ក្រុងលីវើភូល: Liverpool បានត្រូវការគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួត ប៉ុន្តែ បានបង្ហាញថា ក្រុម Paris Saint-Germain មានកិច្ចការជាច្រើនដើម្បីធ្វើ ប្រសិនបើពួកគេចង់ឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី ១ ខណៈដែលខ្សែប្រយុទ្ធ Roberto Firmino បានរកគ្រាប់បាល់ឈ្នះនៅនាទីបន្ថែម ដើម្បីជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះ ៣-២ នៅកីឡដ្ឋាន Anfield កាលពីថ្ងៃអង្គារ។
បើទោះបីភិតភ័យនៅជិតបញ្ចប់ការប្រកួតក៏ដោយ ប៉ុន្តែ ជ័យជម្នះនេះ ពិតជាស័ក្តិសមសម្រាប់ក្រុមម្ចាស់ជើងឯករងកាលពីរដូវកាលមុនមួយនេះ ដែលបានគ្រប់គ្រងការប្រកួតយ៉ាងល្អ និងបានវាយពីការរបូតការនាំមុខ ២-០ ក្នុងតង់ទី ១ ដើម្បីដណ្តើមយកប្រៀបក្នុងការប្រកួតពូល C។
គ្រាប់បាល់បញ្ចូលទីពីខ្សែប្រយុទ្ធ Daniel Sturridge និងការស៊ុតបាល់ប៉េណាល់ទីពី James Milner បានជួយឲ្យក្រុមម្ចាស់ផ្ទះមានគ្រាប់បាល់នាំមុខមុន នៅមុនពេល Thomas Meunier បានកាត់បន្ថយការដេញតាមពីក្រោយរបស់ PSG។
ក្រោយពីបានរារាំងខ្សែប្រយុទ្ធ Kylian Mbappe និងកីឡាករមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងពិភពលោក Neymar ស្ទើរតែទាំងស្រុងក្នុងការប្រកួតទាំងមូល ក្រុម Liverpool ហាក់ត្រូវបញ្ចប់ក្នុងលទ្ធផលស្មើ ដោយសារតែការបញ្ជូនបាល់មិនបានល្អរបស់ Mohamed Salah ទៅហើយ ខណៈដែល Mbappe បានរកគ្រាប់បាល់តាមស្មើវិញនៅរយៈពេល ៧ នាទីចុងក្រោយ។
ប៉ុន្តែ Firmino ដែលបានស្ថិតជាកីឡាករបម្រុងដោយសារតែរបួសភ្នែកក្នុងពេលប្រកួតជាមួយក្រុម Tottenham កាលពីថ្ងៃសៅរ៍នោះ បានរកគ្រាប់បាល់កាត់សេចក្តី ខណៈដែលរូបគេបានអូសបាល់ចុះឡើង មុននឹងស៊ុតបាល់ចូលជ្រុងម្ខាងយ៉ាងល្អ ដើម្បីធ្វើឲ្យការឈ្នះជាប់ៗគ្នារបស់ Liverpool កើនដល់ ៦ លើកនៅរដូវកាលនេះ។
ក្រោយពីខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ បានអបអរតាមរយៈការខ្ទប់ភ្នែកឆ្វេងដែលរបួសរបស់គេ លោក Klopp បានឲ្យដឹងថា៖ «អ្នកអាចដាក់ឲ្យ Firmino ចូលលេងបាន ហើយរូបគេបានជួយដល់អ្នកជាច្រើន។ ខ្ញុំចូលចិត្តការអបអរការរកគ្រាប់បាល់របស់គេ»។
ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Lionel Messi បានចាប់ផ្តើមយុទ្ធនាការនៃក្របខ័ណ្ឌ Champions League របស់ខ្លួន តាមរយៈការស៊ុតបាល់បញ្ចូលទី ៣ គ្រាប់ ក្នុងពេលក្រុម Barcelona បានលត់ PSV Eindhoven យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃអង្គារ៕
លទ្ធផលផ្សេងទៀត
Club Brugge 0-1 Dortmund
Crvena zvezda 0-0 Napoli
Galatasaray 3-0 Lokomotiv Moscow
Monaco 1-2Atl. Madrid
Schalke 1-1 FC Porto