ក្រុងឡុងដ៍: ការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League ក្រុម Liverpool និង Manchester City កាន់តែមានភាពស្វិតស្វាញកាលពីថ្ងៃសៅរ៍ តាមរយៈការដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅលើក្រុម Southampton និង Cardiff ស្របពេលដែលក្រុម Manchester United បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Wolves នៅថ្ងៃដែលលោក Alex Ferguson បានវិលត្រឡប់ទៅកាន់កីឡដ្ឋាន Old Trafford។
លោក Jurgen Klopp បានទទួលផលតបស្នងយ៉ាងល្អឥតខ្ចោះសម្រាប់ការដាក់ឲ្យខ្សែបម្រើ Xherdan Shaqiri បង្ហាញខ្លួនក្នុងជម្រើសដំបូងសម្រាប់ Liverpool ជាលើកទី១របស់គេ ក្នុងពេលទទួលជ័យជម្នះ ៣-០ នៅលើទឹកដី Anfield ហើយកីឡាករ Wesley Hoedt បានធ្វើឲ្យការស៊ុតបាល់របស់តារាឆ្នើមអន្តរជាតិស្វ៊ីសរូបនេះផ្លាតចូលទីដើម្បីរកគ្រាប់បាល់បើកឆាក នៅមុនពេល Joel Matip និងគ្រាប់បាល់ទី ១ របស់ខ្សែប្រយុទ្ធ Mohamed Salah ក្នុងការប្រកួត៤លើកបានជួយឲ្យក្រុម Liverpool បានកត់ត្រាជ័យជម្នះ ៧ លើកជាប់ៗគ្នាក្នុងរាល់យុទ្ធនាការទាំងអស់។
Man City បានឡើងឈរពីលើក្រុម Chelsea ដែលត្រូវធ្វើដំណើរទៅកាន់ទឹកដីក្រុម West Ham នៅថ្ងៃអាទិត្យនេះ ក្នុងចំណាត់ថ្នាក់លេខ២ ដោយដេញតាមពីក្រោយក្រុមកំពុងនាំមុខ ២ ពិន្ទុ ស្របពេលដែលពួកគេបានស្តារមុខមាត់ពីការចាញ់ក្នុងការប្រកួត Champions League ដ៏មិននឹកស្មានដល់ក្រោមស្នាដៃក្រុម Lyon កាលពីពាក់កណ្តាលសប្តាហ៍នេះ តាមរយៈការផ្តួលក្រុម Cardiff ៥-០ ក្នុងរាជធានីរបស់វេលស៍។
ប៉ុន្តែ Man United បច្ចុប្បន្នដេញតាមពីក្រុមកំពូលតារាងដល់ទៅ៨ពិន្ទុ ខណៈការឈ្នះ៣លើកជាប់ៗគ្នាដើម្បីលុបចោលវិបត្តិនៅដើមរដូវកាល បានឈានដល់ទីបញ្ចប់ក្នុងពេលជួបក្រុមឡើងទម្រង់លេង Wolves ស្របពេលលោក Ferguson បានទស្សនាជាលើកទី១ ចាប់តាំងពីទទួលការវះកាត់សាច់ដុះក្នុងខួរក្បាល កាលពីខែឧសភា។
ជាមួយគ្នានេះ ក្រុម Tottenham បានឡើងឈរពីលើក្រុម Man United ក្នុងចំណាត់ថ្នាក់លេខ៥ ខណៈដែលខ្សែប្រយុទ្ធ Harry Kane បានបញ្ចប់ការមិនអាចរកគ្រាប់បាល់ចូលទីត្រឹម៥ប្រកួត ពីការស៊ុតបាល់ពិន័យ១១ម៉ែត្រ ក្នុងពេលក្រុមខ្លួនយកឈ្នះ ២-១ លើទឹកដីក្រុម Brighton ដើម្បីបញ្ចប់ការចាញ់ជាប់ៗគ្នាត្រឹម៣ប្រកួតសម្រាប់ក្រុម Spurs៕ IS