ក្រុងឡុងដ៍៖ ក្រុម Liverpool បានបន្ថែមគម្លាតរបស់ខ្លួនដល់ ១១ ពិន្ទុ ដោយឈរនៅលើកំពូលតារាងក្របខ័ណ្ឌ Premier League ជាមួយជ័យជម្នះ ២-១ ទៅលើក្លិប Brighton ខណៈក្លិប Man City បាន ១ ពិន្ទុទៀត ក្រោយប្រកួតស្មើក្រុម Newcastle កាលពីរាត្រីថ្ងៃសៅរ៍។
ក្រុម Chelsea បានបាត់បង់ឱកាសទទួលបានពិន្ទុថែមទៀត ដើម្បីតាមពីក្រោយក្រុម Man City ដែលឈរនៅលេខ ២ បន្ទាប់ពី Liverpool ខណៈក្រុមរបស់លោក Frank Lampard ទទួលរងបរាជ័យក្នុងទឹកដីខ្លួន ១-០ ក្នុងការប្រកួតជាមួយក្រុម West Ham ខណៈជ័យជម្នះរបស់ក្រុម Spurs ក្រោមការដឹកនាំរបស់លោក Jose Mourinho បានមានបន្តទៀតនៅពេលកីឡាករ Dele Alli រកបាន ២ គ្រាប់ក្នុងជ័យជម្នះ ៣-២ ទៅលើក្រុម Bournemouth។
កីឡាករ Virgil van Dijk កំពុងសង្ឃឹមយកឈ្នះកីឡាករ Lionel Messi ក្នុងការទទួលបានពានរង្វាន់ស្បែកជើងមាស Ballon d''Or នៅថ្ងៃចន្ទនេះ ក្រោយពីរូបគេបានតែតបាល់បញ្ចូលទី ២ គ្រាប់ ដែលបញ្ចូនដោយកីឡាករ Trent Alexander-Arnold ដើម្បីជួយឲ្យក្រុម Liverpool នាំមុខគូប្រជែងខ្លួន ២-០ ក្នុងនាទី ២៥ នៅកីឡដ្ឋាន Anfield មុនពេលអ្នកចាំទី Alisson ទទួលបានកាតក្រហមនៅនាទី ៧៦ មុនពេលកីឡាករ Lewis Dunk រកបាន ១ គ្រាប់ សម្រាប់ក្រុមភ្ញៀវ Brighton។
ទោះយ៉ាងណា ក្រុមដែលនៅសល់គ្នា ១០ នាក់នេះ ទទួលបាន ៣ ពិន្ទុដ៏សំខាន់ ដើម្បីបន្តដំណើរឲ្យកាន់តែជិតបានលើកពានលីកជាលើកដំបូងក្នុង រយៈពេល ៣០ ឆ្នាំមកនេះ។
លោក Jurgen Klopp គ្រូបង្វឹកក្លិប Liverpool បាននិយាយពីរយៈពេលប្រកួតចុងក្រោយថា៖ «វាមិនចាំបាច់ទេ ប៉ុន្តែយើងមានឱកាសមិនគួរឲ្យជឿទាល់តែសោះ»។
គ្រូបង្វឹកក្លិប Liverpool រូបនេះបានបន្ថែមថា៖ «យើងមានកាតក្រហមសម្រាប់ Alisson ហើយ Adrian បានចូលជំនួសដោយសង្គ្រោះបាល់យ៉ាងល្អ ២ លើក។ ក្មេងៗបានប្រឹងប្រែងមែនទែនដោយសារពួកគេទាំងអស់គ្នាចង់ឈ្នះ»។
នៅពេលក្លិប Liverpool ទទួលបានជ័យជម្នះឆ្ពោះទៅមុខជាបន្តបន្ទាប់នោះ ក្លិប Man City បានរបូតពិន្ទុជាលើកដំបូងនៅរដូវកាលនេះដែលអាចនឹងបាត់បង់ខ្សែក្រវាត់របស់ខ្លួន ក្រោយពីពួកគេប្រកួតស្មើក្រុម Newcastle ក្នុងលទ្ធផល ២-២។
ក្រុមរបស់លោក Pep Guardiola បាននាំមុខ ១ គ្រាប់នៅនាទី ២២ ដែលរកបានដោយកីឡាករ Raheem Sterling មុនពេលកីឡាករ Jetro Willems ជួយឲ្យម្ចាស់ផ្ទះតាមស្មើវិញ ប៉ុន្តែកីឡាករ Kevin De Bruyne បានបន្ថែម ១ គ្រាប់ទៀត សម្រាប់ក្រុមភ្ញៀវ Man City ក្នុងនាទី ៨២ មុនពេលក្រុមម្ចាស់ផ្ទះរកបាន ១ គ្រាប់ទៀត ដែលជាគ្រាប់បាល់កីឡាករ Jonjo Shelvey នៅក្នុងនាទី ៨៨។
លោក Guardiola គ្រូបង្វឹកក្លិប Man City បាននិយាយថា៖ «យើងបានធ្វើការងារដូចអ្វីដែលយើងបានធ្វើកាលពីប៉ុន្មានរដូវកាលចុងក្រោយនេះ។ យើងបានព្យាយាមរកឲ្យបានពិន្ទុថែមទៀត ប៉ុន្តែវាមិនបានជោគជ័យសោះ»។
ស្របពេលនោះដែរ ក្លិប Tottenham បានឡើងទៅឈរនៅលេខ ៥ តាមពីក្រោយ ៦ ពិន្ទុ នៃក្រុម Chelsea ដែលឈរនៅលេខ ៤ មាន ២៦ ពិន្ទុ ក្រោយពីពួកគេបានឈ្នះក្រុម AFC Bournemouth ៣-២។
លោក Mourinho គ្រូបង្វឹកក្លិប Spurs បាននិយាយជុំវិញការរកបានគ្រាប់បាល់ ២ គ្រាប់ របស់កីឡាករ Alli ថា៖ «ខ្ញុំគិតថា គាត់លេងបានល្អក្នុងការប្រកួតជាច្រើនតាំងពីខ្ញុំបានមកដល់ទីនេះ»៕ AFP/SN