ក្រុងរីយ៉ាដ៖ កីឡាករប្រដាល់សកលអង់គ្លេស Anthony Joshua បានដណ្ដើមខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោករបស់ខ្លួនមកវិញ ពីកីឡាករ Andy Ruiz កាលពីថ្ងៃសៅរ៍ ដោយបានឈ្នះកីឡាករកូនកាត់ម៉ិកស៊ិក ជាមួយពិន្ទុឈ្នះជាឯកច្ឆន្ទ។
កីឡាករ Joshua ដែលត្រូវបានផ្ដួលដោយកណ្ដាប់ដៃគួរឱ្យភ្ញាក់ផ្អើលរបស់កីឡាករ Ruiz នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកកាលពីខែមិថុនានោះបានបង្កើតភាពអស្ចារ្យដោយដណ្ដើមយកខ្សែក្រវាត់ IBF, WBA និង WBO របស់ខ្លួនមកវិញក្នុងការប្រកួតដ៏អស្ចារ្យពីថ្ងៃសៅរ៍។
ក្នុងការប្រកួតនេះចៅក្រម ២ រូប បានផ្ដល់ពិន្ទុឲ្យកីឡាករ Joshua ឈ្នះកីឡាករ Ruiz ១១៨-១១០ ហើយចៅក្រមទី ៣ បានផ្ដល់ពិន្ទុឲ្យកីឡាករ Joshua ឈ្នះកីឡាករ Ruiz ជាឯកច្ឆន្ទគឺ ១១៩-១០៩។
ការប្រកួតនេះត្រូវបានចាត់ទុកជា «ព្រឹត្តិការណ៍អស្ចារ្យកម្រមានមួយ» ព្រោះវាជាការប្រកួតសងសឹកគ្នាក្នុងកម្រិតទម្ងន់ធ្ងន់ក្នុងពិភពលោកជាលើកដំបូង ដែលរៀបចំធ្វើនៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត។
កីឡាករ Joshua ដែលធ្លាប់រងគ្រោះដោយកណ្ដាប់ដៃរបស់កីឡាករ Ruiz នៅសង្វៀនMadison Square Garden សហរដ្ឋអាមេរិកនោះមានអារម្មណ៍រីករាយយ៉ាងខ្លាំងក្រោយពីដណ្ដើមបានខ្សែក្រវាត់របស់ខ្លួនមកវិញ។
កីឡាករ Joshua បាននិយាយក្រោយពីបានក្លាយជាម្ចាស់ជើងឯកទម្ងន់ធ្ងន់ពិភពលើកទី ២ ថា៖ «លើកទី ១ គឺល្អមែនទែន ហើយខ្ញុំត្រូវតែបានវាលើកទី ២»។
ម្ចាស់ជើងឯកអូឡាំពិកឆ្នាំ ២០១២ រូបនេះបានបង្ហាញថា រូបគាត់បានកែប្រែទម្រង់ប្រកួតរបស់ខ្លួនបន្ទាប់ពីរូបគេបានចាញ់កីឡាករ Ruiz ម្ដងហើយ កាលពីខែមិថុនាដែលជាបរាជ័យលើកដំបូងរបស់ខ្លួននៅក្នុងអាជីពរបស់រូបគាត់។
កីឡាករ Joshua ដែលបានកែប្រែប្រវត្តិប្រកួតឈ្នះ ២៣ លើកក្នុងនោះបានផ្ដួលឲ្យដៃគូសន្លប់ ២១ លើក និងចាញ់ ១ លើកនោះ បាននិយាយថា៖ «ខ្ញុំធ្លាប់បានផ្ដួលដៃគូប្រកួតជាច្រើន ប៉ុន្តែទីបំផុតខ្ញុំបានដឹងថា ខ្ញុំឈឺចាប់ដោយសារបុរសនេះ ហើយថ្ងៃនេះខ្ញុំបានសងសឹកវិញហើយ»។
កីឡាកររូបនេះបានបន្ថែមថា៖ «គ្មានការដោះសាអ្វីទេ ប៉ុន្តែខ្ញុំបាននិយាយចំពោះខ្លួនឯងថា ខ្ញុំនឹងត្រូវកែកំហុសនោះឡើងវិញ ដើម្បីយកឈ្នះឲ្យខាងតែបាន»។
កីឡាករ Joshua បានបន្ថែមទៀតថា៖ «ខ្ញុំគ្រាន់តែចង់បង្ហាញពីភាពអស្ចារ្យនៃការប្រដាល់នៅរាត្រីនេះ និងចង់បង្ហាញពីមនសិការស្រឡាញ់វិស័យកីឡានេះប៉ុណ្ណោះ។ យើងប្រកួតគ្នាតែនៅលើសង្វៀនទេ ប៉ុន្តែមិនប្រកួតនៅខាងក្រៅឡើយ»។
កីឡាករ Ruiz បានទទួលស្គាល់ថា រូបគាត់មិនបានត្រៀមខ្លួនបានល្អសម្រាប់ការប្រកួតម្ដងទៀតនេះទេ។
កីឡាករ Ruiz បាននិយាយថា៖ «វាជារាត្រីល្អសម្រាប់គាត់ព្រោះខ្ញុំមិនបានត្រៀមខ្លួនបានល្អទេ។ ខ្ញុំបានឡើងទម្ងន់ច្រើនប៉ុន្តែខ្ញុំមិនចង់យកវាធ្វើជាលេសដោះសានោះទេ។ គាត់បានឈ្នះដោយសារគាត់ប្រកួតល្អជាងខ្ញុំ»។
កីឡាកររូបនេះបានបន្ថែមថា៖ «ប៉ុន្តែប្រសិនបើយើងធ្វើការប្រកួតគ្នាលើកទី ៣ អ្នកពិតជាជឿជាក់ថា ខ្ញុំនឹងបង្ហាញទម្រង់ប្រកួតឲ្យបានល្អបំផុតក្នុងជីវិតរបស់ខ្ញុំ»។
កីឡាករ Ruiz បានពន្យល់ពីការឡើងទម្ងន់នេះថា វាប៉ះពាល់ដល់រូបគាត់ច្រើន ដោយអះអាងថា៖ «ខ្ញុំបានគិតថា ខ្ញុំនឹងមានអារម្មណ៍ជឿជាក់កាន់តែខ្លាំង និងកាន់តែប្រសើរជាងនេះ ប៉ុន្តែនៅពេលប្រកួតលើកក្រោយទៀត ខ្ញុំនឹងត្រៀមខ្លួនឲ្យបានល្អជាងនេះថែមទៀត»៕ AFP/SN