ក្រុង​ដូហា៖ សហព័ន្ធ​កីឡា​បាល់ទាត់​ FIFA បាន​និយាយ​ពី​ថ្ងៃ​ចន្ទ​ថា ប្រទេស ​កាតា ​នឹង​បើក​សម្ពោធ​កីឡដ្ឋាន​ទី ​៣ ​ក្នុង​ចំណោម ​៨ ​កីឡដ្ឋាន​ដែល​ត្រៀម​​សម្រាប់​ព្រឹត្តិ​ការណ៍​បាល់​ទាត់​ពិភព​លោក​នៅ​ឆ្នាំ ​២០២២​​ នៅ​ថ្ងៃទី ​១៨​ ខែ​ធ្នូ​។​​

កីឡដ្ឋាន​ដែល​មាន ​៤ ​ម៉ឺន​ កៅ​អី​​ចម្ងាយ ​៧ ​គីឡូម៉ែត្រ​ពី​ទីក្រុង​ដូហា ​ប្រទេស ​កាតា ​នេះ​នឹង​រៀបចំ​​ការ​ប្រកួត​ជម្រុះ​ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​​នេះ ​ដែល​ចាប់​ផ្ដើម​ដំណើរការ​នៅ​ថ្ងៃទី ​១១​ ខែ​ធ្នូ​។​

ការ​សម្ពោធ​កីឡដ្ឋាន​នេះ ​នឹង​មាន​ការ​ប្រកួត​រវាង​ក្រុម​ Liverpool ជា​ម្ចាស់​ជើង​ឯក​អឺរ៉ុប​ដែល​អាច​ប្រកួត​​ជា​មួយ​ក្រុម Monterrey ជា​ម្ចាស់​ជើងឯក​​ CONCACAF Champions League ឬ​ក្រុម Al Sadd ឬ​ក៏​ជាមួយ​ក្រុម Hienghene Sport។​

រហូត​មក​ដល់​ពេល​នេះ​ ប្រទេស ​កាតា ​បាន​បើក​សម្ពោធ​កីឡដ្ឋាន​ al-Janoub ដែល​ទើប​សាងសង់​ថ្មី​នៅ​ខែ​ឧសភា​ ព្រម​ទាំង​​កីឡដ្ឋាន​ Khalifa ​International ដែល​បាន​បើក​ដំណើរការ​ក្នុង​ឆ្នាំ ​១៩៧៦ ​និង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ​កាល​ពី​ឆ្នាំ ២០១៧​ បន្ទាប់​ពី​មាន​ការ​កែ​លម្អ​ពេញ​លេញ​រួច​រាល់​ហើយ​។

សហព័ន្ធ FIFA ​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «​ជាមួយ​នឹង​ទីលាន​ទាំង​ ៣ ដែល​មាន​ចម្ងាយ​អតិបរមា​ ១២ ​គីឡូម៉ែត្រ​ពី​ទីក្រុង​ដូហា​នោះ ព្រឹត្តិការណ៍​ FIFA Club World Cup 2019 នឹង​ផ្តល់​នូវ​ទស្សនីយភាព​​ពី​លក្ខណៈ​​របស់​​ប្រទេស​ ​កាតា ​​នៅ​មុន​ពេល​​មាន​ព្រឹត្តិការណ៍​ FIFA World Cup ២០២២»​។

សហព័ន្ធ ​FIFA បាន​បន្ថែម​ថា​៖ «​​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ ​នឹង​​ប្រព្រឹត្ត​​ទៅ​ក្នុង​ពេល​តែ​មួយ​នៃ​ឆ្នាំ​នេះ ​និង​​ជាមួយ​ការ​ប្រកួត​ដែល​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​ ១៧ ម៉ោង ​ក្នុង​ស្រុក (ម៉ោង ១៤:០០ GMT) ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​ក៏​នឹង​ផ្តល់​បទពិសោធ​ដល់​​ក្រុម ​និង​អ្នក​គាំទ្រ​ពី​​រដូវ​រងា​ល្មម​នៅ​​កាតា​​ផង​ដែរ​»​។

សីតុណ្ហភាព​ជា​មធ្យម​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​មាន​ចន្លោះ​ពី ១៥ ទៅ ២៤ អង្សាសេ ​(ពី ៥៩ ទៅ ៧៥ ហ្វារិនហៃ)។

លោក Hassan al-Thawadi អគ្គលេខាធិការ​គណៈកម្មាធិការ​ដឹក​ជញ្ជូន និង​កេរដំណែល​នៅ​ប្រទេស កាតា បាន​និយាយ​ក្រោយ​ពី​ការ​បើក​ដំណើរការ​កីឡដ្ឋាន​អាល់ហ្សានូប​ កាល​ពី​ខែ​ឧសភា ថា កីឡដ្ឋាន​ថ្មី ២ ទៀត ​នឹង​រួច​រាល់​នៅ​ចុង​ឆ្នាំ​នេះ​ (ឬ) នៅ​ត្រីមាស​ទី ១ ឆ្នាំ ២០២០​»​។

លោក Hassan al-Thawadi ​បាន​បន្ថែម​ថា​ កាល​បរិច្ឆេទ​ពិត​ប្រាកដ​នឹង​អាស្រ័យ​លើ​ការ​កំណត់​ពេលវេលា​នៃ​ព្រឹត្តិការណ៍​នេះ​ ដើម្បី​ចាប់​ផ្តើម​ដំណើរការ​កីឡដ្ឋាន​​ទាំង ២ ​នេះ​​។

អគ្គលេខាធិការ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «កីឡដ្ឋាន​​របស់​យើង​ទាំង​អស់​នឹង​រួច​រាល់​ជា​ស្ថាបពរ​នៅ​​ត្រឹម​ឆ្នាំ ​២០២១​ ​ជា​កំហិត​»៕ AFP/SN