ក្រុងឡុងដ៍៖ កីឡាករ Sadio Mane និង Mohamed Salah បានធានាឲ្យក្លិប Liverpool បន្តរក្សាការចាប់ផ្ដើមល្អ ១០០ ភាគរយ សម្រាប់រដូវកាល Premier League ក្រោយពីបានយកឈ្នះក្រុម Newcastle ៣-១ នៅកីឡដ្ឋាន Anfield កាលពីថ្ងៃសៅរ៍ ប៉ុន្តែក្រុម Man City បានជួបការបរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត។
ក្រុមម្ចាស់ជើងឯកអឺរ៉ុប Liverpool មានប្រវត្តិចាប់ផ្តើមយឺត ក្នុងយុទ្ធនាការរបស់ខ្លួនក្រោមការដឹកនាំរបស់លោក JurgenKlopp ជាគ្រូបង្វឹកក្រុម ប៉ុន្តែសម្រាប់រដូវកាលថ្មីនេះ ពួកគេបានឃើញក្លិបមួយនេះ ហាក់ដូចជាបានចាប់ផ្ដើមដោយនាំមុខក្រុមផ្សេងទាំងអស់ ជាពិសេសក្រុម Man City ដែលជាដៃគូប្រជែងរបស់ខ្លួន។
បើទោះបីជា Jetro Willems បានជួយឲ្យក្រុម Newcastle នាំមុខមុន នៅត្រឹមនាទីទី ៧ ប៉ុន្តែខ្សែបម្រើប្រយុទ្ធ Mane វាយបកបាន ២ គ្រាប់ ក្នុងនាទីទី ២៨ និង ៤០ មុនពេលខ្សែប្រយុទ្ធ Salah បន្ថែម ១ គ្រាប់ទៀត ក្នុងនាទីទី ៧២ ធ្វើឲ្យក្រុម Liverpool ឈ្នះក្រុម Newcastle ៣-១។
ផ្ទុយពីនេះ ក្រុមម្ចាស់ជើងឯក Man City បានចាញ់ក្រុមចំណូលថ្មី Norwich City ៣-២ ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ហើយលទ្ធផលនេះបានធ្វើឲ្យ Man City មាន ១០ ពិន្ទុដដែល ជាមួយការឈ្នះ ៣ ស្មើ ១ និងចាញ់ ១ ប្រកួត ខណៈ Liverpool បន្តឈរនៅកំពូលតារាង មានរហូតដល់ ១៥ ពិន្ទុ គឺឈ្នះទាំង ៥ ប្រកួតជាប់គ្នា។
រីឯក្រុម Spurs បានលត់ក្រុម Crytal Palace ៤-១ ដើម្បីមាន ៨ ពិន្ទុ ស្មើ Man United ដែលបានយកឈ្នះក្រុម Leicerster City ១-០ កាលពីយប់ថ្ងៃសៅរ៍នោះដែរ។
Liverpool ធ្វើបានល្អតាំងពីប្រកួតបើកឆាកក្នុងទឹកដីខ្លួនឯង និងបានបន្តឈ្នះជាបន្តបន្ទាប់តាំងពីខែមីនាមក រហូតមានប្រវត្តិឈ្នះ ១៤ លើក ក្នុង Premier League ហើយ Liverpool នឹងចាប់ផ្ដើមយុទ្ធនាការការពារម្ចាស់ជើងឯកអឺរ៉ុបរបស់ខ្លួន ដោយត្រូវទៅប្រកួតក្រៅទឹកដីជាមួយ Napoli នៅថ្ងៃអង្គារស្អែកនេះ៕ AFP/SN