុំវិញ​អភិបាល​កិច្ច​របស់​កីឡា​មួយ​នេះ។

គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) នឹង​រៀប​ចំការ​ប្រមូលផ្តុំ​រយៈពេល២ថ្ងៃ ក្នុង​ទីក្រុង​ម្ចាស់​ផ្ទះ​អូឡាំពិក​រដូវ​ក្តៅ ឆ្នាំ ២០២០ ក្រោយ​ពី​ប្រធាន​របស់​ខ្លួន​និយាយ​ថា លោក​ពិតជា «បារម្ភ« យ៉ាង​ខ្លាំង​អំពី​អភិបាល​កិច្ច​របស់​សហព័ន្ធ​កីឡា​ប្រដាល់​អន្តរជាតិ (AIBA)។

លោក Thomas Bach បាន​និយាយ​កាលពីដើម​ឆ្នាំនេះ​ថា របាយការណ៍​មួយ​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ IOC កាល​ពី​ខែ​មេសា «នៅ​តែ​ត្រូវការ​ការ​ប្រតិបត្តិ និង​ភាព​ជាក់​លាក់​ក្នុង​ចំណុច​ជាច្រើន» ហើយ​ថា អង្គភាព​របស់​លោក «នៅ​តែ​មាន​សិទ្ធិ​ក្នុង​ការ​លុប​ឈ្មោះ​កីឡា​ប្រដាល់​ចេញ​ពី​អូឡាំពិក​ទីក្រុង​តូក្យូ ឆ្នាំ ២០២០»។

នៅ​ខែ​នេះ AIBA បាន​បញ្ជូន​របាយការណ៍​ដែលមាន​ការកែសម្រួល​ថ្មី​មួយ ដែល​ពួកគេ​សង្ឃឹម​ថា នឹង​បង្ហាញ​ពី​ចំណុច​នៃ​កង្វល់​ផ្សេងៗ ហើយ​មន្ត្រី​របស់ IOC ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​សម្រេច​លើ​ជោគ​វាសនា​របស់​កីឡា​ប្រដាល់ ខណៈ​ព័ត៌មាន​ជាច្រើន​បាន​បញ្ជាក់​ថា ការ​ប្រកួត​ក្នុង​ឆ្នាំ ២០២០ អាច​នឹង​ត្រូវ​រៀបចំ​ឡើង​ក្រោម​ការ​គាំទ្រ​របស់​អង្គភាព​ផ្សេង​មួយ។

OC បាន​បាត់បង់​ការអត់ធ្មត់រ​បស់​ខ្លួន ជាមួយនឹង​កីឡាប្រដាល់ ចាប់តាំងពី​រឿង​អាស្រូវ​ចៅក្រម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ទីក្រុង Rio ក្នុង​ឆ្នាំ ២០១៦ ដែល​នៅ​ពេល​នោះ រាល់​មន្ត្រី​ប្រចាំ​ការ​ប្រកួត និង​អាជ្ញា​កណ្តាល​ទាំង ៣៦ នាក់ ត្រូវ​បាន​ដាក់​ពិន័យ​ព្យួរ ស្រប​ពេល​មាន​ការ​ចោទ​ប្រកាន់​លើ​ការ​កំណត់​លទ្ធផល​ទុក​ជា​មុន។

វា​ក៏មាន​កង្វល់​ជាច្រើន​ផងដែរ​លើ​ផ្នែក​ហិរញ្ញវត្ថុ ការ​ប្រឆាំង​នឹង​សារធាតុ​ហាមឃាត់ និង​ប្រធាន​ទើប​តែ​ជាប់​ឆ្នោត​ថ្មី​ដ៏​ចម្រូង​ចម្រាស​របស់ AIBA គឺ​លោក Gafur Rakhimov ដែល​ជាប់​ទាក់​ទិន​នឹង​បទ​ឧក្រិដ្ឋ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ឯ​ការិយាល័យ​រតនាគារ​អាមេរិក។

ឆ្លើយតប​នឹង​បញ្ហា​នេះ លោក Rakhimov បាន​ប្រាប់ថា៖ «រឿង​ពិត​នោះ​គឺថា ខ្ញុំ​មិន​ធ្លាប់​ទាក់​ទិន​ក្នុង​អង្គភាព​ឧក្រិដ្ឋ​កម្ម​ឆ្លង​ប្រទេស​ឡើយ»។

ពាណិជ្ជករ​សញ្ជាតិ​អ៊ូ​ស​បេ​គីស្ថាន​រូបនេះ បានបញ្ជាក់​កាល​ពី​សប្តាហ៍​មុន​ថា កីឡា​ប្រដាល់​បាន​សម្អាត​សកម្មភាព​របស់​ខ្លួន ហើយ​បច្ចុប្បន្ន​បាន​ឆ្លើយ​តប​លើស​ពី​តម្រូវការ​ចំពោះ​ការ​ផ្លាស់ប្តូរ​អភិបាល​កិច្ច។

បុរស​វ័យ ៦៧ ឆ្នាំ​រូបនេះ​បាន​បន្ថែមថា៖ «ស្ថានភាព​ហិរញ្ញវត្ថុ​របស់ AIBA បច្ចុប្បន្ន កំពុង​ស្ថិត​ក្រោម​ការ​ពិនិត្យ ខណៈ​ប្រដាល់​ស្ម័គ្រ​ចិត្ត កំពុង​តែ «អនុវត្ត​តាម​ច្បាប់​ប្រឆាំង​សារធាតុ​ហាម​ឃាត់ ១០០ ភាគរយ» ហើយ​កីឡា​ប្រដាល់​នឹង​តែង​តែ​ស្ថិត​ក្នុង​អូឡាំពិក»៕