ក្រុងប៉ារីស: លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Liverpool បាន​និយាយ​ថា ក្រុម​របស់​លោក «បាន​ធ្វើ​ខ្លួន​ឯង​ដូចជា​អ្នក​លក់​សាច់» ដោយ​សារ​តែ​ការ​បញ្ចេញ​ប្រតិកម្ម​របស់​កីឡាករ​នៃ​ក្រុម Paris Saint-Germain ក្នុង​ការ​ប្រជែង អំឡុង​ពេល​ក្រុម​ម្ចាស់​ជើង​ឯក​បារាំង​មួយ​នេះ​បាន​យក​ឈ្នះ ២-១ ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League កាល​ពី​ថ្ងៃ​ពុធ។

គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «របារ​តូច​មួយ​ដែល​យើង​ត្រូវ​ជម្នះ មាន​ការ​បង្អាក់​ដល់​ទៅ ៥០០ ០០០ ដង​ក្នុង​តង់​ទី ២ ហើយ​អាជ្ញា​កណ្តាល​នៅ​តែ​គិត​ថា គាត់​បាន​សម្រេច​ចិត្ត​ត្រូវ​ទាំង​អស់។ យើង​គឺជា​ក្រុម ១ ក្នុង​ចំណោម​ក្រុម​លេង​ដោយ​យុត្តិធម៌​បំផុត​នៅ​អង់គ្លេស ប៉ុន្តែ​នៅ​រាត្រី​នេះ យើង​ហាក់​ដូចជា​អ្នក​លក់​សាច់​អ៊ី​ចឹង»។

ខ្សែការពារ Juan Bernat និង​ខ្សែប្រយុទ្ធ Neymar បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដើម្បី​ជួយ​ឲ្យ​ក្រុម PSG ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​នៅ​តង់​ទី ១ នៅ រដ្ឋធានី​របស់​បារាំង ប៉ុន្តែ​គ្រាប់​បាល់​ប៉េណាល់​ទី ១ គ្រាប់​របស់​ខ្សែ​បម្រើ James Milner នៅ​ជិត​បញ្ចប់​តង់​ទី ១ បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​ដ៏​សំខាន់​នៃ​វគ្គ​ចែក​ពូល​នេះ ស្ថិត​ក្នុង​ភាព​មិន​ច្បាស់ រហូត​ដល់​វិនាទី​ចុង​ក្រោយ។

Liverpool ដែល​បាន​រង​បរាជ័យ​រាល់​ការប្រកួត​ក្រៅ​ទឹកដី​របស់ខ្លួន​ទាំង ៥ លើក​ក្នុង​ក្របខ័ណ្ឌ Champions League បច្ចុប្បន្ន​ប្រឈម​មុខ​នឹង​ការ​អវត្តមាន​ក្នុង​វគ្គ​បន្ត ត្រឹម​តែ​រយៈពេល ៦ ខែ ក្រោយ​ពី​បាន​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាមួយ​នឹង​ក្រុម Real Madrid។

ស្របពេល​ជាមួយគ្នានេះ ក្រុម Napoli បាន​ផ្តួល​ក្រុម Red Star Belgrade ៣-១ កាលពី​ថ្ងៃ​ពុធ ហើយ​ក្រុម Liverpool នឹង​ត្រូវ​តែ​ឈ្នះ​ដោយ​ការ​រក​គ្រាប់​បាល់​នាំមុខ ២ គ្រាប់​ដាច់ ឬ ១-០ នៅ​លើ​ទឹកដី​ក្រុម របស់​អ៊ីតាលី ក្នុង​រយៈពេល ២ សប្តាហ៍​ទៀត ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត។

ដោយ​ឡែក ខ្សែ​បម្រើ​ដ៏​មាន​ឥទ្ធិពល Christian Eriksen បាន​និយាយ​ថា ក្រុម Tottenham «ដឹង​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ» ក្នុង​បេសកកម្ម​ដ៏​លំបាក​មួយ​ក្នុង​នៅ​លើ​ទឹកដី​ក្រុម Barcelona ក្រោយ​ពី​រូបគេ​បាន​រក្សា​ក្តី​សង្ឃឹម​របស់​ក្រុម​ខ្លួន​ក្នុង​ក្របខ័ណ្ឌ Champions League តាមរយៈ​ការ​រក​គ្រាប់​បាល់​ឈ្នះ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត ពេល​ជួប​ក្រុម Inter Milan កាល​ពី​ថ្ងៃ​ពុធ។

ក្រុម​របស់លោក Mauricio Pochettino នៅសល់​ត្រឹមតែ​រយៈពេល ១០ នាទី​ទៀត​ប៉ុណ្ណោះ​ក្នុង​ការ​ត្រូវ​កាត់​ចេញ​ត្រឹម​វគ្គ​ចែក​ពូល ខណៈ​ពួកគេ​បាន​ជួប​ការ​លំបាក​ក្នុង​ការ​បំបែក​តំបន់​ការពារ​ដ៏​រឹងមាំ​របស់​ក្រុម Inter នា​កីឡដ្ឋាន Wembley។

ប៉ុន្តែ Eriksen ដែល​ត្រូវ​បានដាក់​ឲ្យ​លេង​ជា​កីឡាករ​បម្រុង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដោយ​លោក Pochettino បាន​ចូល​ទៅ​សង្គ្រោះ​ក្រុម Tottenham នៅ​ពេល​ដែល​រូបគេ​បាន​ស៊ុត​បាល់​បំប៉ោង​សំណាញ់​ទី ក្រោយ​ពី​ការ​បញ្ជូន​បាល់​ដ៏​ល្អ​ពី Dele Alli ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រជែង​កៅអី​ក្នុង​ពូល B របស់​ពួកគេ​ឈាន​ទៅ​ការ​ប្រកួត​ចុង​ក្រោយ។

គ្រាប់​បាល់​នេះ​មានន័យថា ពួកគេ​នឹងធ្វើ​ដំណើរ​ទៅកាន់ Camp Nou ដើម្បី​ជួប​ក្រុម​កំពុង​នាំមុខ Barca នា​ថ្ងៃ​ទី ១១ ខែ​ធ្នូ ដោយ​ដឹង​ថា ជ័យ​ជម្នះ​មួយ​ទៀត​នឹង​ធ្វើ​ឲ្យ​ពួកគេ​ឈ្នះ​កៅអី​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ មិន​ថា ក្រុម Inter ជួប​លទ្ធផល​បែប​ណា​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម PSV នៅ​រាត្រី​ដដែល​នោះ​ឡើយ»៕

លទ្ធផល​គូ​ផ្សេងទៀត

Atl. Madrid 2-0 Monaco

Lokomotiv 2-0 Galatasaray

Dortmund 0-0 Brugge

Porto 3-1 Schalke

PSV 1-2 Barcelona