ក្រុងមេនឆេស្ទ័រៈ លោក Pep Guardiola ជា​គ្រូបង្វឹក​ក្លិប Man City បាន​អរគុណ​ប្រធាន​ក្រុម​សញ្ជាតិ​បែលហ្ស៊ិក Vincent Kompany យ៉ាងខ្លាំង​ចំពោះ​គ្រាប់​បាល់​ដ៏មាន​តម្លៃ​របស់​គាត់​ជួយ​ឲ្យ​ឈ្នះ​ក្រុម Leicester City ១-០ កាលពី​រាត្រី​ថ្ងៃ​ចន្ទ​ និង​បន្ត​ឆ្ពោះ​ទៅ​រក​ការលើក​ពាន Premier League រដូវកាល​នេះ​។

ជ័យជម្នះ​នេះ​បាន​ធ្វើឲ្យ​ក្រុម​មេឃ​ខៀវ Man City នាំ​មុខ​ក្រុម​ហង្សក្រហម Liverpool ១ ​ពិន្ទុ​ក្រោយ​ពី​ខ្សែការពារ Kompany បាន​ជួយ​ឲ្យ​ក្រុម​មេឃ​ខៀវ​បាន​ ៣ ​ពិន្ទុ​ទៀត​ដោយ​ស៊ុត​បាល់​ពី​ចម្ងាយ​ចូល​ទី​យ៉ាង​ល្អ​នៅ​នាទី​ទី​ ៧០​។

ក្រុម​របស់​លោក Guardiola នឹង​ក្លាយ​ជា​ក្រុម​ទី​ ១ ​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​នេះ​ដែល​បាន​រក្សា​ការលើក​ពាន​នៃ​ក្របខ័ណ្ឌ​នេះ​ប្រសិន​បើ​យក​ឈ្នះ​ទៅ​លើ​ក្រុម Brighton នៅ​រាត្រី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​បើ​ទោះ​ជា​ក្រុម​ហង្ស​ក្រហម​បាន​ប្រកួត​ស្មើ ឬ​ឈ្នះ​ក្រុម​ចក​ខ្មៅ Wolves ក្នុង​ទឹកដី​ខ្លួនឯង​នៅ​ថ្ងៃ​ដូច​គ្នា​នោះ​ក៏ដោយ​។

កីឡាករ Kompany ដែល​ស៊ូទ្រាំ​នឹង​សំណាង​គួរឱ្យ​ភ័យខ្លាច​ជាមួយ​នឹង​ការរងរបួស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បាន​រន្ធត់​ចិត្ត​ដល់​ស្រក់​ទឹកភ្នែក​ក្រោយពី​បាន​ជួយ​នាំ​កិត្តិយស​ដល់​ក្រុម Man City ក្នុង​ការប្រកួត​ក្នុង​ទឹកដី​ខ្លួនឯង​ចុងក្រោយ​នៃ​រដូវកាល​នេះ​នៅ​កីឡដ្ឋាន Etihad ស្រប​ពេល​កុងត្រា​របស់​គាត់​នឹង​បញ្ចប់​នៅ​ចុង​រដូវកាល​នេះ​។

លោក Guardiola បាន​និយាយ​ថា​៖ «​មាន​កីឡាករ​ជាច្រើន​ដែល​បាន​ជួយ​យើង​រហូត​បាន​ស្ថិត​នៅ​ទីតាំង​បច្ចុប្បន្ននេះ​ក្នុង​នោះ​ក៏​មាន​កីឡាករ Kompany ផងដែរ​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ត​ថា​៖ «​គាត់​បាន​ដើរតួនាទី​ជា​ខ្សែ​ការពារ​ និង​ជា​ប្រធាន​ក្រុម​ម្នាក់​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំងណាស់​។ ខ្ញុំ​សប្បាយចិត្ត​ចំពោះ​គាត់ ចំពោះ​ក្លិប និង​ចំពោះ​អ្នក​រាល់គ្នា​»​។

លោក​ Guardiola បាន​សារភាព​ថា​គាត់​បាន​ព្យាយាម​ប្រាប់​កីឡាករ Kompany កុំ​ឲ្យ​ស៊ុត​ចំពេល​គាត់​បាន​ស៊ុត​បញ្ចូល​ទី​ពី​ចម្ងាយ​យ៉ាង​ល្អ​ជា​លើក​ដំបូង​តាំងពី​គាត់​បាន​លេង​នៅ​ក្រុម Hamburg នៅ​ឆ្នាំ​ ២០០៧​។

Kompany បាន​និយាយ​ថា​៖ «​វា​មិន​សំខាន់​ថា តើ​យើង​រក​បាន​ប៉ុន្មាន​គ្រាប់​នោះទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​យើង​បាន​ស៊ុត​បញ្ចូល​ទី​ដោយ​ជោគជ័យ​ដូចជា​ថ្ងៃ​នេះ អ៊ីចឹង​គឺ​វា​សំខាន់​ខ្លាំង​ណាស់​»​។

Kompany បាន​បន្ត​ថា​៖ «​គ្រប់​ជំហាន​ក្នុង​រយៈពេល​ ៤ ​ខែ​ចុង​ក្រោយ​នេះ​គឺ​សំខាន់​ណាស់​ ខណៈ​ក្រុម Liverpool ក៏​រក្សា​ការបន្ត​បោះជំហាន​របស់​ខ្លួន​ផងដែរ​ស្រប​ពេល​យើង​នៅ​សល់​ ១ ​ប្រកួត​ចុងក្រោយ​នៅក្នុង​ទឹកដី​របស់​ក្រុម Brighton ដែល​យើង​មិន​ទាន់​ដឹង​ពី​លទ្ធផល​នៅ​ឡើយ​នោះ​ទេ​»​។

ក្រុម Man City ឥឡូវ​បាន​ឈ្នះ​ការប្រកួត​លីក​ ១៣ ​លើក​ជាប់ៗ​គ្នា​ចុង​ក្រោយ​ធ្វើ​ឲ្យ​ក្រុម​នេះ​បាន​ស្ថិត​នៅ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League ហើយ​លោក Guardiola បាន​អះអាង​ថា​គឺ​ក្រុម​របស់​គាត់​ទេ​ដែល​ត្រូវ​លេង​ក្រោម​សម្ពាធ​ទោះបី​ជា​ក្រុម Liverpool បាន​រង់ចាំ​លើក​ពាន​នេះ​រយៈពេល​ ២៩ ​ឆ្នាំ​មក​ហើយ​ក៏ដោយ​។

លោក​បាន​បន្ថែម​ថា​៖ «​វា​ជា​រឿង​អស្ចារ្យ​ណាស់​ចំពោះ​ទម្រង់​លេង​ក្នុង​តង់​ទី​ ២ ​គឺថា​វា​លំបាក​ណាស់​ដូច្នេះ​វា​មិនមែន​ក្រុម Liverpool ជា​អ្នក​រងសម្ពាធ​ទេ​គឺ​ក្រុម​របស់​យើង​ព្រោះ​យើង​អាច​បាត់បង់​ឱកាស​នេះ​ ខណៈ​វា​ស្ថិត​ក្នុង​ដៃ​របស់​យើង​រួច​ទៅ​ហើយ​នោះ​»៕ SN