ក្រុងឡុងដ៍: លោក Frank Lampard គ្រូបង្វឹករបស់ក្រុម Derby កំពុងតែរីករាយចំពោះការវិលទៅកាន់ក្លិប Chelsea វិញ ក្នុងនាមជាអ្នកចាត់ការទូទៅម្នាក់ ក្នុងពាន League Cup នៅរាត្រីនេះ ក្រោយពីបានទម្លាក់ក្រុម Manchester City របស់លោក Jose Mourinho ក្នុងការប្រកួតកាលពីជុំមុន។
លោក Lampard ត្រូវបានចាត់ទុកថា ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏ឆ្នើមបំផុតមិនធ្លាប់មានពីមុនមករបស់ Chelsea ក្រោយពីបានស៊ុតបាល់បញ្ចូលទីសរុប២១១គ្រាប់ និងឈ្នះពានធំៗ ចំនួន ១១ នៅចន្លោះឆ្នាំ ២០០១ និងឆ្នាំ ២០១៤ ក្នុងនោះរាប់បញ្ចូលទាំងពាន Champions League កាលពីឆ្នាំ ២០១២ និងពានក្របខ័ណ្ឌ Premier League ៣លើកផងដែរ។
នៅមុនពេលការប្រកួតជុំទី៤ នាកីឡដ្ឋាន Stamford Bridge គ្រូបង្វឹកវ័យ៤០ឆ្នាំរូបនេះ បានឲ្យដឹងថា៖ «វាពិតជាការចាប់ឆ្នោតដ៏ពិសេសមួយ សម្រាប់ខ្ញុំ ក្នុងការអាចវិលត្រឡប់វិញ និងជួបមនុស្សជាច្រើនក្រៅពីការប្រកួត និងមិត្តភ័ក្តិ៤០០០០នាក់ ក្នុងកីឡដ្ឋាន»។
លោក Lampard បានបន្ថែមទៀតថា៖ «ខ្ញុំកាន់តែមានការរំជួលចិត្តជាងមុន ខណៈខ្ញុំឈានចូលវ័យកាន់តែចាស់។ រឿងទាំងនេះស្ថិតក្នុងចិត្តខ្ញុំ។ ដោយសារតែអ្នកដឹងពីកម្រិតសំខាន់របស់ Chelsea ក្នុងជីវិតរបស់អ្នក និងអ្វីដែលខ្ញុំជំពាក់ទាក់ទងនឹងពាក្យថា អរគុណ»។
លោក Lampard កំពុងតែជួបការរីករាយនៅក្លិប Derby ដែលកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ៦នៅលើតារាងក្របខ័ណ្ឌ Championship ដោយមាន ៤ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង៕ IS