ក្រុងឡុងដ៍: ក្រុម Liverpool បានរក្សាការដេញតាមពីក្រោយក្រុមកំពុងនាំមុខ Manchester City យ៉ាងប្រកៀក ក្រោយពីគ្រាប់បាល់ឈ្នះដ៏ចម្លែកនៅជិតបញ្ចប់ការប្រកួតពេលជួបក្រុម Everton ខណៈដែល Arsenal បានបង្ហាញពីភាពខ្លាំងនៅតំបន់ប្រយុទ្ធរបស់ខ្លួន ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែ ១ នៃក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ។
ក្រុមមិនស្គាល់ចាញ់របស់លោក Jurgen Klopp ហាក់ដូចជាត្រូវបាត់បង់ពិន្ទុដ៏សំខាន់ក្នុងការប្រជែងឲ្យតាមទាន់ក្រុម Man City ទៅហើយ ប៉ុន្តែ ពួកគេបានរកគ្រាប់បាល់ពីការប្រព្រឹត្តកំហុសដ៏ចម្លែកពីសំណាក់អ្នកចាំទី Jordan Pickford របស់ក្រុម Everton ដើម្បីឈ្នះក្នុងលទ្ធផល ១-០ និងបន្តបង្ហាញពីភាពខ្លាំងរបស់ខ្លួននៅកីឡដ្ឋាន Anfield ពេលជួបគូប្រជែងស្ថិតក្នុងទីក្រុងតែមួយ។
ក្រុម Arsenal របស់លោក Unai Emery បច្ចុប្បន្នមិនស្គាល់ចាញ់សោះចំនួន ១៩ ប្រកួត ក្នុងរាល់យុទ្ធនាការទាំងអស់ ក្រោយពីបានយកឈ្នះដ៏រំភើបក្នុងលទ្ធផល ៤-២ លើក្រុម Tottenham នាកីឡដ្ឋាន Emirates ដើម្បីឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ ៤ ពីលើ គូប្រជែងក្នុងតំបន់តែមួយរបស់ខ្លួន Spurs ដោយសារតែមានគ្រាប់បាល់ច្រើនជាង។
Chelsea បានស្តារមុខមាត់ពីការចាញ់ទាំងខកចិត្តជាលើកទី ១ របស់ពួកគេក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ក្រោមស្នាដៃក្រុម Spurs កាលពីសប្តាហ៍មុន តាមរយៈការផ្តួលក្រុម Fulham ២-០ ដើម្បីឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ ៣។
Liverpool បានចាប់ផ្តើមការប្រកួតជាមួយនឹងក្រុមស្ថិតក្នុងតំបន់ Merseyside តែ ១ ដោយមានការប្តេជ្ញាចិត្តក្នុងការដណ្តើមយកមុខមាត់មកវិញ ក្រោយពីការចាញ់កាលពីពាក់កណ្តាលសប្តាហ៍មុន ក្រោមស្នាដៃក្រុម Paris Saint-Germain បានធ្វើឲ្យក្តីសង្ឃឹមរបស់ពួកគេក្នុង Champions League ស្ថិតក្នុងភាពមិនច្បាស់។
ក្រុមទាំង ២ សុទ្ធសឹងបង្កើតបានឱកាសរៀងៗខ្លួនក្នុងការប្រកួតដ៏រំភើបមួយ ប៉ុន្តែ ការប្រកួតនេះ ហាក់ដូចជាត្រូវបញ្ចប់ក្នុងលទ្ធផលស្មើទៅហើយ ស្របពេលនៅសល់រយៈពេលត្រឹមតែប៉ុន្មានវិនាទីទៀតប៉ុណ្ណោះ។ ប៉ុន្តែ អ្នកចាំទីអង់គ្លេស Pickford បានធ្វើឲ្យមានកំហុស ដែលនាំឲ្យមានគ្រាប់បាល់កាត់សេចក្តីតែម្តង៕
កម្មវិធីប្រកួតនៅរាត្រីនេះ
ក្របខ័ណ្ឌអង់គ្លេស Premier League
Bournemouth v Huddersfield - 2:45 ទៀបភ្លឺ
Brighton v Crystal Palace - 2:45 ទៀបភ្លឺ
West Ham v Cardiff - 2:45 ទៀបភ្លឺ
Watford v Man City - 3 ទៀបភ្លឺ
ក្របខ័ណ្ឌបារាំង Ligue 1
Amiens v Monaco -1 អាធ្រាត្រ
Nice v Angers - 1 អាធ្រាត្រ
Montpellier v Lille - 3 ទៀបភ្លឺ