ក្រុង​ឡុងដ៍៖ គ្រូ​បង្វឹក​ក្រុម Chelsea ​លោក​ Frank ​Lampard​ បាន​ប្រាប់​ក្រុម​របស់​គាត់​ថា​ «​ការ​ប្រយុទ្ធ​ត្រូវ​ចាប់​​ផ្តើម​ឥឡូវ​នេះ​» ដើម្បី​មាន​ឱកាស​​​បាន​លេង​​នៅ​​ក្របខ័ណ្ឌ ​Champions League ​នៅ​រដូវ​កាល​ក្រោយ​ ​បន្ទាប់​ពី​ចាញ់​ ២-០ ក្រោម​ថ្វី​ជើង​របស់​ក្រុម​ Man​​ Utd​ កាល​ពី​រាត្រី​ថ្ងៃ​ចន្ទ​។​

ក្រុម​តោ​ខៀវ​​បាន​ស៊ុត​បញ្ចូល​ទី​ ២ ​លើក​ដែរ ​ប៉ុន្តែ​ត្រូវ​បាន​​វីដេអូ ​VAR ​បដិសេធ​​​ និង​ខឹង​សម្បា​ចំពោះ​ការ​មិន​បណ្ដេញ​កីឡាករ​ Harry Maguire ចេញ​ពី​ទីលាន​ប្រកួត​​នៅ​ពេល​រូប​គេ​បាន​បង្ក​កំហុស​មុន​ពេល​រូប​គេ​រក​បាន​គ្រាប់​បាល់​ទី ​២ ​សម្រាប់​ក្រុម ​Man United ក្រោយ​ពី​កីឡាករ ​Anthony Martial រក​បាន​គ្រាប់​បាល់​បើក​ឆាក​។

លោក Lampard បាន​និយាយ​​ថា៖ «​ការ​ប្រយុទ្ធ​ត្រូវ​ចាប់​ផ្ដើម​ឥឡូវ​នេះ​។ វា​គ្មាន​ប្រយោជន៍​អ្វី​ដែល​​ខ្ញុំ​ត្រូវ​​បន្ត​​បក​ស្រាយ​ពី​រឿង​នេះ​ទេ ​ប៉ុន្តែ​តថភាព​គឺ​យើង​បាន​ឃើញ​ជាក់​ស្ដែង​​នៅ​ទីនោះ​ស្រាប់​ហើយ​​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ប្រសិន​បើ​យើង​មិន​ឆ្លៀត​ឱកាស​ទេ​ ពេល​នោះ​យើង​នឹង​​មិន​អាច​​ឈ្នះ​ការ​ប្រកួត​​បាន​ឡើយ​​។ នៅ​ពេល​អ្នក​គ្រប់គ្រង​ពេល​វេលា​បាន​ហើយ​ អ្នក​ត្រូវ​ចាប់​យក​វា​ឲ្យ​បាន​​»។​​

ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ​ក្រុម​បិសាច​ក្រហម​ Man Utd បាន​ឡើង​ដល់​លេខ ​៧​ និង​តាម​ពី​ក្រោយ​ ៣ ពិន្ទុ ​នៃ​ក្រុម​តោខៀវ ​Chelsea ​ដែល​ឈរ​នៅ​លេខ ​៤ ​ខណៈ​ដែល​លេខ ​៥ ​ពេល​នេះ​អាច​ល្អ​សម្រាប់​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ​ Champions League​ ​នៅ​រដូវកាល​ក្រោយ ​ដោយ​រង់ចាំ​មើល​បណ្ដឹង​របស់​​​ក្រុម​ Man City ដែល​ប្ដឹង​ជំទាស់​ចំពោះ​ការ​ដាក់​បម្រាម​​មិន​ឲ្យ​ចូលរួម​​ប្រកួត​ពាន​អឺរ៉ុប​រយៈ​ពេល ​២ ​រដូវកាល​។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​​គ្រូបង្វឹក​ក្រុម Man Utd លោក Ole Gunnar Solskjaer បាន​ទទួល​ស្គាល់​ថា គាត់​មិន​ចាប់​អារម្មណ៍​ចំពោះ​ទម្រង់​លេង​របស់​ក្រុម​ភ្ញៀវ​នោះ​ទេ​។​

លោក Solskjaer បាន​និយាយ​ថា៖ «​នៅ​ពេល​អ្នក​ឈ្នះ​ ២-០ នៅ​ទី​នេះ​ អ្នក​សប្បាយ​ចិត្ត​ណាស់​»​។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​ជា​ថ្មី​ម្ដង​ទៀត​ ខ្ញុំ​មិន​បាន​គិត​ថា យើង​លេង​បាន​ល្អ​បែប​នេះ​ទេ​ជា​ពិសេស​ជា​មួយ​ទម្រង់​លេង​​នៅ​តង់​ទី ​១​។ ​យើង​លេង​មិន​សូវ​ល្អ​ យឺត ហើយ​​ការ​បញ្ជូន​បាល់​ក៏​មិន​បាន​ល្អ​ផង​ដែរ ​ប៉ុន្តែ​យើង​រក​បាន​គ្រាប់​បាល់​ទី ​១ ​បន្ទាប់​មក​យើង​រក​បាន ​១ ​គ្រាប់​ទៀត​នៅ​តង់​ទី ​២​»​។​

កីឡាករ​ Maguire បាន​និយាយ​ជុំវិញ​ការ​បង្កើត​កំហុស​ក្នុង​ការ​​ប្រកួត​នេះ​ដែរ​ថា៖ «​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ចាប់​គាត់​ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា គាត់​នឹង​ដួល​មក​លើ​ខ្ញុំ​ ដូច្នេះ​ហើយ​ខ្ញុំ​ក៏​បាន​លើក​ជើង​ធាក់​គាត់ ​ដើម្បី​​ទប់​កុំ​ឲ្យ​គាត់​ដួល​មក​លើ​ខ្ញុំ​»។​​​

កីឡាករ​រូប​នេះ​បាន​បន្ថែម​​ទៀត​ថា៖ «​ខ្ញុំ​ក៏​បាន​សុំទោស​ចំពោះ​គាត់​ហើយ​ដែរ​ ហើយ​វា​ពិត​ជា​ការ​ប្រសើរ​ដែល​អាជ្ញា​កណ្ដាល​មិន​បាន​ចាប់​កំហុស​ពី​បញ្ហា​នេះ​»​៕ AFP/SN