ក្រុង​មីឡានៈ ក្លិប Juventus នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​ Serie A របស់​ពួក​គេ​នៅ​ចុង​សប្ដាហ៍​នេះ ​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​ថ្មី​គឺ​លោក Maurizio Sarri ខណៈ​ម្ចាស់​ជើងឯក​អ៊ីតាលី​មួយ​នេះ ​មាន​បំណង​ឈ្នះ​ពាន​ Serie A ​ជា​ថ្មី​ម្ដង​ទៀត​។​

ក្លិប​​ធំ​បំផុត​នៅ​ទីក្រុង​ទួរីន​ប្រទេស ​អ៊ីតាលី ​នេះ ​មាន​បំណង​នឹង​​លើក​ពាន​ឲ្យ​បាន​ជាប់ៗ​គ្នា​លើក​ទី​៩ ​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​ទីក្រុង​ Parma នៅ​ថ្ងៃ​​សៅរ៍​សប្ដាហ៍​នេះ ​ប៉ុន្តែ​អាច​នឹង​គ្មាន​វត្តមាន​របស់​លោក Sarri បន្ទាប់​ពី​គ្រូ​បង្វឹក​វ័យ​ ​៦០ ​ឆ្នាំ​រូប​នេះ ​បាន​ព្យាបាល​​ជំងឺ​​​រលាក​សួត​ពី​ថ្ងៃ​ចន្ទ​។​​

លោក Sarri បាន​ត្រឡប់​ទៅ​ប្រទេស ​អ៊ីតាលី ​វិញ ​ក្រោយ​ពី​​បាន​ដឹកនាំ​ក្រុម​ Chelsea បាន​រយៈពេល ​១ ​រដូវកាល​ ​ហើយ​មុន​នោះ​ទៀត​ គាត់​ក៏​បាន​ដឹក​នាំ​ក្រុម​ Napoli បាន​រយៈពេល ​៣ ​រដូវកាល​ផង​ដែរ​។​​

ការ​តែងតាំង​ស្ដេច​ជក់​បារី​ Sarri ជា​គ្រូ​បង្វឹក​​ដើម្បី​ជំនួស​តំណែង​​លោក Massimiliano Allegri ដែល​បាន​ជួយ​ឲ្យ​ក្លិប​នេះ​លើក​ពាន​ Serie A ចំនួន ​៥ ​លើក​ចុង​ក្រោយ​នេះ ​គឺ​ជា​ការ​​ចង់​កែប្រែ​​​​ទម្លាប់​ចាស់​មួយ​​សម្រាប់​ក្លិប Juventus។​​

ក្រោយ​ពី​​ក្លិប Juventus ​​ទទួល​បាន​ឱកាស​ងាយ​ស្រួល​ក្នុង​ការ​ឈ្នះ​ពាន​ក្នុង​ស្រុក​​​កាល​ពី​រដូវ​កាល​មុន​នោះ​ ក្លិប​នេះ​កំពុង​ស្វែងរក​ការ​ផ្លាស់ប្ដូរ​ទិសដៅ​ថ្មី​របស់​ខ្លួន​។​

ទោះ​ជា​ពួក​គេ​ទទួល​បាន​ជ័យ​ជម្នះ​ក៏​ពិត​មែន​ ប៉ុន្តែ​ក្លិប​ Juventus តែងតែ​រង​ការ​រិះគន់​ចំពោះ​ប្រព័ន្ធ​ការពារ​ដ៏​គួរ​ឲ្យ​​ព្រួយ​បារម្ភ​របស់​ក្រុម​នេះ​។​

គ្រប់​គ្រូ​បង្វឹក​របស់​ក្លិប​នេះ​តែងតែ​ចង់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ថែម​ទៀត​ពី​​ទម្រង់​លេង​របស់​ពួក​គេ ​ដើម្បី​បង្កើន​ការ​គាំទ្រ​នៅ​ខាង​ក្រៅ​ប្រទេស ​អ៊ីតាលី​។​

ដោយ​បាន​​ឈ្នះ​ពាន​សំខាន់​តែ​មួយ​គត់​របស់​លោក Sarri ជាមួយ​ក្លិប Chelsea នៅ​រដូវកាល​មុន ​គឺ​ពាន Europa League នោះ គ្រូ​បង្វឹក​រូប​នេះ​បាន​សន្យា​ថា ​នឹង​​បង្ហាញ​ក្រុម​ Juventus នូវ​ទម្រង់​លេង​ផ្សេងៗ​ថែម​ទៀត​។​​​

