ក្រុងមីឡានៈ ក្លិប​ម្ចាស់​ជើងឯក​អ៊ីតាលី Juventus បានប្រកាស​ពីថ្ងៃ​ពុធ​ថា ពួកគេ​បាន​បង្កើត​សាខា​ថ្មី​មួយ​នៅ​ទីក្រុង​ហុងកុង ខណៈ​ក្លិប​សំខាន់​នៅ​ក្របខ័ណ្ឌ Serie A មួយ​នេះ​សម្លឹង​ឃើញ​ពង្រីក​សាខា​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

ក្រុម Juventus មើលឃើញ​តំបន់​នេះ​ថា​ជា​តំបន់​សំខាន់​មួយ​នៃ​ការរីកចម្រើន​ដែល​មាន​សក្ដានុពល ហើយ​អន្ទះសា «​ចង់​ពង្រឹង​វត្តមាន​របស់ខ្លួន​» ​នៅ​តំបន់​អាស៊ី ខណៈ​ពួកគេ​មាន​ប្រាក់​ចំណូល​តិចជាង​ក្លិប​ធំៗ​លេង​នៅ​ក្របខ័ណ្ឌ Premier League ។

ការទិញ​ម្ចាស់​ជើងឯក​ស្បែកជើង​មាស​ ៥ ​ជំនាន់ Cristiano Ronaldo ពី​ក្រុម Real Madrid កាលពី​ឆ្នាំមុន​ក្នុង​តម្លៃ​ ១០០ ​លាន​អឺរ៉ូ​ប្រហែល​ ១១០ ​លាន​ដុល្លារ​នោះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ក្នុងការ​បង្កើន​ប្រជាប្រិយភាព​របស់​ក្រុម​នេះ​នៅ​តំបន់​អាស៊ី​។

ក្លិប Juventus បាន​និយាយ​ក្នុង​របាយការណ៍​ថា​៖ «​តាមរយៈ​ការបង្កើត​មូលដ្ឋាន​ប្រតិបត្តិការ​ផ្ទាល់ខ្លួន​នៅ​ទីក្រុង​ហុងកុង​នេះ ក្រុមហ៊ុន​កំពុង​សម្ដែង​ពី​ឆន្ទៈ​យ៉ាងខ្លាំង​ក្នុងការ​ខិត​កាន់តែ​ជិត​ដល់​អ្នកគាំទ្រ​ជា​សក្ដានុពល​ចំនួន​ ១៧១ ​លាន​នាក់ និង​ដើម្បី​ចាក់គ្រឹះ​សម្រាប់​ផែនការ​រយៈពេល​យូរ​ជាមួយ​គ្រឹះ​ដែល​បាន​បង្កើតឡើង​នេះ​»​។

ក្រុម​សេះបង្កង់ Juventus បាន​ធ្វើ​ដំណើរ​មក​តំបន់​អាស៊ី​នៅ​រដូវក្តៅ​នេះ​ដោយ​ធ្វើការ​ប្រកួត​មួយ​ចំនួន​នៅ​ប្រទេស​សិង្ហបុរី ចិន និង​កូរ៉េ​ខាង​ត្បូង ប៉ុន្តែ​ការសម្រេចចិត្ត​របស់ Ronaldo មិន​ចូល​លេង​នៅ​ទីក្រុង​សេអ៊ូល​បាន​បង្ក​ឱ្យ​អ្នក​គាំទ្រ​ខឹង​យ៉ាងខ្លាំង​ដោយ​គំរាម​ដាក់ពាក្យ​ប្តឹង​ផងដែរ​។

ក្រុម Juventus មាន​សាលា​បាល់ទាត់​ចំនួន​ ១០ ​កន្លែង​នៅ​តំបន់​នេះ​គឺ​ ៦ ​កន្លែង​នៅ​ប្រទេស​ចិន ១ ​កន្លែង​នៅ​ជប៉ុន ១ ​កន្លែង​នៅ​វៀតណាម ១ ​កន្លែង​នៅ​អូស្ត្រាលី និង​ ១ ​កន្លែង​ទៀត​នៅ​នូវែលសេឡង់​។

របាយការណ៍​ក្លិប​នេះ​បាន​បន្ថែម​ថា​៖ «​សាខា​នៅ​ក្រុង​ហុងកុង​នេះ​បាន​ក្លាយជា​ភស្តុតាង​មួយ​បង្ហាញ​ពី​តម្រូវការ ក្ដីប្រាថ្នា និង​ចំណង់​ចំណូលចិត្ត​របស់​អ្នកគាំទ្រ​ក្លិប Juventus នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​»​។

ក្រុម Juventus បាន​និង​កំពុង​ជំរុញ​ឲ្យ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A ដាក់ចេញ​ផែនការ​ថ្មីៗ​ថែមទៀត​ ដើម្បី​ជួយ​ឲ្យ​ក្លិប​នេះ​រីកចម្រើន​នៅ​តំបន់​អាស៊ី​។

ប្រធាន​មន្ត្រី​ចំណូល​ក្លិប Juventus លោក Giorgio Ricci បាន​ប្រាប់ BBC Sport ថា​៖ «​យើង​ត្រូវ​រក​តុល្យភាព​ត្រឹមត្រូវ​រវាង​ទស្សនិកជន​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​»​។

ប្រធាន​មន្ត្រី​ចំណូល​រូបនេះ​បាន​និយាយ​ថា​៖ «​វា​មិន​ត្រឹមតែ​ជា​ពេលវេលា​ផ្សព្វផ្សាយ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ជាការ​ចែកចាយ​ត្រឹមត្រូវ​ផងដែរ​»​។

នាយក​គ្រប់គ្រង​សាខា​ក្រុង​ហុងកុង​គឺ លោក Federico Palomba បាន​និយាយថា តំបន់​នេះ​មាន​ «​វិសាលភាព​ធំធេង​សម្រាប់​ការរីកចម្រើន​របស់​ក្រុម​នេះ​»​។

នាយក​សាខា​រូបនេះ​បាន​បន្ថែម​ទៀត​ថា​៖ «​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ក្របខ័ណ្ឌ Serie A មាន​ប្រជាប្រិយ​ភាពខ្លាំង​នៅ​ប្រទេស​ចិន ហើយ​ឥឡូវនេះ​វា​កំពុងតែ​កើតឡើង​ម្ដង​ទៀត​ហើយ​»៕ SN