ក្រុង​លីវើ​ភូល: បើយោង​ទៅ​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​​ទំ​ព័រ The Guardian របស់​អង់​គ្លេស ក្លិប Liverpool បាន​បើក​​ការពិភាក្សា​ផ្សេង​ៗ​ជា​​មួយ​នឹងក្លិប Roma ជុំ​វិញ​ការ​ផ្ទេរ​ដែល​អាច​ទៅ​រួច​មួយ​សម្រាប់​អ្នក​ចាំ​ទី​អន្តរ​ជាតិ​ប្រេស៊ីល Alisson ជា​មួយ​នឹង​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភព​លោក​ ចំនួន​ ៧០​ លាន​អឺ​រ៉ូ (ស្មើ​នឹង​ ៨១,៦​ លានដុល្លារ​អាមេរិក) ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ប្រាក់​ឧ​បត្ថម្ភ​ចំនួន ​១០ ​លាន​អឺ​រ៉ូ ដែល​​ត្រូវ​បាន​ស្នើ​ឲ្យ​ក្លិប​របស់​ក្រប​ខ័ណ្ឌ Seria A មួយ​នេះ ផង​ដែរ​។

Roma កំពុង​តែ​ទាម​ទារ​​ប្រាក់​បន្ថែម​ចំនួន​ ៥ ​លាន​អឺ​រ៉ូ ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​សរុប​កើន​ដល់​ ៧៥​ លាន​អឺ​រ៉ូ សម្រាប់​អ្នក​ចាំ​ទី ​វ័យ​ ២៥​ ឆ្នាំ​រូបនេះ ប៉ុន្តែ ក្លិប​ទាំង​ ២ ពោរ​ពេញ​ដោយ​ការ​ជឿជាក់​ថា ការ​ព្រម​ព្រៀង​គ្នា​មួយ អាច​នឹង​​ឈាន​ដល់​ក្នុង​ពេល​ឆាប់​នេះ​។

តម្លៃខ្លួន​​​កប់​ពពក​​នេះ បាន​បង្កើន​ឲ្យ​មាន​ការ​ជឿជាក់​ក្នុង​ក្លិប Liverpool Alisson នឹង​ក្លាយ​ជា​អ្នក​ចាំ​ទី​ជម្រើស​ទី​ ១​ ថ្មី​របស់​ពួកគេ​នៅ​រដូវកាល​ក្រោយ​។

អ្នក​ចាំ​ទី​អន្តរ​ជាតិ​ប្រេស៊ីល Alisson កំពុង​តែ​ស្ថិត​ក្នុង​ដា​រ៉ា​របស់​ក្លិប Liverpool នៅ​រដូវ​កាល​នេះ​​​។ AFP

ក្លិប Chelsea ក៏​នៅ​តែ​ចាប់​អារម្មណ៍​​ផងដែរ​ទៅលើ​អ្នក​ចាំទី​អន្តរ​ជាតិ​ប្រេស៊ីល​រូប​នេះ ប្រសិន​បើ​ Thibaut Courtois ចាក​ចេញ​។

ក្លិប Real Madrid គឺ​ជា​គោល​ដៅ​ដែល​អាច​ទៅ​រួច​មួយ​ទៀត ប៉ុន្តែ ពួក​គេ​មិន​ទាន់​ធ្វើ​ការ​ទាក់​ទង​ក្លិប Roma នៅ​​ឡើយ​ទេ​។

ប្រសិន​បើ​ការ​ផ្ទេរ​នេះ កើន​ឡើង វា​នឹង​ធ្វើ​ឲ្យ​ Alisson ក្លាយ​ជា​អ្នក​ចាំទី​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ក្នុង​ពិភព​លោក ពោល​គឺ​ច្រើន​ជាង​តម្លៃ​ខ្លួន​៥៣​លាន​អឺ​រ៉ូ ដែល​ត្រូវ​បាន​ចំណាយ​ដោយ​ក្លិប Juventus សម្រាប់​អ្នក​ចាំទី Gianluigi Buffon កាល​ពី​ឆ្នាំ ​២០០១ និង​តម្លៃខ្លួន ​៤០ ​លាន​អឺ​រ៉ូ ដែល​ក្លិប Manchester City បាន​ចំណាយ​ទិញ Ederson ពី​ក្លិប Benfica កាល​ពី​រដូវ​កាល​មុន​៕ IS