អ្នក​ចាំទី​ Gianluigi Buffon គិត​ថា ការ​ផ្លាស់ប្ដូរ​ទិសដៅ​អាច​នឹង​កើត​ឡើង​ដោយ​និយាយ​ថា៖ «​អ្នក​ដែល​ដើរ​ផ្លូវ​ជាមួយ​គ្នា​នឹង​ទទួល​​បាន​​ផល​ដូច​គ្នា​ ដូច្នេះ​ហើយ​​ក្រុម​ Juventus កំពុង​ស្វែងរក​ការ​​ឈ្នះ​ពាន​ Champions League និង​ចង់​បាន​អ្វី​ដែល​ថ្មី​ថែម​ទៀត​»។​

អ្នក​ចាំទី​អាយុ ​៤១ ​ឆ្នាំ​រូប​នេះ ​បាន​បន្ថែម​ថា៖ «​លោក Sarri មិនមែន​ជា​អ្នក​ធ្វើ​បដិវត្តន៍​ទេ ​ហើយ​ក៏​មិន​មែន​ជា​អ្នក​លេង​នោះ​ដែរ ​ប៉ុន្តែ​គាត់​គ្រាន់​តែ​ជា​អ្នក​បង្ហាញ​ផ្លូវ ​និង​រឿងរ៉ាវ​ទាំង​មូល​តែ​​ប៉ុណ្ណោះ​»។​

ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​ថ្មី ​គឺ​លោក​ Sarri នេះ​ ក្រុម Juventus មាន​បំណង​ឈ្នះ​ពាន​ Champions League ជា​លើក​ដំបូង​របស់​ខ្លួន​ក្រោយ​ពី​ខកខាន​លើក​ពាន​នេះ​តាំង​ពី​ឆ្នាំ ​១៩៩៦​។

កីឡាករ Cristiano Ronaldo ដែល​លោក Sarri និយាយ​ថា​ «​នឹង​ធ្វើ​ឲ្យ​មាន​ការ​ខុស​ប្លែក​ពី​មុន​នោះ» ​នឹង​ដើរ​តួ​សំខាន់​ជា​ថ្មី​ម្ដង​ទៀត ​ដើម្បី​ប្រយុទ្ធ​ជាមួយ​ខ្សែ​ការពារ​ហូឡង់​ Matthijs De Ligt អម​ដោយ​កីឡាករ​ Giorgio Chiellini និង​ Leonardo Bonucci ផង​ដែរ​។​

ចំណែក​នាយក​កីឡាករ​នៅ​ក្លិប Juventus លោក Fabio Paratici បាន​និយាយ​ថា គ្រប់​ផ្នែក​ទាំង​អស់​គឺ​មាន​ស្រាប់​ហើយ​សម្រាប់​លោក Sarri ដើម្បី​ផ្ដល់​ទម្រង់​លេង​ថ្មី​មួយ​ទៀត​សម្រាប់​ក្រុម​នេះ​។​

លោក Paratici បាន​និយាយ​ថា៖ «​យើង​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ចំពោះ​អ្វី​ដែល​សម្រេច​បាន​​មក​ដល់​ពេល​នេះ​ ហើយ​យើង​បាន​ទិញ​កីឡាករ De Ligt ដែល​ក្រុម​ល្បីៗ​ទាំង​អស់​ចង់​បាន​រូប​គេ​»។​

នាយក​កីឡា​រូប​នេះ​បាន​បន្ថែម​ថា៖ «​យើង​អាច​ទិញ​រូប​គាត់​ជាមួយ​កីឡាករ​សំខាន់ ​២ ​រូប​ទៀត​ ​ក្នុង​ការ​ដោះដូរ​ដោយ​គ្មាន​តម្លៃ​ខ្លួន​គឺ​កីឡាករ Rabiot និង​ Ramsey ដែល​ក្លិប​ជា​ច្រើន​ចង់​បាន​ពួក​គេ​»។​

លោក Paratici បាន​បន្ត​ថា៖ «​ក្រុម Juventus មាន​កីឡាករ​ឆ្នើម​បំផុត​នៅ​ក្នុង​ផ្នែក​ទាំង​អស់​​ គឺ​ជា​ក្រុម​មួយ​ដែល​មាន​តម្លៃ​បំផុត​»៕ AFP/SN