ភ្នំពេញៈ ស្ថាបនិក​បង្កើត​ពាន​ពាក់កណ្តាល​អាជីព Keller Williams Cambodia League (KW Cambodia League) លោក​បណ្ឌិត គីម ហ៊ាង បាន​ប្រកាស​ពី​ការដំឡើង​ប្រាក់រង្វាន់​នៃ​ការប្រកួត​ពាន​មួយ​នេះ​រហូត​ដល់​ ១ ​ម៉ឺន​ដុល្លារ​សម្រាប់​រដូវកាល​ឆ្នាំ​ ២០២០ ប៉ុន្តែ​លោក​បាន​កំណត់​ថា​នឹង​ជ្រើសរើស​យក​តែ​ក្រុម​ដែល​មាន​គុណភាព​ល្អ​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ប៉ុណ្ណោះ​។

លោក​បណ្ឌិត គីម ហ៊ាង បាន​ថ្លែង​ថា​៖ «​សម្រាប់​ការប្រកួត​ពាន KW Cambodia League ក្នុង​រដូវកាល​ឆ្នាំ​ ២០២០ យើង​នឹង​បង្កើន​ប្រាក់រង្វាន់​ពី​ ២៤ ​លាន​រៀល​សម្រាប់​ក្រុម​ជើងឯក​នៅ​ឆ្នាំ​ ២០១៩ ​នេះ​ទៅ​ជា​ ៤០ ​លាន​រៀល ឬ​ ១ ​ម៉ឺន​ដុល្លារ​សម្រាប់​ឆ្នាំក្រោយ ប៉ុន្តែ​យើង​មិន​បង្កើន​ក្រុម​ចូលរួម​នោះ​ទេ ព្រោះ​យើង​ចង់​ចម្រាញ់​យក​ក្រុម​ចូលរួម​ដែល​ខ្លាំងៗ​»​។

ការលើក​ឡើង​របស់​ស្ថាបនិក​រូប​នេះ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នៅក្នុង​ពិធី​បិទ​ការប្រកួត​ពាន KW Cambodia League 2019 នៅ​លើ​ទីលាន KMH កាលពី​យប់​ថ្ងៃ​អាទិត្យ​ដោយ​ការប្រកួត​រដូវកាល​ទី​ ៨ ​នេះ​ក្រុម ISI Group United ជា​អ្នក​លើក​ពាន​ធំ​អម​ជាមួយ​ប្រាក់​រង្វាន់​ ២៤ ​លាន​រៀល ព្រោះ​ការប្រកួត​វិលជុំ​ទាំង​ ១៥ ​លើក ISI បាន​ឈ្នះ​ ១៤ និង​ស្មើ​ ១ ​ប្រកួត​មាន​ ៤៣ ​ពិន្ទុ​គឺ​លើស​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ Avatar FC ត្រឹម​ ១ ​ពិន្ទុ ព្រោះ Avatar បាន​ឈ្នះ​ ១៤ និង​ចាញ់​ចំនួន​ ១ ​ប្រកួត ខណៈ Khmer United A ឈរ​នៅ​លេខ​ ៣ Riel Phnom Penh ឈរ​នៅ​លេខ​ ៤ ហើយ​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​ ២០១៧ Bayon Wanderers ឈរ​នៅ​លេខ​ ៥​។

ក្រុម Avatar បាន​នាំគ្នា​ស្រែក​ហ៊ោ បើ​ទោះបី​ជា​ឆ្នាំ​នេះ​ពួកគេ​បាន​ឈ្នះ​ត្រឹម​ពាន​តូច​ជំនួស​ពាន​ធំ​។ សហការី

លោក គីម ហ៊ាង បាន​បន្ថែម​ថា​៖ «​ក្រុម​ដែល​បាន​ឈរ​នៅ​តំបន់ Top5 យើង​នឹង​ឲ្យ​ពួកគេ​ចូលរួម​ការប្រកួត​នៅ​ឆ្នាំ​ក្រោយ​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​ក្រុម​ផ្សេង​ទៀត​ដែល​ចង់​ចូលរួម យើង​អាច​នឹង​រៀបចំ​ឲ្យ​មាន​ការប្រកួត​ជម្រុះ​គ្នា​សិន ហើយ​បើ​ក្រុម​ណា​មាន​សមត្ថភាព​មិន​ដល់​យើង​មិន​ឲ្យ​ចូលរួម​ទេ ព្រោះ​ពាន​ពាក់កណ្តាល​អាជីព​ដែល​នឹង​កើន​ប្រាក់​រង្វាន់​ដល់​ ១ ​ម៉ឺន​ដុល្លារ​ទៅ​ហើយ​នោះ គឺ​យើង​ត្រូវ​តែ​បង្កើន​គុណភាព​ក្នុង​ការលេង​ឲ្យ​កាន់តែ​ប្រសើរ​ជាង​ឆ្នាំ​នេះ​»​។

ដោយឡែក​ការប្រកួត​យក​ពាន​តូច KW Cambodia Cup 2019 វិញ ក្រុម Avatar FC បាន​ទម្លាក់​ក្រុម Khmer United A នៅ​វគ្គ​ខ្វែង​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​បាន​វាយបក​យក​ឈ្នះ​ក្រុម Bayon Wanderers ៤-២ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​អាទិត្យ​ដើម្បី​លើក​ពាន​តូច​នេះ​ជំនួស​ការបាត់បង់​ពាន​ធំ អម​ជាមួយ​ប្រាក់​រង្វាន់​ ១២ ​លាន​រៀល ឯ​ក្រុម​លេខ​ ២ Bayon បាន​ ៨ ​លាន​រៀល​។

ចំណែកឯ​ក្រុម Khmer United A ដែល​ជា​ម្ចាស់​ពាន​តូច​កាលពី​ឆ្នាំ​ ២០១៨ និង​ក្រុម Riel Phnom Penh ដែល​ធ្លាក់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដូច​គ្នា ត្រូវ​បាន​ចាត់​ឲ្យ​ទទួល​បាន​លេខ​ ៣ ​ស្ទួន និង​បាន​ប្រាក់​រង្វាន់​ ៦ ​លាន​រៀល​ដូច​គ្នា​ហើយ Khmer United A ក៏​ទទួល​បាន​ពាន Fair Play អម​នឹង​ប្រាក់​ ២ ​លាន​រៀល​ទៀត​ដែរ ខណៈ​ខ្សែប្រយុទ្ធ Blessing របស់​ក្រុម ISI Group United ក្លាយ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ ហើយ Dave Maguire របស់​ក្រុម Riel PP ក្លាយ​ជា​អ្នកចាំទី​ល្អ​ប្រចាំ​ព្រឹត្តិការណ៍​នេះ​ដោយ​អ្នក​ទាំង​ ២ ​នេះ​បាន​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ ១ ​លាន​រៀល​ដូច​គ្នា​៕