ភ្នំពេញៈ ក្រុមចំណូលថ្មី ISI Group United បានលត់ក្រុមគ្រួសារកីឡាករតាំងគោលរហូតដល់ ១១-០ កាលពីថ្ងៃអាទិត្យ ដើម្បីបញ្ចប់ភាពមន្ទិលក្នុងការឈ្នះពានពាក់កណ្តាលអាជីព Keller Williams Cambodia League 2019 (KW Cambodia League) ជាលើកដំបូង ហើយជោគជ័យនេះបានធ្វើឲ្យក្រុមម្ចាស់ជើងឯកឆ្នាំចាស់ Avatar FC ក្រុមជើងឯករង Khmer United A ក្រុមជើងឯកឆ្នាំ ២០១៧ Bayon Wanderers និង Riel PP នៅសល់ត្រឹមឱកាសដណ្តើមគ្នាយកពានតូច។
លោក សៀក សុវណ្ណ អ្នកចាត់ការទូទៅក្រុម ISI Group United បានចាត់ទុកការឈ្នះពាននេះថា ជាលទ្ធផលដែលទទួលបានលើសពីការរំពឹងទុក។ លោកបានប្រាប់កាលពីថ្ងៃចន្ទថា៖ «តាមពិតការចូលរួមជាលើកដំបូងក្នុងពាន KW Cambodia League 2019 នេះ យើងមិនបានដាក់គោលដៅប្រជែងយកពាននោះទេ គឺយើងគ្រាន់តែចូលលេង ដើម្បីផ្តល់ឱកាសឲ្យកីឡាកររបស់យើងបានប្រកួត និងពង្រឹងសមត្ថភាព ដើម្បីត្រៀមការប្រកួតពាន KMH Champions League»។
លោកបានបន្ថែមថា៖ «ប៉ុន្តែនៅពេលប្រកួត យើងបានឈ្នះជាបន្តបន្ទាប់ធ្វើឲ្យពួកយើងកាន់តែមានទឹកចិត្តក្នុងការលេងហេតុនេះការឈ្នះពាននេះ វាជាលទ្ធផលដ៏ល្អដែលលើសពីអ្វីដែលយើងបានរំពឹងទុក ហើយតាមរយៈការប្រកួតនេះវាបានជួយឲ្យក្រុមរបស់យើងទទួលបានលទ្ធផលល្អផងដែរ ក្នុងការប្រកួត KMH Champions League ដោយពេលនេះយើងបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានស្មើ ១-១ ក្នុងការប្រកួតជើងទី ១ ជាមួយក្រុមដោនថោនស្ពត ឯការប្រកួតកាត់សេចក្តីជើងទី ២ ត្រូវធ្វើនៅថ្ងៃទី ២៧ ខែមិថុនាខាងមុខនេះ»។
នៅក្នុងការប្រកួតវិលជុំសរុបចំនួន ១៥ លើកនេះ ISI Group United បានស្មើតែម្តងគត់ជាមួយក្រុម Khmer United A ក្រៅពីនោះពួកគេបានឈ្នះទាំងអស់ ហើយការឈ្នះ ១៤ ដង និងស្មើ ១ នេះបានជួយឲ្យក្រុម ISI មានពិន្ទុច្រើនជាងក្រុមម្ចាស់ជើងឯក Avatar ត្រឹម ១ ពិន្ទុប៉ុណ្ណោះគឺ ៤៣ ទល់នឹង ៤២ ពិន្ទុ។
មិនមែនតែក្រុម Avatar FC ប៉ុណ្ណោះទេដែលជួបការខកចិត្ត ប៉ុន្តែ Khmer United A ដែលបានលត់ក្រុម Sen Sok Empire FT ៨-១ កាលពីថ្ងៃអាទិត្យក៏មានការខកចិត្តខ្លាំងផងដែរ ព្រោះ Khmer United A បានដាក់គោលដៅខ្ពស់បំផុតក្នុងការចង់ឈ្នះពាននៅឆ្នាំនេះ ដើម្បីលុបចោលការខកចិត្តចំពោះការឈ្នះបានត្រឹមជើងឯករងចំនួន ២ រដូវកាលកន្លងមកនេះ តែពួកគេនៅតែធ្វើមិនបានសម្រេចដដែល។
តាមរយៈការប្រកួត ១៥ លើកមកនេះ Khmer United A ឈ្នះបាន ១២ ស្មើ ២ និងចាញ់ ១ ប្រកួតមាន ៣៨ ពិន្ទុតាមពីក្រោយដោយក្រុម Riel PP ដែលឈរនៅលេខ ៤ មាន ៣៨ ពិន្ទុជាមួយការឈ្នះ ១២ ស្មើ ១ ចាញ់ ២ ដង និងក្រុម Bayon ឈរនៅលេខ ៥ មាន ៣១ ពិន្ទុដោយឈ្នះបាន ១០ ដង ស្មើ ១ ចាញ់ ៤ ដង។
ជាមួយលទ្ធផលនេះក្រុម Avatar FC, Khmer United A, Bayon Wanderers និង Riel PP នឹងត្រូវប្រកួតគ្នាដណ្តើមយកពានតូច KW Cambodia Cup 2019 ដែលនឹងត្រូវធ្វើនៅទីលាន KMH នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ហើយតាមការចាប់ឆ្នោតវគ្គខ្វែងរបស់ក្រុមទាំង ៤ នេះកាលពីថ្ងៃចន្ទគឺក្រុម Avatar ប៉ះក្រុម Khmer United A ខណៈ Bayon ជួប Riel PP។ ចំណែកក្រុមឈ្នះទាំង ២ នឹងត្រូវឡើងទៅប្រកួតយកពានតូចវគ្គផ្តាច់ព្រ័ត្រនៅល្ងាចថ្ងៃទី ១៤ ខែកក្កដា ហើយក្រុម ISI Group United ក៏ត្រូវលើកពានធំនៅយប់ថ្ងៃនោះផងដែរ៕